ក្រុងបាត់ដំបងៈ ដោយសារ​ចង់​ប្រើ​សិល្បៈ​គំនូរ​បង្កប់​នូវ​សារ​បញ្ចៀស​គ្រឿង​ប្រើប្រាស់​នានា​ធ្វើ​ពី​ប្លាស្ទិក និង​ចូលរួម​អបអរសាទរ​ខួប ២៥ ឆ្នាំ​នៃ​ការបង្កើត​សាលា​ហ្វារពន្លឺ​សិល្បៈ​ផង ក៏​ជំរុញ​ឲ្យ​សិល្បករ គឹម យាន ប្រើពេល​ ១ ​ខែ ច្នៃ​ការុង​លាប​ពណ៌​បង្កើត​ជា​សម្លៀកបំពាក់​ស្រស់ស្អាត​ចំនួន ១០ ​ឈុត ដើម្បី​ដាក់តាំង​បង្ហាញ​នាចុង​សបា្តហ៍​នេះ​នៅក្នុង​ខេត្ត​បាត់ដំបង​។

លោក គឹម យាន អតីត​ជា​និស្សិត​ជំនាន់​ទី​ ១ ដែល​ធ្លាប់​បាន​រៀនសូត្រ​មុខជំនាញ​ឌីហ្សាញ​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ដែល​ចប់​កាលពី​ឆ្នាំ​ ២០១៦ និង​បច្ចុប្បន្ន​ក៏​មាន​ក្រុមការងារ​ផ្នែក​ឌីហ្សាញ​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា Tepsyot Art Fashion ក៏​បង្ហើប​ប្រាប់​ពី​មូលហេតុ​នៃ​គំនិត​ច្នៃប្រឌិត​យក​ការុង​លាប​ជាមួយ​ពណ៌​បង្កើត​ជា​ឈុត​សម្លៀកបំពាក់​ចម្រុះ​ពណ៌​នេះ​ផង​ដែរ​។

លោក គឹម យាន ច្នៃ​ការុង​បង្កើត​ជា​សម្លៀកបំពាក់​។ រូបថត Koem Yean

លោក គឹម យាន វ័យ ២៦ ឆ្នាំ​ដែល​ជា​ប្រធាន​ក្រុមការងារ Tepsyot Art Fashion ប្រាប់​ឲ្យ​ដឹងថា​៖ «​សម្លៀកបំពាក់​ច្នៃ​ពី​ការុង​លាប​ជាមួយ​ពណ៌​នេះ ខ្ញុំ​បាន​បង្កើត​ចំនួន ១០ ឈុត​ដែល​ប្រើ​ពេលវេលា​ចំនួន ១ ខែ​ហើយ​ការច្នៃ​នេះ​មាន​បំណង​ច្រើន​យ៉ាង​គឺ​ទី​ ១ ចង់​យក​ស្នាដៃ​ទៅ​ចូលរួម​ដាក់តាំង​បង្ហាញ​នាឱកាស​ប្រារព្ធ​ខួប ២៥ ឆ្នាំ​នៃ​ការបង្កើត​សាលា​ហ្វារពន្លឺ​សិល្បៈ ដោយសារ​តែ​ខ្ញុំ​ខ្លួនឯង​ក៏​ជា​អតីត​និស្សិត​ជំនាន់​ទី​ ១ ជំនាញ​ឌីហ្សាញ​នៅ​ទី​នេះ​ផង​ដែរ​។ ចំណុច​ទី​ ២ ចង់បង្ហាញ​ឲ្យ​ភ្ញៀវ​ដែល​បាន​ចូល​ទស្សនា​ក្នុង​ពិធី​ដែល​បើក​នូវ​ការតាំងពិព័រណ៍​ស្នាដៃ​នៅ​ថ្ងៃទី ២៦-២៧ ខែ​កក្កដា ២០១៩ ​នេះ​ឲ្យ​បាន​ដឹងថា​នៅឯ​សាលា​ហ្វារពន្លឺ​សិល្បៈ​ក៏​មាន​បង្រៀន​ជំនាញ​សិល្បៈ​គំនូរ​បែប​ពណ៌នា​ដែរ​។ ចំណែកឯ​ចំណុច​មួយ​ទៀត​គឺ​ចង់​បង្កប់​សារ​មួយ​ដែល​ជា​ការបង្ហាញ​ពី​ការច្នៃប្រឌិត​ឡើង​វិញ​ដែល​ចៀសវាង​ការប្រើ​របស់​វត្ថុ​នានា​ប្រចាំ​ថ្ងៃ​ធ្វើ​ពី​ប្លាស្ទិក ដោយសារ​ខាង​សាលា​ក៏​មាន​បំណង​ចង់​បញ្ជ្រាប​ពី​ការចៀសវាង​នូវ​ការប្រើប្រាស់​របស់​ធ្វើ​ពី​ប្លាស្ទិក​ផងដែរ​នោះ​»​។

កម្មវិធី​សំខាន់​ពេល​ប្រារព្ធ​ពិធី​ខួប ២៥ ឆ្នាំ​នៃ​អង្គការ​ហ្វារពន្លឺ​សិល្បៈ​នេះ នៅពេល​ព្រឹក​មាន​ដូចជា​ការបើក​ដំណើរការ​ស្វាគមន៍​ទទួលភ្ញៀវ និង​ទស្សនកិច្ច​ទីកន្លែង​តាំង​ស្នាដៃ​ផ្សេងៗ​ក្នុង​បរិវេណ​សាលា លុះ​ដល់​ពេល​ល្ងាច​មាន​ការសម្តែង​សៀក​រឿង «White gold» ការសម្តែង​អំពី​វិន័យ ដោយ​សិស្សានុសិស្ស ពិធី​ខួបកំណើត​គម្រប់ ២៥ ​ឆ្នាំ​របស់​អង្គការ ការសម្តែង​តន្ត្រី​ដោយ​លោក Belo Vanthan ជា​តន្ត្រីករ និង​អ្នកនិពន្ធ​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា ដោយ​ក្រុម​តន្ត្រី​របស់​គាត់​មាន​ឈ្មោះថា «​នៅ​ពីក្រោយ​ស្រមោល​» និង​មាន​កម្មវិធី​ផ្សេងៗ​ទៀត​។

គួរ​បញ្ជាក់​ដែរ​ថា​កម្មវិធី​ខួប​របស់​សាលា​ហ្វារពន្លឺ​សិល្បៈ​ធ្វើ​នៅ​ថ្ងៃទី​ ២៦-២៧ ខែ​កក្កដា ឆ្នាំ​ ២០១៩​នេះ ខណៈ​អង្គការ​ហ្វារពន្លឺ​សិល្បៈ​នឹង​មាន​បើក​បង្ហាញ​ពី​ស្នាដៃ​របស់​សិស្សនិស្សិត និង​លោកគ្រូ អ្នកគ្រូ ដែល​មាន​ស្នាដៃ​ប្រកប​ដោយ​ទេពកោសល្យ និង​ភាពច្នៃប្រឌិត​។ ពេលនេះ​ក៏​ជា​វេលា​អាច​ទទួល​បាន​នូវ​ឱកាស​ដើម្បី​ស្វែងយល់​ពី​កម្មវិធីសិក្សា​ដែល​បាន​ផ្តល់​ដោយ​សាលារៀន​ជំនាញ​សិល្បៈ​សូន​រូប និង​សាលា​សិល្បៈ​ទស្សនីយភាព​ក៏​ដូចជា​កម្មវិធី​អប់រំ និង​សង្គម​ដែល​បាន​ដំណើរការ​អស់​រយៈពេល ២៥ ​ឆ្នាំ​មក​ហើយ​៕