ភ្នំពេញ៖ សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) បានរៀបចំកម្មវិធី «ទីកក់ក្តៅ» ដើម្បីបង្ហាញនូវក្តីស្រឡាញ់ក្នុងឱកាសអបអរ ទិវាសិទ្ធិមនុស្សអន្តរជាតិ និងមានវត្តមានក្រុមគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា នៅថ្ងៃទី ៧ ខែធ្នូ ខាងមុខនេះ ដោយចាប់ផ្តើមពីម៉ោង ៣ រសៀល ដល់ម៉ោង ៦ ល្ងាច ស្ថិតនៅ Futures Factory។
សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមានប្រមាណ ២០០ នាក់ ដែលក្នុងនោះមានគ្រួសារឥន្ទធនូ ៦០ ដៃគូ រួមទាំងសមាជិកនៃក្រុមគ្រួសារដែលមកពី ១៦ បណ្តាខេត្ត/ក្រុង។
កញ្ញា ហេង ជ័យលាភី ជាអ្នកគ្រប់គ្រងកម្មវិធីនៃសហគមន៍ឥន្ទធនូ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងបានធ្វើកម្មវិធីជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងឆ្នាំ ២០១៩ នេះ យើងបានជ្រើសរើសយកប្រធានបទ «ទីកក់ក្តៅ» មានន័យអំពីប្រជាពលរដ្ឋមាននិន្នាការភេទ ចង់បង្ហាញពីយេនឌ័រ ដែលអាចបង្ហាញនូវទេពកោសល្យ ការរួមចំណែករបស់ខ្លួននៅក្នុងជីវិតប្រចាំថ្ងៃ ក្នុងស្មារតីគោរព ស្រឡាញ់ និងរួបរួមសាមគ្គីគ្នា»។
ដើម្បីឲ្យកាន់តែមានភាពសប្បាយក្នុងការប្រារព្ធកម្មវិធី «ទីកក់ក្តៅ» ក៏មានការចូលរួមពីតារាចម្រៀងសម័យល្បីឈ្មោះកញ្ញា ចំរើន សុភ័ក្រ ក្រុមច្នៃសម្លៀកបំពាក់ពីសំរាម La Chhouk ក្រុមរបាំសហសម័យរបស់ ឱក ព្រហ្មសុដន្ត្រៈ និងក្រុមនាដ្យរស តារាចម្រៀង ស៊ីណូរ៉ា រ័ត្នន៍ មានការច្រៀងចម្រៀងនិពន្ធថ្មីអំពីក្តីស្រឡាញ់ចម្រុះ និងការចូលរួមសម្តែងសិល្បៈដោយក្រុមគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា អមជាមួយការដាក់តាំងពិព័រណ៍រូបភាពផ្តោតលើប្រធានបទទីកក់ក្តៅផងដែរ។
ជាសមាជិក ១ រូប ក្នុងសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ទុយ រស្មី ជាអ្នកស្រឡាញ់ភេទដូចគ្នា ធ្លាប់ត្រូវបានឪពុកម្តាយហាមឃាត់ ដោយសារពួកគាត់មិនចង់អោយកូនស្រីស្រឡាញ់ភេទដូចគ្នា បារម្ភខ្លាចមិនមានកូនចៅ និងការប្រឈមបញ្ហារើសអើង។
រស្មី ដែលធ្លាប់បែកបាក់ចំណងគូស្នេហ៍ម្ដងរួចមកហើយនោះ បានឲ្យដឹងទៀតថា៖ «ឯគ្រួសារក្រោយរបស់ខ្ញុំទាក់ទងគ្នារយៈពេល ៥ ឆ្នាំ ទើបឪពុកម្តាយទាំងសងខាងយល់ស្រប មកដល់សព្វថ្ងៃយើងក្លាយជាប្តីប្រពន្ធពេញសិទ្ធិដែលមានការរៀបចំពីសហគមន៍ឥន្ទធនូកម្ពុជា បាន ២ ឆ្នាំមកហើយ ហើយយើងក៏កំពុងមានគម្រោងយកកូនដែរ»។
កម្មវិធីនេះក៏ជាសារបង្ហាញដល់មហាជនថា អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជាមនុស្សមិនគួរត្រូវបានរើសអើង និងអាចកសាងជីវិតដូចជនទូទៅដែរ។
អ្នកគ្រប់គ្រងកម្មវិធីនៃសហគមន៍ឥន្ទធនូ (រ៉ក់) កញ្ញា ហេង ជយលាភី បានបន្តដូច្នេះទៀតថា៖ «សង្ឃឹមថាប្រជាជននឹងយល់ដឹងកាន់តែច្រើនពីបញ្ហានេះ ក៏សង្ឃឹមការរៀបរៀងតាក់តែងច្បាប់ និងវិសោធនកម្មច្បាប់ នឹងកើតមានក្នុងពេលអនាគតដ៏ឆាប់ៗនេះ»៕