ភ្នំពេញៈ ខណៈ​ឧស្សាហ៍​ឃើញ​ការ​បង្ហើរ​សារ​បន្តបន្ទាប់​ចេញពី​គណនី​ហ្វេសប៊ុក​តារា​ចម្រៀង​ស្រី ខេមរៈ ស្រីពៅ ទើប​បាន​ប្រកាស​ដំណឹង​ជិត​វិល​ចូល​សិល្បៈ​វិញ​នា​ពេល​ថ្មីៗ​នេះ ក៏​ស្រាប់​តែ​មាន​សារ​ថ្មី​ចុង​ក្រោយ​ថា​នាង​ចង់​ទៅ​វត្ត​ធ្វើ​បុណ្យ​ទាន​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ តែ​មិន​អាច​ទៅ​បាន​ដោយ​សារ​ស្ថានភាព​ជំងឺ​មិន​ទាន់​ស្បើយ បង្ក​ការ​ងឿង​ឆ្ងល់​សា​ជា​ថ្មី​ដល់​មហាជន។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំហាយ​រលក​ព័​ត៌មាន​បែប​រហិចរហៀង​បាន​សាយភាយ​ថា តារា​ចម្រៀង​ស្រី​កញ្ញា ខេមរៈ ស្រី​ពៅ បាន​សំងំ​ព្យាបាល​ជំងឺ​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ​នៅ​ឯ​ស្រុក​កំណើត​ស្រុក​ព្រៃឈរ កាល​ពី​ដើម​ឆ្នាំ ២០១៦ និង​ដំណឹង​ក្រោយ​ទៀត​ថា នាង​ជា​សះ​ស្បើយ ហើយ​ថែម​ទាំង​អាច​និពន្ធ​បទ​ចម្រៀង​ឲ្យ​បង​ប្រុស​ច្រៀង​បាន​ទៀត​ផង។ ខណៈ​ថ្មីៗ​នេះ​កញ្ញា ខេមរៈ ស្រី​ពៅ ទើប​តែ​បាន​ប្រកាស​ជំហរ​យ៉ាង​ជឿជាក់​វិល​ចូល​សិល្បៈ​វិញ​តាម​ហ្វេសប៊ុក​ថា៖ «បង​ប្អូន និង fan (អ្នក​គាំទ្រ) ទាំង​អស់​គ្នា ប្រាកដ​ជា​នៅ​រង់ចាំ​នាង​ខ្ញុំ​ឲ្យ​ចូល​សិល្បៈ​វិញ»។

ប្រមាណ​មួយថ្ងៃ​ក្រោយមកទៀត​គឺ​នា​អំឡុងពេល​បងប្អូន​ខ្មែរ​ប្រា​ព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ទៅតាម​ទំនៀម​ទម្លាប់​ព្រះពុទ្ធ​សាសនា​របស់​ខ្មែរ​នោះ ក៏​ស្រាប់​តែ​លេច​ចេញ​ជា​សារ​ថ្មី​មួយ​ទៀត​ពី​គណនី​ហ្វេសប៊ុក ខេមរៈ ស្រីពៅ (Khemarak Sreypov) ដដែល​ថា៖ «ឆ្នាំ​នេះ​នាង​ខ្ញុំ​មិន​ទាន់​បាន​ទៅ​វត្ត​នឹង​គេ​ទេ បើ​ធូរ​ស្បើយ​ភ្លាម នាង​ខ្ញុំ​នឹង​ទៅ​ភ្លាម ចង់​ប្រាប់​ថា នាង​ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​ណាស់!​អរគុណ​ច្រើន ដែល​ខំ​មិន​ជូនពរ​នាង​ខ្ញុំ»។

សារ​នេះ​ពិតជា​បានធ្វើ​ឲ្យ​មហាជន មានការ​ងឿងឆ្ងល់​ផង និង​ហាក់​មាន​អារម្មណ៍​ច្របូក​ច្របល់​ខ្លាំង​ពី​ដំណឹង​ពិត​របស់​តារា​ចម្រៀង​ស្រី​ត្រកូល ខេមរៈ​រូប​នេះ។

ជម្រះ​មន្ទិល​ដំណឹង​ថា​តារាចម្រៀង​ស្រី ខេមរៈ ស្រី​ពៅ ជិត​វិល​មក​ចូល​សិល្បៈ​វិញ​មែនឬ​យ៉ាង​ណា និង​ស្ថានភាព​ជាក់​ស្តែង​របស់​នាង​ត្រូវ​បាន​បងប្អូន​បង្កើត​ជា​តារា​ចម្រៀង​កំពូល​កំពុង​ជ្រក​ក្រោម​ទ្រនំ​ថ្មី​ហង្សមាស​លោក ខេមរៈ សិរីមន្ត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «តាម​ពិត​ទៅ គឺ​ប្អូន​ស្រី​ខ្ញុំ នាង​មិន​ទាន់​អាច​វិល​មក​ចូល​សិល្បៈ​វិញ​បាន​ឡើយ ដោយ​នាង​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល ៣ ឆ្នាំ​មក​ហើយ។ ចំពោះសារ​តាម​ហ្វេសប៊ុក​ឈ្មោះ​គាត់ ពុំ​មែន​ជា​របស់​គាត់​នោះ​ទេ​គឺជា​របស់ Fans គាត់​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត គាត់​ក៏​មិន​អាច​លេង​ហ្វេសប៊ុក​បាន​ដែរ ដោយសារ​ស្ថានភាព​ជំងឺ​គាត់»។

ចាប់តាំងពី​ឆ្នាំ ២០១៦ មក​កញ្ញា ខេមរៈ ស្រី​ពៅ ត្រូវ​ប្រភពព័ត៌មាន​ក៏បាន​ទម្លាយ​ពី​អ្នកស្រុក​ព្រៃឈរ​ថា នាង​បាត់​មុខ​ពី​សិល្បៈ ដោយ​សារ​តែ​ជំងឺ​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ ទៅ​ព្យាបាល​នៅ​ថៃ។ តែ​បង​ប្រុស​ទាំង ២ របស់​នាង​លោក ភារុណ និង​តារា​ចម្រៀង សិរីមន្ត ក៏​ច្រាន​ចោល​ថា​មិន​ពិត និង​ធ្លាប់​បាន​អះអាង​ថា ប្អូន​ស្រី​ខ្លួន​មាន​ជំងឺ​ក្រពះ​ពោះ​វៀន​ប៉ុណ្ណោះ៕