ភ្នំពេញ៖ ធ្លាប់​តែ​ឃើញ​​​ស្លឹក​ចាក​ត្រូវ​បាន​យក​វេច​នំ​ ​បង្កើន​ក្លិន​​ឈ្ងុយ​​​ដ៏​ល្បី​​​​ប្រចាំ​ខេត្ត​កំពត​ ហើយ​ក៏​ត្រូវ​បាន​​​ប្រជាជន​ខ្លះ​យក​​ទៅ​​​ប្រក់​ដំបូល​ ធ្វើ​ជញ្ជាំង​ផ្ទះ​តាម​​​តំបន់​ជនបទ។ ប៉ុន្តៃពេល​នេះ​ ស្លឹក​ចាក​ ដែល​មាន​​រាង​វែង​ស្រឡូង​​ ដុះ​នៅ​តាម​​ដង​ព្រែក​​នៃ​តំបន់​ទឹក​ប្រៃ​ ត្រូវ​បាន​ប្រជាជន​រស់នៅ​តំបន់​ភ្នំ​ឧដុង្គ​ នៃ​ស្រុក​ពញាឮ ខេត្ត​កណ្តាល​ យក​មក​ច្នៃ​ប្រឌិត​ធ្វើ​ជា​កាបូប​ និង​​​រចនា​បន្ថែម​ភាព​ស្រស់​ស្អាត​នៅ​ហាង​ ម៉ាដាម​ច្នៃ​ ក្នុង​រាជធានី​ភ្នំពេញ​ មុន​បញ្ចេញ​លក់​នៅ​​លើ​ទីផ្សារ​។

ដោយ​​​ឃើញ​​ការ​​ច្នៃ​ប្រឌិត​​នៅ​​បរទេស​ វា​បាន​ជំរុញ​ចិត្ដ​​​ អ្នក​ស្រី​ ឈឺន​ ពុទ្ធារី​ វ័យ​ ៣៥ ​ឆ្នាំ​ ចាប់​ផ្តើម​សិក្សា​ស្រាវជ្រាវ​រក​ការ​ច្នៃ​ប្រឌិត​ថ្មី​ មក​បង្កើត​ហាង​លក់​​វត្ថុ​អនុស្សាវរីយ៍​គិតគូរ​​ពី​បរិស្ថាន​នេះ ដើម្បី​ជួយ​កាត់​​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ប៉ះពាល់​បរិស្ថាន​ លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក​ ​បង្កើត​មុខ​របរ​ និង​ប្រាក់​ចំណូល​ជូន​ស្រ្តី​មេផ្ទះ​ដែល​មិន​មាន​ការងារ​ធ្វើ​នៅ​តាម​​សហគមន៍​​។

កាបូប​ត្បាញ​ស្លឹក​ចាក​រំលេច​គ្រឿង​តុប​តែង​ផ្កា​ក្រណាត់​ពណ៌​ ក្រហម​ ស្វាយ​ បៃតង​ និង​​​ចម្រុះ​​ពណ៌​​ រុំ​ព័ទ្ធ​ដោយ​រំយោល​នៃ​ខ្សែ​​ក្រណាត់​តូចៗ មាន​រូបរាង​ជា​កាបូប​​យួរ​ដៃ​ កាបូប​ស្ពាយ​ចំហៀង​ និង​ខ្លះ​ទៀត​រាង​ដូច​កន្ត្រក​​ដាក់​អីវ៉ាន់​មក​ពី​ផ្សារ​ ពិត​ជា​ល្អ​ឥត​ខ្ចោះ​ និង​ស័ក្ដិសម​សម្រាប់​នារី​គ្រប់​វ័យ​យក​ទៅ​ប្រើប្រាស់​គ្រប់​កាលៈទេសៈ​។

ម្ចាស់​ហាង​ ម៉ាដាម​ច្នៃ​ អ្នកស្រី​ ពុទ្ធារី ​ប្រាប់​ភ្នំពេញ ​ប៉ុស្ដិ៍ ​​ថា៖ «ខ្ញុំ​បាន​ឃើញ​ហាង​មួយ​នៅ​ស្រុក​គេ​ គេ​ធ្វើ​កាបូប​ពី​ក្រណាត់​ស្អាតៗ​មែន​ទែន​ ហើយ​ខ្ញុំ​ក៏​មាន​គំនិត​ចង់​ឲ្យ​ស្រុក​​យើង ​មាន​ហាង​លក់​កាបូប​ច្នៃ​ស្អាតៗ​​អ៊ីចឹង​ដែរ​។ ​​ខ្ញុំ​​​ចាប់​អារម្មណ៍​លើ​កាបូប​ស្លឹក​ចាក​​​ដែល​ស្រាល​ ស្រួល​ប្រើ​ ជាប់​ធន់​ និង​មាំ​មិន​ងាយ​​ដាច់​រហែក​»។

ម៉ាដាម​ច្នៃ​ បាន​បើក​ដំណើរ​ការ​រយៈពេល ​២ ឆ្នាំ​មក​ហើយ​ ដោយ​ដំបូង​ឡើយ​គ្រាន់​តែ​ជា​ហាង​លក់​កាបូប​ស្លឹក​ចាក តាម​អនឡាញ​ធម្មតា​ ​​តែ​បន្ទាប់​ពី​មាន​ការ​គាំទ្រ​ខ្លាំងពី​សំណាក់​អតិថិជន​ ទើប​អ្នកស្រី ​ពុទ្ធារី​ សម្រេច​ចិត្ត​រៀបចំ​ឲ្យ​ចេញ​ជា​រូបរាង​ហាង​មួយ លក់​កាបូប​ស្លឹក​​ចាក​ ​​ជា​​ស្នាដៃ​របស់​ស្ត្រី​មេ​ផ្ទះ​នៅ​ក្នុង​ខេត្ត​កណ្តាល​ អម​ជាមួយ​​ការ​ដេរ​ភ្ជាប់​រូប​ផ្កា​បន្ថែម និង​ការ​រចនា​​កាន់​តែ​ទាក់ទាញ។

កាបូប​ស្លឹក​ចាក​មាន​ច្រើន​ប្រភេទ ច្រើន​ទំហំ​ទាំងការ​ប្រើ​ស្លឹក​លាត​ ស្លឹកមូល និងវេញ។ រូបថត សហ​ការី

ម្ចាស់​ហាង​រូប​នេះ​បន្ត​ឲ្យ​ដឹង​ថា​៖ «ដំបូង​ឡើយ គេ​មិន​សូវ​និយម​​ប្រើ​​កាបូប​ស្លឹក​ចាក​ទេ​ មីង​ៗ​អ្នក​ដេរ​កាបូប​នេះ​ប្រាប់​ថា មិន​មាន​អ្នក​កុម្ម៉ង់​ទិញ​កាបូប​ច្រើន​ទេ​ពី​មុន​មក ទើប​តែ​​ពេល​នេះ​ទេ​ ដែល​ម៉ាដាម​ច្នៃ​ ធ្វើការ​កុម្ម៉ង់​ទិញ​ច្រើន​ធ្វើ​ឲ្យ​គាត់​​សប្បាយ​ចិត្ត​ខ្លាំង​ ព្រោះ​គាត់​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន​»។

អ្នកស្រី​ ពុទ្ធារី ចូល​ចិត្ត​ប្រកប​អាជីវកម្ម​​​ដែល​ផ្តល់​ឱកាស​ការងារ​ និង​អត្ថប្រយោជន៍​ដល់​ស្រី្ត​នៅ​តាម​ជនបទ​ ដ្បិត​ម្ចាស់​ហាង​​វ័យ​ ៣០ ឆ្នាំ​ប្លាយ​​រូប​នេះ​ ធ្លាប់​ជា​អតីត​​បុគ្គលិក​អង្គការ​ ធ្វើ​ការ​ជាមួយ​ស្រ្តី​ងាយ​រងគ្រោះ​ ស្រី្ត​ផ្ទុក​មេរោគ និង​ជន​ពិការ​ ទើប​​ជំរុញ​​ចិត្ត​​ឲ្យ​អ្នក​ស្រី​ បើក​អាជីវកម្ម​ដែល​​​ជួយ​សម្រួល​​ដល់​ជីវភាព​​ពួក​គេ​​។

កាបូប​ស្លឹក​ចាក​មាន​គ្រប់​ទំហំ​ ​គ្រប់​សណ្ឋាន តាំង​ពី​ស្លឹក​លាត​ ​ស្លឹក​មូល និង​វេញ មាន​ក្រឡា​បន្ទះ​ ក្រឡា​ល្អិត​គ្រប់​ប្រភេទ​ទៅ​តាម​តម្រូវ​ការ​ និង​ការ​ពេញ​និយម​នាពេល​បច្ចុប្បន្ន​។

ការ​ផលិត​កាបូប​នេះ​ មិន​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ក្នុង​សិប្បករ​ម្នាក់​អាច​ផលិត​​កាបូប​ ម៉ូដ​សាមញ្ញ​បាន​តែ​ ៣ ​កាបូប ​ក្នុង ​១ ថ្ងៃ​ប៉ុណ្ណោះ។​​ សម្ភារ​​ទាំង​នេះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​​ការ​យក​ចិត្ត​ទុក​ដាក់​ មិន​ថា​​ ពណ៌​ គុណភាព​ និង​ផលិតផល​ខ្លះ​ គឺ​ធ្វើ​ពី​ធម្មជាតិ​ ឬ​សម្ភារ​​​ប្រើប្រាស់​ឡើង​វិញ​​។

កាបូប​ស្លឹក​ចាក​ អាច​បោក​ទឹក​បាន​ និង​​ប្រើប្រាស់​បាន​យូរ​រាប់​ឆ្នាំ​ មិន​ងាយ​ខូច​ ឬ​រហែក​ទេ។​

កាបូប​ស្លឹក​មានតម្លៃ​ទៅតាម​ទំហំ និង​ក្បាច់​រចនា​ចាប់ពី ៥ ទៅ ២៥ ដុល្លារ​។ រូបថត សហ​ការី

ជា​ទូទៅ ​តម្លៃ​កាបូប​ស្លឹក​ចាក​ ប្រែប្រួល​ទៅ​តាម​ទំហំ​ និង​​ការ​ច្នៃ​ប្រឌិត​ ដែល​មាន​តម្លៃ​ចន្លោះ​ពី ​៥ ទៅ​ ២៥ ដុល្លារ​។ ជាក់​ស្ដែង​ កាបូប​​ដាក់​កុំព្យូទ័រ​យួរដៃ​ មាន​តម្លៃ​ ១០ ដុល្លារ។​ កាបូប​​ដាក់​លុយ​ និង​ប៊ិក​ តម្លៃ​ ៥ ​ដុល្លារ​។ កាបូប​ដាក់​អីវ៉ាន់​ តម្លៃ​ ១០ ដុល្លារ​ ហើយ​កាបូប​សម្រាប់​ចូលរួម​កម្មវិធី​ដើរ​លេង​សមុទ្រ​ ​ដើរ​ផ្សារ​​​ ​មាន​ការ​រចនា​បន្ថែម​ក្រណាត់​ប៉ាក់​​ផ្កា​តម្លៃ​ ២០ ​ដុល្លារ​។

អ្នកស្រី ​​ពុទ្ធារី ​សំណូម​ពរ​ថា៖ «ខ្ញុំ​ចង់​ផ្តាំ​ផ្ញើ​ទៅ​បងប្អូន​ដែល​និយម​ប្រើ​របស់​កែច្នៃ​ដោយ​ដៃ​ ​ឲ្យ​​គាត់​នៅ​តែ​បន្ត​ប្រើ​សម្ភារ​ទាំង​នោះ​ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​កែច្នៃ​ផលិតផល​ថ្មីៗ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​។ ក្នុង​ន័យ​ថា​ អ្នក​ប្រើប្រាស់​ក៏​អាច​ប្រើ​របស់​ច្នៃ​ថ្មីៗ​បាន ដើម្បី​​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក​ ហើយ​យើង​ក៏​អាច​រក​​ចំណូល​​ ដើម្បី​រិះរក​អ្វី​ដែល​ល្អ​បន្ថែម​​ និង​​បង្កើន​ប្រាក់​ចំណូល​ដល់​ស្រ្តី​មេ​ផ្ទះ​នៅ​តាម​ជនបទ​​»។

ម៉ាដាម​ច្នៃ ​ស្ថិត​នៅ​ផ្ទះលេខ​ ៣៥​ ផ្លូវ​ ៨ បេ​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ ​​ក្រោយ​​ផ្សារ​មីតថោន​ ​៥០ ម៉ែត្រ។

សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ចូលទៅ​ហ្វេសប៊ុក​​​ @ Madam Chnai ​ឬ​ទូរស័ព្ទ​​ ០១២​ ៥៤៥ ៧២២​៕