ភ្នំពេញ៖ ដោយ​មើល​​ឃើញ​ថា ទម្រង់​សិល្បៈ​ប្រពៃណី​​​​ខ្មែរ​​មួយ​​​ប្រភេទ ​គឺ​សិប្បកម្ម​ចាក់​ក្រឡា​ក្បាច់​ហូល​​​ខ្មែរ​ មិន​ទាន់​មាន​សំណៅ​ឯកសារ​ច្បាស់​លាស់​ណា​មួយ​​​ ស្តីពី​រូបមន្ត​សិល្បៈ​វប្បធម៌​នេះ​ ទើប​​ជំរុញ​​​​ចិត្ត​ឲ្យ​សិល្បករ​ខ្មែរ​​​​​​ ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ជាន់​ខ្ពស់​​ផ្នែក​​សិល្បៈ​​​​នៅ​សាកល​វិទ្យាល័យ​ប្រទេស​ ​កូរ៉េ​ខាង​​ត្បូង លោក ​ចាន់ សោភ័ន ចង់​​ចងក្រង​​រៀបចំ​​​​​ជា​សៀវភៅ​ ដើម្បី​បន្សល់​ទុក​​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យល់​បន្ត​។​

សិប្បកម្ម​តម្បាញ​​ហូលខ្មែរ​ ដែល​មាន​នៅ​សេសសល់​នាពេល​បច្ចុប្បន្ន នៅ​​វិទ្យាស្ថាន​​វាយន​ភណ្ឌ​​​ប្រពៃ​ណី​​ខ្មែរ​ ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​​ភូមិ​ជប់​សោម​ ឃុំ​ពាក់​ស្នែង ​ស្រុក​អង្គរធំ​ ខេត្ត​​​សៀម​រាប។ហេង ជីវ័ន

លោក ចាន់ សោភ័ន គឺ​ជា​សិល្បករ​ ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​​ផ្នែក​សិល្បៈ​ទម្រង់​បុរាណ​ ​​​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សូន​រូប និង​​វិចិត្រកម្ម​នៅ​សាកល​វិទ្យាល័យ​​ភូមិន្ទ​​​​វិចិត្រ​​​សិល្បៈ​​​​​​ឆ្នាំ ​២០១០ និង​​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​​​ជាន់​ខ្ពស់​ផ្នែក​​សិល្បៈ​​​​ ​នៅ​សាកល​​វិទ្យាល័យ SangMyung​ នៅ​កូរ៉េ​​ខាង​​​​ត្បូង ​នៅ​​ឆ្នាំ ​២០១៤​ នោះ ក៏​​បញ្ជាក់​ពី​គោល​​​បំណង​រៀបចំ​​ចងក្រង​សៀវភៅ​នេះ​​ផង​ដែរ​​ លោក​បញ្ជាក់​ថា៖ «​គោល​បំណង​​រៀបចំ​សៀវភៅ​ក្រឡា​ក្បាច់​​គោម​ហូល​ខ្មែរ​ ជា​សេចក្តី​ប្រាថ្នា​​យូរ​មក​ហើយ​​របស់​ខ្ញុំ​។ តាំង​​ពី​បុរាណ​មក អាច​​និយាយ​​​​បាន​ថា​ តាំង​ពី​មុន​ ស.វ ទី ១​ មុន​​​គ្រិស្ត​សករាជ​ ប្រជាជន​ខ្មែរ​ចេះ​​ត្បាញ​រវៃ​រួច​ទៅ​ហើយ។​ តែ​គ្មាន​​​ឯកសារ​សោះ ​គឺ​គេ​បាន​រក​ឃើញ​ត​សំណៅ​អាចម៍​​អំបោះ ​​និង​ត្រល់​ខ្លះៗ​ប៉ុណ្ណោះ។ ជាង​នេះ​​ទៅ​ទៀត អ្វី​ដែល​ជំរុញ​ទឹក​​ចិត្ត​របស់​ខ្ញុំ​បំផុត​​​ គឺ​ពណ៌​​ក្បាច់​នៃ​សំពត់​ហូល​ទាំង​នោះ​​ធ្វើ​ឲ្យ​ទឹក​ចិត្ត​របស់​ខ្ញុំ​ចង់​ដឹង​បន្ថែម​​នូវ​អ្វីៗ​ ជា​របស់​​ដូនតា​​ខ្មែរ​មាន​។​​ ​សោកស្តាយ​​សម័យ​​ខ្មែរ​ក្រហម​​សង្រ្គាម​ចុង​ក្រោយ​បាន​​ធ្វើ​​ឲ្យ​ឯកសារ និង​វត្ថុ​មាន​តម្លៃ​​ទាំង​​អស់​នេះ​ រលាយ​​ស្ទើរ​ទាំង​​ស្រុង ហើយ​រហូត​ស្រុក​​ទេស​​មាន​ឯករាជ្យ​ សន្តិភាព​ ​ប្រទេស​​​​ជាតិ​ខ្មែរ​ មាន​ការ​រីក​ចម្រើន​​​គ្រប់​វិស័យ សំពត់​​ហូល​ខ្មែរ បាន​​រស់រាន ចាប់​កំណើត​​ឡើង​​មក​វិញ និង​សម្បូរ​បែប។

តែ​គួរ​ឲ្យ​​​​​ស្តាយ​ជា​ពន់​ពេក​ណាស់ នៅ​សម័យ​ចុង​ក្រោយ​នេះ ទីផ្សារ​សេរី​ត្រូវ​បាន​បើក​​ចំហ​ ​ក្រណាត់​​សូត្រ និង​សំពត់​​​ហូល​​​​បរទេស​ ត្រូវ​បាន​នាំចូល​​យ៉ាង​​​​គំហុក ​និង​​មាន​តម្លៃ​ថោក​​​ជាង​​របស់​នៅ​ក្នុង​ស្រុក​​​ផលិត​​ដោយ​​​ដៃ​ដែល​បង្ខំ​ឲ្យ​អ្នក​តម្បាញ​​ជា​​ច្រើន​បោះ​បង់​អាជីព​​​​ពី​ដូនតា​​ចោល​រត់​មក​ធ្វើ​ការ​តាម​រោង​​ចក្រ និង​ចំណាក​ស្រុក​ទៅ​​ប្រទេស​ផង​ដែរ​»។

សិប្បកម្ម​តម្បាញ​​ហូលខ្មែរ​ ដែល​មាន​នៅ​សេសសល់​នាពេល​បច្ចុប្បន្ន នៅ​​វិទ្យាស្ថាន​​វាយន​ភណ្ឌ​​​ប្រពៃ​ណី​​ខ្មែរ​ ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​​ភូមិ​ជប់​សោម​ ឃុំ​ពាក់​ស្នែង ​ស្រុក​អង្គរធំ​ ខេត្ត​​​សៀម​រាប។ហេង ជីវ័ន

លោក​បន្ត​ថា៖ «ដោយសារ​មើល​​​ឃើញ​​ហានិភ័យ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ​នៃ​ក្បាច់​ក្រឡា​គោម​​ហូល​ខ្មែរ​ទាំង​អស់​របស់​ខ្មែរ​​យើង​ បើ​មិន​មាន​ការ​ជួយ​គាំ​​ពារ​​ និង​ឧបត្ថម្ភ​នោះ​ទេ វា​នឹង​​ស្លាប់​​ម្តង​​ទៀត​​ជា​មិន​ខាន។ ​ដូច​​នេះ​​ ជា​ក្តី​បារម្ភ​របស់​ខ្ញុំ ជា​កូន​ខ្មែរ​ កើត​លើ​​ដែន​ដី​ខ្មែរ​មួយ​នេះ ​ចង់​ចង​​ក្រង​វា​​ទុកជា​កេរ​អមតៈ​​សម្រាប់​កូន​​ខ្មែរ​ជំនាន់​ក្រោយ​​​ឲ្យ​​បាន​ស្គាល់ និង​បាន​​យល់​អ្វី​ជា​​​របស់​ដូន​តា​​ខ្លួន មាន​រាប់​ពាន់ឆ្នាំ​ និង​​ចង់​បណ្តុះ​គំនិត​​​​ដល់​​ពួក​គាត់​ឲ្យ​ចេះ​ស្រឡាញ់ និង​ជួយ​​គាំទ្រ​​បន្ត​ទៀ​ត​កុំ​ឲ្យ​​បាត់​បង់។ ​ចំពោះ​កន្លែង ​​ដែល​ត្រូវ​ស្រាវជ្រាវ​​ហើយ​ទៅ​សាក​សួរ​​រក​​​​​​ទិន្នន័យ​បន្ថែម​នោះ ​គឺ​មាន​ទី១ នៅ​ខេត្ត​តាកែវ ទី២ ខេត្ត​សៀម​រាប ទី៣​ ខេត្ត​ព្រៃវែង ទី៤​​ ខេត្ត​​បន្ទាយមានជ័យ ទី៥​​ តំបន់​កោះ​ដាច់ ទី៦ ខេត្តសុរិន្ទ និង​​ខេត្ត​បុរីរ៉ាំ ប្រទេស ថៃ»។

ដោយសារ​គម្រោង​ចងក្រង​​​សៀវភៅ​នេះ មិន​មែន​ជា​កិច្ចការ​​​ទ្រង់ទ្រាយ​​តូច ​ហើយ​​​ងាយ​ស្រួល​ដូចជា​ការ​គិត​នោះ​ទេ ខណៈ​​​ទាមទារ​ឲ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ឬ​​សហគមន៍​នានា​ ដែល​មាន​ចិត្ត​​​ស្រឡាញ់​មរតក​វប្បធម៌​នេះ​ ជា​ពិសេស​​​កញ្ចប់​ថវិកា​ ដើម្បី​​ផ្គត់ផ្គង់​ការ​សិក្សា​ស្រាវជ្រាវ និង​​ចងក្រង​​។ យ៉ាង​ណា​​មិញ​លោក ចាន់​ សោភ័ន ក៏​​ទំនង​ជា​ត្រូវ​ខ្វះខាត​កញ្ចប់​ថវិកា​នេះ​ ហើយ​ទើប​លោក​​បាន​បង្ហោះ​​សារ​ស្នើសុំ​ការ​​​ឧបត្ថម្ភ​ពី​មហាជន​តាម​ចិត្ត​សទ្ធា​​ក្នុង​​បណ្តាញ​សង្គម​ហ្វេសប៊ុក​​លោក​ថា៖ «​​​ខ្ញុំ​​អាច​​សុំ​​​អ្នក​ក្នុង​​ម្នាក់​ ៤ ០០០ ​រៀល​​ បាន​​ទេ​ គម្រោង​​​រៀបចំ​​​​សៀវភៅ​ ក្រឡា​ក្បាច់​គោម​​ហូល​ខ្មែរ​» ​ឈ្មោះ​​ Sophorn Cambodia Arts៕​