ក្រុងសិង្ហបុរី: អណ្ដើកទឹក និងអណ្ដើកគោករួមទាំងអម្បូរកម្រជិតផុតពូជនានា ប្រឈមនឹងជោគវាសនាស្រពេចស្រពិលក្រោយពីដែនជម្រកនៅទឹកដីសិង្ហបុរីរបស់ពួកវា ដែលគ្រងកំណត់ត្រាឯតទគ្គកម្មហ្គីនណេសពិភពលោកត្រូវបានបង្ខំផ្លាស់ប្ដូរលំនៅដោយសារគម្រោងអភិវឌ្ឍឡើងវិញរបស់រដ្ឋាភិបាល។
នៅរជ្ជកាលរុងរឿងរបស់ពួកវា អណ្ដើកទាំងនោះមានចំនួនប្រមាណ ១ ពាន់ក្បាលរស់នៅក្នុងសារមន្ទីរ The Live Turtle and Tortoise Museum ដែលបើកសម្ពោធក្នុងឆ្នាំ ២០០១ នៅតំបន់ទេសចរណ៍ពេញនិយម Chinese Gardens។
ខណៈនៅលើអនឡាញមានមតិរិះគន់ជាច្រើនជុំវិញការចិញ្ចឹមសត្វល្មូនទាំងនោះក្នុងស្ថានភាពបែបនេះក្រុមអាជ្ញាធរបានសម្រេចចិត្ដអភិវឌ្ឍលើទីតាំងនេះឡើងវិញ និងជម្លៀសហ្វូងសត្វទាំងនោះចេញដែលធ្វើឲ្យម្ចាស់របស់ពួកវាឈ្មោះ ខូននី តាន់ ស្វះស្វែងរកថវិកា និងទីតាំងថ្មី។
អ្នកស្រី តាន់ ដែលឪពុករបស់អ្នកស្រីបានបង្កើតសារមន្ទីរនេះពីដំបូង រហូតដល់បានគ្រងកំណត់ត្រាពិភពលោកចំពោះការប្រមែប្រមូលវត្ថុស្ដីពីពពួកអណ្ដើកច្រើនបំផុតបាននិយាយថា៖ «ខ្ញុំបានពលិកម្មច្រើនចំពោះកិច្ចការនេះ ហើយវាក៏ពិបាកខ្លាំងណាស់ដែរ។ ការចំណាយបង់ថ្លៃប្រាក់សិក្សាសាកលវិទ្យាល័យរបស់កូនប្រុសខ្ញុំត្រូវបង្វែរមកប្រើក្នុងការថែទាំសារមន្ទីរនេះ»។
អ្នកស្រីបានចំណាយប្រាក់ ២៥ ម៉ឺនដុល្លារសិង្ហបុរី (១៨៥០០០ ដុល្លារ) លើទីតាំងថ្មី តែសម្រាប់ធានាកិច្ចសន្យាត្រឹមរយៈពេល ២ ឆ្នាំ ខណៈមូលនិធិទ្រទ្រង់សារមន្ទីរកាន់តែខើចខ្លី។ នេះជាស្ថានភាពបង្កក្ដីបារម្ភយ៉ាងខ្លាំងអំពីអនាគតវែងឆ្ងាយរបស់ហ្វូងអណ្ដើកទាំងនោះ។
អ្នកស្រី តាន់ ពិបាកនឹងរុញច្រានសារមន្ទីរអណ្ដើកនេះឲ្យបន្ដដើរទៅមុខ ទោះបីជាស្វះស្វែងរកជំនួយពីលោកនាយករដ្ឋមន្ដ្រី លី សៀនឡុង លើបណ្ដាញសង្គម។
ការប្រមែប្រមូលសត្វទាំងនេះត្រូវបានធ្វើឡើងដោយក្រុមគ្រួសារត្រកូល តាន់ ជាង ៤០ ឆ្នាំ។ សត្វល្មូនជាច្រើនជាសត្វចិញ្ចឹមដែលត្រូវបានសង្គ្រោះក្រោយពីម្ចាស់ពួកវាបោះបង់ចោល៕ HR