
ប្រភេទ និងទីតាំងនៃការសាក់យ័ន្តខ្មែរ មិនត្រូវបានកុម្ម៉ង់តាមចំណង់ចំណូលចិត្តឡើយ។ រូបថត FKS
ក្រុងសៀមរាប៖ ដោយមានគោលដៅសំខាន់បំផុតចង់ថែរក្សា និងផ្សព្វផ្សាយនូវសិល្បៈវប្បធម៌ ដែលជាកេរមរតកដ៏យូរលង់ខ្មែរពីបរមបុរាណមក ប្រកាន់ខ្ជាប់នូវក្បួនខ្នាតបុរាណ កុំឲ្យបាត់បង់ និងចង់លើកស្ទួយឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌនៃវប្បធម៌ជាតិនោះ ទើបក្រុមអាចារ្យចេះសាក់យ័ន្តខ្មែរ បានបង្កើតជាសហព័ន្ធខ្មែរសាក់យ័ន្តឡើងនៅឆ្នាំ ២០១៤។
បើតាមលោក សាយ ទេវិន្ទ (SAY TEVINT) ជាប្រធានសហព័ន្ធខ្មែរសាក់យ័ន្ត (Federation Khmer Sakyant) បង្ហើបថា៖ «តាមពិតទៅ ការផ្តួចផ្តើម និងស្នើសុំរៀបចំសហសព័ន្ធខ្មែរសាក់យ័ន្តនេះ មានតាំងពីឆ្នាំ ២០១២-២០១៣ មក តែសំណើបរាជ័យដោយសារគេមិនអនុញ្ញាត។ លុះឆ្នាំ ២០១៤ ទើបយើងសម្រេចចិត្តប្រមែប្រមូលក្រុមគ្រូសាក់យ័ន្តខ្មែរនៅទីនានាក្នុងខេត្តសៀមរាប ចាប់ផ្តើមធ្វើកិច្ចការផ្សព្វផ្សាយនេះមក។ បច្ចុប្បន្ននេះ សហព័ន្ធខ្មែរសាក់យ័ន្តមានជាង ១០ អាស្រម (សមាជិក/សាខា) ដោយនៅទីក្រុងភ្នំពេញមាន ៤ អាស្រម និងខេត្តសៀមរាប មាន ៧-៨ អាស្រម ដែលកំពុងតែបានបន្តជំនាញសាក់យ័ន្តខ្មែរបែបបុរាណមួយនេះ ទោះបីជាបានជួបនូវភាពខកបំណង មិនសូវទទួលបានការឲ្យតម្លៃក្នុងសង្គមយ៉ាងណាក្តី»។

គ្រូអាចារ្យធ្វើពិធីប្រសិទ្ធី នៅមុនពេលត្រូវចាក់សាក់យ័ន្តខ្មែរបុរាណ។ រូបថត FKS
ប្រធានសហព័ន្ធខ្មែរសាក់យ័ន្តបន្តថា៖ «តាំងពីបង្កើតសហព័ន្ធនៅឆ្នាំ ២០១៤ មក សិល្បៈសាក់យ័ន្តខ្មែរបុរាណមួយនេះ ក៏ចាប់ផ្តើមមានការពេញនិយមបណ្តើរៗ ជាពិសេសនោះ មានការគាំទ្រ និងឲ្យតម្លៃខ្លាំងពីជនបរទេស ខណៈខ្មែរយើងមានចំនួនតិចជាង។ ចំពោះសិល្បៈនេះ មានការយល់ឃើញខុសគ្នារវាងជនបរទេស និងពលរដ្ឋខ្មែរ។ បរទេសគេឲ្យតម្លៃ និងជឿថា វាជាទម្រង់សិល្បៈបុរាណពិតៗ និងជានិមិត្តរូបមួយ នាំឲ្យពួកគេមានក្តីសុខ សន្តិភាពផ្លូវអារម្មណ៍។ ចំណែកឯខ្មែរយើងវិញយល់ថា ជាអបិយជំនឿ ហើយគេជឿថា អាចជួយឲ្យពួកគាត់ទទួលបានសេចក្តីសុខចៀសផុតគ្រោះចង្រៃ និងមានលាភមានជ័យក្នុងរបររកស៊ីទៀតផង។ ជាមធ្យម នៅអាស្រមនានានៅក្នុងខេត្តសៀមរាបអាចមានអ្នកសាក់យ័ន្តទាំងបរទេស និងខ្មែរ ចំនួនប្រមាណ ៣០ នាក់ នៅក្នុង ១ ខែ»។
ដោយឡែកការសាក់យ័ន្តខ្មែរនេះ ក៏ទាមទារឲ្យអ្នកចង់សាក់ ត្រូវតែធ្វើតាមក្បួនទំនៀមទម្លាប់ពីបរមបុរាណមក ដោយតម្រូវឲ្យទិញផ្លែឈើ ៧ មុខ ផ្កាឈូក ១០ ទង បង់ប្រាក់ ១ ម៉ឺន រៀលជា ទ្រនាប់គ្រូ ខណៈសោហ៊ុយជូនអាចារ្យសាក់ថែមនោះ គឺអាស្រ័យលើទឹកចិត្តអ្នកមកសាក់។ ហើយការសាក់យ័ន្តខ្មែរបុរាណនេះ អាចចំណាយពេលតិចបំផុត ៣០ ទៅ ៤០ នាទី សម្រាប់សាក់អក្សរ ឬរូបយ័ន្តតូចៗ ខណៈសាក់យ័ន្តធំបំផុត នឹងត្រូវចំណាយពេល ៨ ម៉ោង។ ការសាក់នេះក៏ត្រូវការ ភាពអត់ធ្មត់ និងភាពស៊ូទ្រាំ ពីអ្នកចង់សាក់ដែរ ដោយសារត្រូវរងការឈឺចាប់ត្រង់សាច់ត្រូវសាក់ ព្រោះត្រូវប្រើដែកចាក់សាច់ និងមានត្រណមនៃទីតាំងសាក់យ័ន្តផងដែរ។

ក្រុមគ្រូអាចារ្យសាក់យ័ន្ត ជាសមាជិកសហព័ន្ធខ្មែរសាក់យ័ន្ត (FKS)។ រូបថត FKS
លោក សាយ ទេវិន្ទ បង្ហើបថា៖ «មានភ្ញៀវខ្លះយំសោក ខ្លះរហូតដល់សន្លប់ក៏មានដែរ ពេលមកសាក់។ តែនៅតែមកព្រោះជាក្តីស្រឡាញ់ និងចង់មាននូវស្នាមសាក់យ័ន្តរបស់ខ្មែរយើង។ ចំពោះទីតាំងនៃរាងកាយអ្នកសាក់ទៀតសោត មិនអាចធ្វើការកុម្ម៉ង់តាមចំណង់ចិត្តខ្លួនបានឡើយ ហើយសាក់រូបអនុស្សាវរីយ៍នានាមានដូចជាផ្កាកុលាប មនុស្សជាគូស្នេហ៍ ឬអក្សរជាសារជូនពរនានា ក៏យើងមិនសាក់ជូនដែរ គឺយើងទទួលសាក់តែយ័ន្រ្តខ្មែរ ២ ប្រភេទប៉ុណ្ណោះ គឺយ័ន្រ្តអក្សរ និងយ័ន្តរូបតាមក្បួនបុរាណខ្មែរ»។
លោក សាយ ទេវិន្ទ វ័យ ៣២ ឆ្នាំ បានបង្ហើបពីប្រវត្តិនៃសិល្បៈសាក់យ័ន្តខ្មែរបែបបុរាណនេះថា «ទោះបីជាមានក្រុមអ្នកប្រាជ្ញខ្មែរយើងមួយចំនួន បានសរសេរពីប្រវត្តិនៃសិល្បៈវប្បធម៌សាក់យ័ន្តខ្មែរនេះច្រើនយ៉ាងណាក្តី តែបើតាមសំណេរស្រាវជ្រាវរបស់លោកបណ្ឌិត មីសែល ត្រាណេ ដែលជាអ្នកបុរាណវិទូខ្មែរនោះ លោកបានកំណត់ច្បាស់នូវប្រវត្តិនៃសិល្បៈសាក់យ័ន្តនេះ គឺលោកអះអាងថា មានអាយុកាលប្រមាណ ២ ៥០០ ឆ្នាំ មុនគ្រិស្តសករាជឯណោះ។ អាស្រ័យហេតុនេះ ខាងសហព័ន្ធយើងក៏បានប្រើប្រាស់សំណេរប្រវត្តិនេះ ជាឯកសារមួយជាក់លាក់ពីប្រវត្តិតែម្តង ខណៈយើងក៏ចាំមើលដែរថា ប្រសិនបើមានអ្នកប្រាជ្ញខ្មែរផ្សេងៗទៀត លោកបានសរសេរពីរឿងនេះ បានច្បាស់លាស់យ៉ាងណា»៕
