ខេត្តព្រៃវែងៈ ខណៈអង្គុយជុំគ្រួសារមានប្រពន្ធ និងកូនទាំង ២ ជាទីស្រឡាញ់លោក សឿង សួគ៌ា ដែលរស់នៅឯភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែងបានសម្រេចចិត្តលាឈប់ពីការងារដែលជាជំនាញបានរៀនចប់ផ្នែកបរិញ្ញាបត្រគណនេយ្យគឺធ្វើជាមន្ត្រីឥណទាននៅក្នុងគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ៨ ឆ្នាំមកចាប់ផ្តើមរបរជាសិប្បករច្នៃសម្បកកង់ឡាន ធ្វើជាកៅអី តុឈុត ផើងផ្កា រូបសត្វសេក កង្កែប និងសត្វផ្សេងៗទៀត លក់យកប្រាក់កម្រៃ ដើម្បីចិញ្ចឹមជីវិតគ្រួសារតាមសម្មាអាជីវោគួបផ្សំនឹងរបររបស់ភរិយាជាអ្នកលក់អីវ៉ាន់ចាប់ហួយនោះ។
ព្រោះតែមានចំណូលចិត្តស្រឡាញ់ និងចង់បង្កើតនូវមុខរបររកស៊ីដោយខ្លួនឯងនោះក៏ជំរុញទឹកចិត្តឲ្យបុរសម្នាក់នៅខេត្តព្រៃវែង សុខចិត្តបោះបង់មុខរបរជាមន្ត្រីឥណទាននៃគ្រឹះស្ថានហិរញ្ញវត្ថុក្រេឌីតមកចាប់យកមុខរបរថ្មី គឺជាអ្នកច្នៃគ្រឿងប្រើប្រាស់ និងសម្ភារសម្រាប់លម្អផ្ទះពីសម្បកកង់ឡាន ដែលកំពុងតែបង្កើតចំណាប់អារម្មណ៍មហាជនខ្លាំងតាមបណ្តាញសង្គម។
លោក សឿង សួគ៌ា ដែលបានរៀនចប់បរិញ្ញាបត្រផ្នែកគណនេយ្យមានវ័យ ៣៣ ឆ្នាំមានប្រពន្ធ និងកូន ២ នាក់បង្ហើបពីការចាប់យករបរថ្មី និងគំនិតច្នៃប្រឌិតនេះថា៖ «ខ្ញុំទើបតែចាប់ដំណើរការបានប្រមាណជាកន្លះឆ្នាំនេះប៉ុណ្ណោះ។ ខ្ញុំក៏មិនទាន់បង្កើតរបស់របរបានច្រើន ដើម្បីដាក់តាំងលក់នៅឡើយដែរទេ គឺគ្រាន់តែផលិតតាមការកុម្ម៉ង់ពីអតិថិជនដែលបានស្គាល់ខ្ញុំតែប៉ុណ្ណោះ»។
ខណៈពេលកន្លះឆ្នាំមកនេះលោក សឿង សួគ៌ា បានចាប់ផ្តើមអាជីពថ្មីជាអ្នកចៃ្នសម្បកកង់ឡានទៅជារបស់របរប្រើប្រាស់នានាសម្រាប់ដាក់នៅផ្ទះដូចជាកៅអីអង្គុយមួយឈុត ផើងផ្កា រូបសត្វបក្សីបក្សា រូបសត្វក្តាម កង្កែប ឬក៏រូបសត្វផ្សេងៗទៀតនេះលោកមិនបានទៅរៀនសូត្រជំនាញច្នៃពីអ្នកណា ឬសាលាណានោះទេគឺគ្រាន់តែបានបែកគំនិតរៀនតាមវីដេអូយូធូប និងមើលរូបក្នុង Google។
លោក សឿង សួគ៌ា បានបញ្ជាក់ថា៖ «ខ្ញុំអត់ទៅរៀនអ្វីពីអ្នកណា ឬពីសាលាណានោះទេគឺគ្រាន់តែឧស្សាហ៍មើលតាមវីដេអូយូធូប និងមើលរូបភាពតាម Google ក៏នឹកឃើញជ្រើសយកសម្បកកង់ឡានមកច្នៃវា ព្រោះយល់សម្ភារជាវត្ថុច្នៃនេះមិនពិបាករកឡើយ»។
ទោះបីជាយ៉ាងណានេះក៏ជាការសាកល្បងចាប់យកអាជីពថ្មី ក្រោយពីបានលាឈប់ពីការងារចាស់ជាមន្ត្រីឥណទានមកព្រោះតែចង់រកស៊ីខ្លួនឯងវិញ ខណៈបានដំណើរការបានកន្លះឆ្នាំមកហើយ។ លោក សឿង សួគ៌ា បានឲ្យដឹងថា៖ «ការចាប់អាជីពជាអ្នកច្នៃសម្បកកង់ឡានមកធ្វើជាវត្ថុលម្អ ឬគ្រឿងប្រើប្រាស់ទាំងនេះគឺជាការសាកល្បងរបស់ខ្ញុំមួយរយៈដែរ។ ខ្ញុំគិតថានឹងប្រើពេលពិសោធ ១- ២ ឆ្នាំដើម្បីសាកដោយសារខ្ញុំក៏បានត្រៀមខ្លួនរួចហើយ ក្រោយពីឈប់ពីការងារចាស់មកនោះ ហើយនៅរយៈពេល ១-២ ទៅមុខទៀតនោះ ប្រសិនបើលទ្ធផលពីការខំប្រឹងច្នៃសម្បកកង់ឡាន មិនបានដុះលូតល្អអាចរកប្រាក់ចិញ្ចឹមគ្រួសារទេ ខ្ញុំនឹងឈប់ធ្វើ ហើយទៅរករបរផ្សេង។ តែប្រសិនបើទទួលបានផលជាផ្លែផ្កាល្អអាចចិញ្ចឹមគ្រួសារបាននោះ ខ្ញុំនឹងបន្តវា ហើយក៏ពង្រីកឲ្យធំផងដែរ»។
ចំពោះគ្រឿងលម្អជារូបសត្វផ្សេងៗ និងកៅអីអង្គុយមានមួយឈុត និងតុ ដែលច្នៃពីសម្បកកង់ឡានគឺមានតម្លៃចន្លោះ ៦០ ដុល្លារ ឬ ៧០ ដុល្លាររហូតទៅដល់ ១៣០ ដុល្លារ ឬ ១៤០ ដុល្លារដែលត្រូវចំណាយ ៤ ឬ ៥ ថ្ងៃ។ ឯគ្រឿងលម្អដែលជារូបសត្វ តូចធំផ្សេងៗនោះមានតម្លៃទាបបំផុតចាប់ពី ១៥ ០០០ រៀល ( ៣.៧៥ ដុល្លារ) ដល់ ៦ ម៉ឺន រៀល (១៥ ដុល្លារ)។
លោក សួគ៌ា ក៏បញ្ជាក់ពីការធ្វើកៅអីសម្បកកង់ឡានមួយឈុតនោះដែរថា៖ «សម្រាប់កៅអី ១ ឈុតនោះគឺថាមានកៅអីអង្គុយចំនួន ៤ និងតុ ១ ។ តែតុ ខ្ញុំគ្រាន់តែច្នៃវាឲ្យជាទ្រង់ទ្រាយស្រោបខាងក្រៅប៉ុណ្ណោះ គឺទាល់តែលោកអ្នកកុម្ម៉ង់យកទៅច្នៃដាក់ជាមួយតុកញ្ចក់ ថ្ម ឬឈើបន្ថែមទៀតទើបអាចយកវាទៅប្រើបាន»។
សម្រាប់ការកុម្ម៉ង់ច្នៃកៅអី តុ ឬរបស់ផ្សេងៗច្នៃពីសម្បកកង់ឡាននោះ អាចទាក់ទងតាម 097 83 31645 ឬ 087872778៕