ព្រះវិហារ៖ ទ្រាំងជារុក្ខជាតិដែលសម្បូរលូតលាស់នៅទឹកដីខេត្តព្រះវិហារ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិស្រុកឆែប បានច្នៃវាចេញជាសម្ភារប្រើប្រាស់ និងរបស់តាំងលម្អ។ ការកែច្នៃនេះបានក្លាយជាមុខរបរប្រពៃណីមួយបន្ទាប់ពីមុខរបរស្នូលគឺការធ្វើស្រែចម្ការរបស់ពួកគាត់។
ដោយមើលឃើញពីសក្តានុពលរបស់ដើមទ្រាំង និងប្រជាជនក្នុងស្រុកឆែបមានចំណេះជំនាញក្នុងការកែច្នៃផលិតផលទ្រាំងស្រាប់ អង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធអនុផលព្រៃឈើបានធ្វើជំនួបពិភាក្សាជាមួយប្រជាសហគមន៍ និងបង្កើតចេញជាសហគ្រាស។
លោក ម៉េន សុខហេង មន្ត្រីអភិវឌ្ឍន៍សហគ្រាសសហគមន៍របស់អង្គការបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ឆ្នាំ ២០១៨ សហគ្រាសចាប់ផ្ដើមមានរចនាសម្ព័ន្ធត្រឹមត្រូវ។ ពេលនេះយើងមានសិប្បករចំនួន ៥ ក្រុមដោយ ១ ក្រុមមានចាប់ពី ៥ នាក់ទៅ ១០ នាក់ជាង»។
លោកបានបន្តថាបច្ចុប្បន្នសមាជិកមានវ័យចាប់ពី ៣៥ឆ្នាំ ទៅ ៧០ ឆ្នាំ ប៉ុន្តែភាគច្រើនគឺលើសពី ៥០ ឆ្នាំ។
លោក សុខហេង បញ្ជាក់ទៀតថា៖ «តាមពិតយើងមិនគិតថាចាប់យកក្រុមគោលដៅតែមនុស្សចាស់ទេ ប៉ុន្តែជាក់ស្ដែងដោយសារតែអ៊ំពូចាស់ៗគាត់មានជំនាញស្រាប់ ហើយគាត់ក៏មិនអាចទៅណាឆ្ងាយប្រកបរបរអ្វីទៀតបាន ដូចនេះវាជាមុខរបរបន្ថែមពីស្រែចម្ការពេលគាត់ទំនេរ។ មួយវិញទៀតគឺក្មេងៗមិនទាន់មានអ្នកចេះ»។
មន្ត្រីវ័យ ៣៣ ឆ្នាំរូបនេះបានឱ្យដឹងដែរថាដំបូងសិប្បករច្នៃសម្ភារមានតែមួយចំនួនតូចប៉ុណ្ណោះ ដូចជាការបិតចង្កឹះ និងត្បាញចេញជាកន្ត្រក ឬកន្ទេលធ្វើទុកតែសម្រាប់ប្រើប្រាស់ខ្លួនឯងតែពេលនេះគាត់អាចធ្វើ ដើម្បីលក់រកប្រាក់ចំណូលក្រោយពីអង្គការបានចាប់ដៃគូជួយកសាងសមត្ថភាពពួកគាត់។
លោកថាទី ១ អង្គការបានបង្កើតក្រុមឱ្យមានការទទួលស្គាល់ពីអាជ្ញាធរ។ ទី២ បង្កើតរចនាសម្ព័ន្ធឱ្យមានសមាជិក និងមានគណៈកម្មការ។ អង្គការថែមទាំងបានបង្រៀនពីបច្ចេកទេសកែច្នៃផលិតផលចេញពីទ្រាំងដោយផ្ដល់ជាវគ្គបណ្ដុះបណ្ដាលបង្រៀនការទុកឯកសារបញ្ជីស្នាមភាពជាសហគ្រិន និងការដឹកនាំ រួមទាំងការគ្រប់គ្រងលុយរបស់ក្រុមពួកគាត់។
មកដល់ពេលនេះប្រជាជនបានយល់ដឹងច្រើនណាស់ទាំងការផលិតជាសម្ភារប្លែកៗ និងទៅលើបច្ចេកទេសក្នុងការកាត់ធនធានទ្រាំងក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅភូមិរបស់គាត់មិនឱ្យប៉ះពាល់ដល់ការលូតលាស់ ឬនិរន្តរភាពរបស់ទ្រាំង។
លោក សុខហេង ឱ្យដឹងថា៖ «ទ្រាំងមាន ៣ ប្រភេទតែទ្រាំងដែលយកមកប្រើប្រាស់គឺមានតែទ្រាំងស្នែងក្របី និងទ្រាំងឈាមមាន់ ហើយក្នុង ១ ដើមគាត់កាត់តែធាងណាដែលគ្រប់អាយុដូចជា ៣០ ឆ្នាំប៉ុណ្ណោះ។ វាមិនបង្កគ្រោះភ័យអ្វីទេ»។
មន្ត្រីអភិវឌ្ឍន៍សហគ្រាសសហគមន៍រូបនេះរៀបរាប់ថា៖ «សម្ភារប្រើប្រាស់មាន ចង្កឹះ វែកបាយ វែកឆា វែកកូរ ស្លាបព្រាសម ឈើច្រត់ និងដាវដែលជារបស់តាំងលម្អ។ វាមានតម្លៃចន្លោះពី ៣០០០ រៀល ដល់ ១៥០០០ រៀល»។
កន្លងមកអតិថិជនមានអ្នកភូមិហាងលក់បាយកន្លែងលក់គ្រឿងសង្ហារិម ហើយក្រៅពីនេះខាងអង្គការបានភ្ជាប់សិប្បករទៅផ្សារចុងសប្ដាហ៍របស់មន្ទីរកសិកម្មបើក ២ ថ្ងៃគឺសុក្រ និងសៅរ៍។
ផលិតផលសហគមន៍មានទាំងសម្ភារកែច្នៃ ទិន្នផលបន្លែត្រីសាច់ផ្សេងៗ ប៉ុន្តែដោយសារកូវីដផ្សារត្រូវបានផ្អាក ដូចនេះផលិតផលទ្រាំងមានតែការកុម្ម៉ង់តាមអនឡាញទេដែលដំណើរការបានសមគួរ។
លោកបានរៀបរាប់ពីគុណប្រយោជន៍សម្រាប់អ្នកដែលជ្រើសរើសប្រើប្រាស់សម្ភារទ្រាំងដូច្នេះថា៖ «យើងបានផលិតផល ដែលទាំងជាធម្មជាតិ និងសរីរាង្គ។ វាជាផលិតផលកម្រ ហើយប្រើបានយូរអង្វែង កាន់តែប្រើវាកាន់តែរលើបរលោង ចំពោះវែកវិញមិនក្តៅ ឬរលាយដូចវែកជ័រ និងវែកដែកទេ»។
លោកបានលើកគុណប្រយោជន៍ទៀតថា៖ «យើងក៏នឹងបានជួយលើកកម្ពស់កម្រិតជីវភាពប្រជាជននៅតំបន់ដាច់ស្រយាល និងរក្សាមុខរបរប្រពៃណីពីបុរាណ។ ហើយក៏បានរួមចំណែកការពារធនធានព្រៃឈើមិនមែនត្រឹមតែទ្រាំងទេ ពីព្រោះតាមគោលការណ៍អង្គការ ៥% នៃប្រាក់ចំណេញប្រចាំឆ្នាំរបស់សិប្បករនឹងជូនទៅសហគមន៍ព្រៃឈើដែលគាំទ្រក្រុមល្បាតព្រៃ»។
ប៉ុន្តែលោក សុខហេង ប្រាប់ថាបច្ចុប្បន្នសហគ្រាសក៏មានចំណុចខ្វះខាត និងបញ្ហាប្រឈមដែរ គឺអ្នកផលិតភាគច្រើនចាស់ៗ អង្គការមានការព្រួយបារម្ភខ្លាចមិនមានអ្នកបន្តវេនមុខរបរប្រពៃណីនេះដោយទ្រាំងក៏ជាផលិតផលសម្គាល់ភូមិសាស្ត្រក្នុងស្រុកឆែបផងដែរ។
ចំណុចបន្ទាប់គឺការផលិតដោយដៃរបស់ពួកគាត់ទាំងស្រុងក៏ជាកត្តាធ្វើឱ្យចង្វាក់ផលិតកម្មយឺតយ៉ាវ។ មួយទៀតនោះគឺការកាប់រានដីឈូសឆាយអនាធិបតេយ្យមួយចំនួនដែលបំផ្លិចបំផ្លាញទាំងព្រៃឈើ និងធនធានទ្រាំង។
លោក សុខហេង បានប្រាប់ថា៖ «ដូច្នេះហើយបានយើងព្យាយាមផ្សព្វផ្សាយឱ្យយុវជនជំនាន់ក្រោយចូលរួម ព្រោះចាស់ៗគាត់កម្លាំងរាងខ្សោយ ភ្នែកគាត់ក៏មើលមិនសូវច្បាស់ ផលិតទៅមិនសូវលឿនរហ័ស»។
មន្ត្រីអភិវឌ្ឍន៍សហគ្រាសសហគមន៍បានបន្តទៀតថា៖ «យើងគិតថាប្រសិនបើមានថវិកា ឬជំនួយពីអង្គការណាបន្ថែមទាក់ទងនឹងឧបករណ៍ជាផលិតផលពាក់កណ្ដាលសម្រេចក៏បាន ដើម្បីជួយសម្រាលការងារគាត់ និងបំពេញតម្រូវការទីផ្សារឱ្យបានទាន់»។
លោកក៏បានផ្សារភ្ជាប់ទៅនឹងគម្រោងអនាគតរបស់អង្គការចំពោះសិប្បករថា អង្គការចង់ពង្រីកផលិតកម្មចង់ពង្រឹងសមត្ថភាពគាត់ទាក់ទងនឹងចំណេះដឹងទីផ្សារជាពិសេសភាពជាសហគ្រិន ដើម្បីឱ្យគាត់ចេះរកស៊ី ចេះសហការគ្នាដើម្បីធ្វើជំនួញឱ្យជោគជ័យ។
លោក សុខហេង បានប្រាប់ថា៖ «យើងមិនរំពឹងថាអង្គការនឹងនៅជាមួយគាត់យូរទេ។ យើងចង់ឃើញបើយើងបញ្ចប់គម្រោងសហគមន៍អាចក្រោកឈរដោយខ្លួនឯងបាន នៅតែអាចដំណើរការ និងរកប្រាក់ចំណូលជួយសមាជិកគ្រប់គ្នាបាន»។
លោកក៏អំពាវនាវដែរថា៖ «ចុងក្រោយខ្ញុំក៏ចង់ឱ្យបងប្អូនខ្មែរយើងគួរយកចិត្តទុកដាក់លើធនធានទ្រាំង ព្រោះវាជាធនធានកម្រ និងមានប្រយោជន៍ច្រើនណាស់ទាំងធាង ស្លឹកនិងខ្លឹមរបស់វាសុទ្ធតែអាចច្នៃចេញជាសម្ភារបានទាំងអស់»។
ក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែបអាចទំនាក់ទំនងបានតាមទំព័រហ្វេសប៊ុក @TraingProcessing៕