ខេត្ត​ព្រៃវែង៖ បើ​ទោះបី​ជា​មុខ​​​របរ​ច្នៃ​សម្បក​កង់​ឡាន​ធ្វើ​ជា​​កៅអី តុ​ឈុត ផើងផ្កា រូប​សត្វ​​សេក កង្កែប និង​សត្វ​​ផ្សេងៗ​ លក់​យក​ប្រាក់​កម្រៃ ដើម្បី​​ចិញ្ចឹម​ជីវិត​គ្រួសារ​តាម​សម្មាអាជីវោ​ នៅ​​តែ​មាន​តក់ៗ​មែន​ក្តី ​តែ​​ដោយសារ​បច្ចុប្បន្ន​​​ស្ថានភាព​ស្រុក​​ទេស​កំពុង​តែ​មាន​វិបត្តិ​គ្រប់​យ៉ាង​ ដោយសារ​​មេរោគ​​កូរ៉ូណាឬកូវីដ ១៩ នោះ​ ស្រាប់​តែ​​សិប្បករ​លោក​ សឿង សួគ៌ា បាន​​នឹក​ឃើញ​​ច្នៃ​​សម្បក​កង់​ឡាន និង​ម៉ូតូ មក​ធ្វើ​ជា​ផើង​សម្រាប់​ដាំ​បន្លែ​​បន្លុក​ ជា​​តម្រូវ​​ការ​​លក្ខណៈ​គ្រួសារ​យ៉ាង​​ទំនង ហើយ​ចំណាយ​​អស់​លុយ​​តិច​ទៀត​ផង​។​

ស្រប​​ពេល​​តំបន់​នានា​ទាំង​​ក្នុង​ក្រុង និង​ខេត្ត​ ត្រូវ​រដ្ឋាភិបាល​ជូន​ដំណឹង​ថា​ ​មិន​តម្រូវ​ឲ្យ​ប្រជាជន​នៃ​ក្រុម​គ្រួសារ​​មាន​ការ​ជួបជុំ​គ្នា​ច្រើន​នាក់​ដែល​បង្កើត​ភាព​​ងាយ​ស្រួល​ឆ្លង​ជំងឺ​ផ្លវ​ដង្ហើម​កូវីដ ១៩​ ឬ​ត្រូវ​​​រក្សា​​ការ​រស់នៅ​​​ក្នុង​​ស្ថានភាព​ដាច់​ដោយ​ឡែក​ពី​គ្នា​ ឬ​​រក្សា​គម្លាត​ពី​គ្នា​នៃ​សមាជិក​​​​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​ប្រកប​​​​ដោយ​​​អនាម័យ​គ្រប់​ពេល។ ដូច្នេះ​មាន​សមាជិក​គ្រួសារ​​ខ្លះ​អាច​នឹង​មាន​ភាព​ធុញ​ទ្រាន់​នឹ​ទង្វើ​បែប​​​​នេះ ​ព្រោះ​មិន​ទាន់​ស៊ាំ​។

ជាក់​​ស្តែង​សិប្បករ​មាន​មុខ​របរ​​ច្នៃ​​សម្បក​កង់​ឡាន ធ្វើ​ជា​កៅអី តុ​ឈុត ផើងផ្កា រូប​សត្វ​សេក កង្កែប និង​សត្វ​​​​​ផ្សេងៗ​ ដើម្បី​លក់​យក​ប្រាក់​កម្រៃ​​ចិញ្ចឹម​​ជីវិត ​គ្រួសារ​រស់​នៅ​ឯ​ភូមិ​ព្រៃ​ស្នៀត​ខាង​ជើង ឃុំ​​ព្រៃស្នៀត ស្រុក​​​ពារាំង ខេត្ត​ព្រៃវែង​​​ បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​កសិកម្ម​​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ​ច្នៃ​ផើង​ពី​សម្បក​កង់​ឡាន និង​ម៉ូតូ មក​ធ្វើ​ជា​ថ្នាល​ដាំ​ដំណាំ​បន្លែ​បន្លុក​​ នៅ​ខាង​ក្រោយ​ផ្ទះ​មាន​ បន្លែ​​ស្ពៃ​ សាលាដ ខាត់ណា​ ត្រកួន​ ផ្ទី​ សណ្តែក​កួរ​ ជាដើម​ ក្រៅ​ពី​ការ​ប្រកប​របរ​ប្រចាំ​ថ្ងៃ​ជា​ចម្បង​នៅ​ផ្ទះ។​

លោក សឿង សួគ៌ា ច្នៃផើង​ពី​សម្បកកង់ឡាន​ដាំបន្លែ​​​។ រូបថត ហ្វេសប៊ុក​

លោក សឿង សួគ៌ា ដែល​​​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​​​ជំនាញ​​រៀន​ចប់​ផ្នែក​បរិញ្ញាបត្រ​គណនេយ្យ​ ​គឺ​ធ្វើ​​ជា​មន្ត្រី​ឥណទាន​នៅ​ក្នុង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ៨ ​ឆ្នាំ ​មក​ក៏​ចាប់​ផ្តើម​របរ​ជា​សិប្បករ​ច្នៃ​សម្បក​​កង់​ឡាន ធ្វើ​ជា​កៅអី តុ​ឈុត ផើងផ្កា រូប​សត្វ​សេក កង្កែប និង​សត្វ​ផ្សេងៗ​ទៀត លក់​យក​ប្រាក់​កម្រៃ​​ចិញ្ចឹម​ជីវិត​គ្រួសារ​​គួប​ផ្សំ​នឹង​របរ​របស់​ភរិយា​​បង្ហើប​រឿង​ច្នៃ​ផើង​​ដាំ​​បន្លែ​​នោះ​​​ថា៖ «ដោយសារ​គិត​ថា រឿង​វិបតិ្ត​សេដ្ឋកិច្ច​​​ពី​ជំងឺ​កូវីដ​ ១៩ ​មិន​ដឹង​ត្រូវ​​ចប់​ពេល​ណា ហើយ​​ការ​សំងំ​នៅ​ផ្ទះ​អាច​​នឹង​មាន​ការ​អផ្សុក​ ​​មិន​ហ៊ាន​ចេញ​ក្រៅ​​ព្រោះ​ខ្លាច​ជំងឺ​នេះ​ ទើប​​ខ្ញុំ​​ច្នៃ​សម្បក​កង់​ឡាន ឬ​ម៉ូតូ​ ធ្វើ​ជា​ផើង​ដាក់​ដី​ដាំ​បន្លែ​​នានា​ តាម​តម្រូវ​ការ​សម្រាប់​ធ្វើ​ជា​​ម្ហូប​អាហារ​ប្រចាំថ្ងៃ​ ដែល​អាច​ជួយ​ឲ្យ​យើង​បាត់​ភាព​អផ្សុក​ផង និង​អាច​ជួយ​​​សម្រួល​​​ជីវភាព​​​នៃ​ការ​ចេញ​ទៅ​​​ទិញ​បន្លែ​ពី​ផ្សារ​ផង​។ នា​ពេល​នេះ​ខ្ញុំ​បាន​ច្នៃ​ និង​ចាប់​ផ្តើម ​ដាំ​​បន្លែ​បន្លុក​​​ច្រើន​​​មុខ​មាន​ប្រមាណ​ជាង​ ៣០ ផើង​នៅ​​ផ្ទះ​ខ្លួន​​ឯង​។ ហើយ​ការ​ធ្វើ​ផើង​ដាំ​បន្លែ​នេះ ​ក៏​មាន​អ្នក​ចង់​បាន​កុម្ម៉ង់​ទិញ​ពី​​ខ្ញុំ​ផង​ដែរ​​»។​

ផើង​​ច្នៃ​ពីសម្បកកង់ឡាន ម៉ូតូ ងាយស្រួល​ធ្វើ​ជាសួនដាំបន្លែ​​​។ហ្វេសប៊ុក​

លោក សឿង សួគ៌ា ក៏​បង្ហើប​ពី​​តម្លៃ​ផើង​ដាំ​បន្លែ​ច្នៃ​ពី​សម្បក​កង់​ឡាន និង​ម៉ូតូ​ដែរ​ថា៖ «ប្រសិន​​​បើ​បងប្អូន​ចង់​កុម្ម៉ង់​ទិញ​ផើង​​ទាំង​​នេះ ខ្ញុំ​ក៏​អាច​​ច្នៃ​ជូន​​តាម​​តម្រូវ​ការ​បាន​។ សម្រាប់​ផើង​នេះ អាច​មាន ​២ ​ជម្រើស ​គឺ​ផើង​ធម្មតា​មិន​មាន​ការ​លាប​ថ្នាំ​ពណ៌ និង​​​ផើង​លាប​ថ្នាំ​ពណ៌​។ ផើង​ធម្មតា ១​ លក់​តម្លៃ​ចន្លោះ​ ២,៥ ដុល្លារ ទៅ ​៣ ដុល្លារ ខណៈ​​​ផើង​លាប​ពណ៌ ​១ តម្លៃ​ចន្លោះ ៣,៥ ដុល្លារ​ ​ទៅ ៥ ដុល្លារ។ ក្រៅ​​​ពី​នេះ​ក៏​មាន​ផើង​ច្នៃ​ពី​សម្បក​កង់​ម៉ូតូ​ ងាយ​ស្រួល​សម្រាប់​ដាំ​បន្លែ​មាន​ឬស​ចាក់​រាក់ៗ​​​ដែរ​ ដោយ ​ផើង​​មាន​តម្លៃ​ចន្លោះ​ពី​ ១, ៥ ដុល្លារ ទៅ ២ ដុល្លារ​​»។​ សម្រាប់​ការ​កុម្ម៉ង់​ច្នៃ​កៅអី តុ ឬ​របស់​ផ្សេងៗ​ច្នៃ​ពី​សម្បក​កង់​ឡាន​ ម៉ូតូ និង​ផើង​ដាំ​បន្លែ​អាច​ទាក់ទង​តាម​ទូរស័ព្ទ 097 83 31 ​645 ឬ 087 872 778៕