ខេត្ត​​ស្វាយរៀង៖​ ផ្ទុះ​នូវ​ការ​​គាំទ្រ​ជាវ​យ៉ាង​គំហុក​ពី​ភ្ញៀវ​ក្រៅ​ប្រទេស​ ទើប​តែ​មាន​នៅ​ក្នុង​​រយៈកាល​ ២ ឆ្នាំ​ចុង​​ក្រោយ​​នេះ​តែ​ប៉ុណ្ណោះ សហគមន៍​សិប្បកម្ម​មួយ​មាន​ឈ្មោះ​ថា «Kadeaux ​Khmer» ដែល​​​​​​ផ្តួច​ផ្តើម​គំនិត​ ដោយ​​បុរស​​ជា​អាណិកជន​ខ្មែរ​-បារាំង​​ម្នាក់​តាំង​ពី​ឆ្នាំ ​២០១១ មក​ ខណៈ​​ដំបូង​ឡើយ​​មិន​សម្បូរ​អ្នក​ជាវ ឬ​ចាប់​អារម្មណ៍​ទៅ​លើ​គ្រឿង​​សិប្បកម្ម​របស់​បង​ប្អូន​ខ្មែរ​ ស្ថិត​នៅ​​ក្នុង​ភូមិ​ចំបក់​កោង ឃុំ​តាសួស ស្រុក​ស្វាយជ្រុំ​ ខេត្ត​​ស្វាយរៀង​ នេះ​ឡើយ​។​​​

លោក ពៅ វណ្ណៈ ជា​ជន​ពិការ​ជើង​ស្តាំ​ ដោយសារ​តែ​ជំងឺ​ស្វិត​ដៃ​​ជើង​​ពី​កំណើត វ័យ​ ៤៧ ឆ្នាំ ជា​​​អនុ​ប្រធាន​សហគមន៍​ ដែល​បាន​​ប្រកប​​ការងារ​សិប្បកម្ម​ផលិត​​វត្ថុ​អនុស្សាវរីយ៍ និង​គ្រឿង​ប្រើប្រាស់​នានា​ ដែល​ច្នៃ​ពី​​ស្មៅ​ចចូត ត្នោត និង​ឫស្សី​នោះ​ បាន​​ឲ្យ​ដឹង​ថា៖ «បច្ចុប្បន្ន​​សហគមន៍​«Kadeaux ​Khmer» មាន​​​​សមាជិក​ ១៥ គ្រួសារ (ស្មើ ១៥ នាក់) ​ក្នុង​​ចង្វាក់​​ផលិតកម្ម​​​ផលិត​គ្រឿង ឬ​វត្ថុ​អនុស្សាវរីយ៍​នានា​ សម្រាប់​ភ្ញៀវ​​តាម​ការ​កុម្ម៉ង់ ហើយ​​សមាជិក​ទាំង​នោះ គឺ​ជា​​ស្រ្តី​មេម៉ាយ និង​ស្រ្តី​ចាស់ៗ​​ ព្រម​ទាំង​ជន​​ពិការ​។​

ក្រុម​សិប្បកម្ម​ស្ត្រី ​និង​ជា​​ជន-​ពិការ ដែល​មាន​ទីតាំង​នៅ ​ភូមិ​ចំបក់​កោង ឃុំ​តាសួស ស្រុក​ស្វាយ​​ជ្រំ ខេត្ត​ស្វាយរៀង បាន​​ច្នៃ​ចេញ​ជា​របស់​ប្រើប្រាស់​នេះ​មាន​​ដូច​ជា មួក ​កាបូប​ កាតាប​ ស្មុគ​ធំ​ កន្ទេល​ កន្រ្តក​យួរ​ ឬ​ជា​ប្រអប់​​ផ្សេងៗ ដែល​ធ្វើ​ដោយ​ដៃ​​ផ្ទាល់ ខណៈ​​វត្ថុ​ធាតុ​ដើម​​មាន ​៣ ប្រភេទ ​គឺ​ស្មៅ​ចចូត ត្នោត និង​ដើម​ឫស្សី​ថ្ង។

ពល​រដ្ឋ​សហ​គមន៍​សិប្បកម្ម​ផលិត​វត្ថុ​អនុស្សាវរីយ៍​នៅ​ភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​​។ រូបថត ហ្វេសប៊ុក​

ដោយ​ឡែក​សម្រាប់​គ្រឿង ឬ​វត្ថុ​អនុស្សាវរីយ៍​ ​​​ច្នៃ​​ដោយ​ដៃ​​​នៅ​​សហគមន៍​ឈ្មោះ​ ​«Kadeaux ​Khmer» ស្ថិត​នៅ​ភូមិ​​ចំបក់​កោង ឃុំតាសួស ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយរៀង​ នោះ​វិញ ​គឺ​អាច​​កុម្ម៉ង់​បាន​តាម​តម្រូវ​ការ​ ខ្នាត​ និង​តាម​ចំណូល​ចិត្ត​នៃ​ជម្រើស​វត្ថុ​ធាតុ​ដើម​ទាំង​ ៣​ បាន​ ខណៈ​ផលិតផល​សិប្បកម្ម​​ទាំង​នេះ​​កំពុង​តែ​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​គាំទ្រ​ពី​ភ្ញៀវ​​នៅ​ក្រៅ​ប្រទេស​ មាន​​ដូច​ជា​​ប្រទេស​ ​បារាំង អាល្លឺម៉ង់ ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន និង​អូស្រ្តាលី ជា​ដើម​។

លោក ពៅ វណ្ណៈ ដែល​ជា​ជន​ពិការ​ជើង​ស្តាំ និង​មាន​ជំនាញ​ត្បាញ​ និង​ចាក់​គ្រឿង​សិប្បកម្ម​​​​​ ដែល​បាន​រៀន​ចេះ​​ត​ពី​ជី​​ដូន​មក​ក្នុង​​ចំណោម​​សមាជិក​​ទាំង​ ១៥ ​រូប ដែល​មាន​ស្រ្តី​ ​១៤ រូប​នោះ​ បាន​ឲ្យ​ដឹង​ពី​តម្លៃ​នៃ​​ផលិតផល​សិប្បកម្ម​ផលិត​​ដោយ​​ដៃ​​សហគមន៍​លោក​​ថា៖ «​ចំពោះ​គ្រឿង​ច្នៃ​ពី​ចចូត​អាច​មាន​​តម្លៃ​ចន្លោះ​​ពី​ ១ ដុល្លារ ដល់ ២០ ដុល្លារ ខណៈ​គ្រឿង​ច្នៃ​​ពី​ធាង​ត្នោត​វិញ​មាន​​ចន្លោះ​ពី ​២ ដុល្លារ​ ដល់ ៥ ដុល្លារ ហើយ​​គ្រឿង​ច្នៃ​ពី​ឫស្សី​ថ្ង​នៅ​សហគមន៍​យើង​នោះ មាន​តម្លៃ​ចន្លោះ​ពី​ ៨០០ រៀល ទៅ​ដល់​ ៥ ដុល្លារ​»​។​

ទន្ទឹម​នឹង​ការ​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​គាំទ្រ​ជាវ​ពី​ភ្ញៀវ​នៅ​​​ក្រៅ​ប្រទេស​យ៉ាង​គគ្រឹក​គគ្រេង​ នា​​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ រហូត​អស់​ពី​ស្តុក​នៃ​ការ​​ផលិត​ទុក​កន្លង​មក​នោះ​ក្តី​ ក៏​សហគមន៍​សិប្បកម្ម​របស់​លោក ពៅ វណ្ណៈ នៅ​ជួប​បញ្ហា​ធំ​​​មួយ​​ ដែល​អាច​រាំង​ស្ទះ​ដល់​​ចង្វាក់​​ផលិតកម្ម​សិប្បកម្ម​នេះ ​គឺ​​បញ្ហា​មិន​ទាន់​មាន​បណ្តាញ​ចរន្ត​អគ្គិសនី​របស់​រដ្ឋ​​ទៅ​ដល់​ទេ​​ ដោយ​​បច្ចុប្បន្ន​ ប្រើ​ដៃ​សុទ្ធសាធ​​​ក្នុង​ចង្វាក់​​​សិប្បកម្ម​ ជា​ហេតុ​នាំ​មាន​ការ​ចំណាយ​ពេល​យូរ​​ចំពោះ​​ការ​ច្នៃ​ប្រឌិត ដែល​ត្រូវ​​ការ​​​គ្រឿង​​​ពី​វត្ថុ​រឹង​មាន​ដូចជា​​​​ធាង​ត្នោត និង​ឫស្សី​ជា​ដើម​។

លោក ពៅ វណ្ណៈ លើក​ឡើង​ថា៖ «យើង​ធ្លាប់​ស្នើ​ឲ្យ​ត​ភ្លើង​ដែរ តែ​​គេ​តប​ថា សហគមន៍​យើង​មាន​តិច​គ្រួសារ​»៕​