ក្រុងកូឡុំបូ៖ សត្វឆ្មាមួយក្បាលដែលត្រូវបានឃុំខ្លួននៅពន្ធនាគារធំនៃប្រទេសស្រីលង្កា ព្រោះតែវាត្រូវបានគេចាប់បានលួចនាំកញ្ចប់គ្រឿងញៀន និងស៊ីមកាតទូរស័ព្ទចូលបរិវេណគុកនោះ ទីបំផុតបានលួចរត់បាត់ហើយ។ នេះបើយោងតាមរបាយការណ៍មន្ត្រីពីដើមសប្ដាហ៍។
កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ សត្វឆ្មាត្រូវបានប្រព័ន្ធសុវត្ថិភាពឆ្លាតវៃបំពាក់ក្នុងគុក ចាប់បានពីសារធាតុដែលវានាំយកមកជាមួយ។
មន្ត្រីពន្ធនាគារ Welikada បានឲ្យដឹងថា ឆ្មានេះត្រូវបានភ្ជាប់មកជាមួយនូវកូនថង់ប្លាស្ទិកមានផ្ទុកសារធាតុហេរ៉ូអ៊ីន ២ ក្រាម ស៊ីមកាត ចំនួន ២ និង Memory ឈីប ចងភ្ជាប់នឹងករបស់វា។
ប៉ុន្តែកាលពីថ្ងៃអាទិត្យ វាបានលួចរត់ពីបន្ទប់ក្នុងគុក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Aruna។
យ៉ាងណាមិញ មិនមានព័ត៌មានបន្ថែមពីអជ្ញាធរពន្ធនាគារ ថាតើពួកគេនឹងតាមចាប់សត្វឆ្មានោះមកវិញ ឬយ៉ាងណាឡើយ។
គួរឲ្យកត់សម្គាល់ផងដែរថា នៅពន្ធនាគារដដែលនេះមានករណីគប់កញ្ចប់ថ្នាំ ទូរស័ព្ទ និងឆ្នាំងសាក ផ្លោះជញ្ជាំងគុកជាហូរហែ។
ប្រទេសស្រីលង្កា កំពុងតែប្រឈមនឹងបញ្ហាគ្រឿងញៀន ហើយកាលពីសប្ដាហ៍មុន ប៉ូលិសទើបតែអឹបអូសបានសត្វឥន្ទ្រីដ៏ជំនាញ ដែលត្រូវបានប្រើប្រាស់ក្នុងការរត់ពន្ធគ្រឿងញៀន និងចែកចាយសារធាតុនីកូទីននៅជាយក្រុងកូឡុំបូ៕ AFP