ភ្នំពេញ៖ ជាមួយ​បេសកកម្ម​ផ្សព្វផ្សាយ​លើក​ស្ទួយ ​អភិរក្ស​វប្បធម៌​ខ្មែរ រថយន្ត ២៥ កៅអី​ពណ៌​ខៀវ​ ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៣ ហើយ​ធ្លាប់​តែ​នាំ​សិល្បករ​​ធ្វើ​ដំណើរ​​ទៅ​គ្រប់​ច្រក​ល្ហក​នៃ​ប្រទេស​កម្ពុជា​ ពេល​នេះ​​បាន​បង្កើត​កម្មវិធី​ផ្សាយផ្ទាល់​តាម​បណ្ដាញ​សង្គម​លើ​ប្រធានបទ​ផ្សេងៗ​ផ្សារ​ភ្ជាប់​ទៅ​នឹង​សិល្បៈ។

«តន្ត្រី និង​កសិកម្ម​» គឺ​ជា​កម្មវិធី​បទ​បង្ហាញ​របស់​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ដោយ​មាន​ការ​ចូលរួម​ពី​វាគ្មិន សុខ សុធារតន៍ ជាស្ថាបនិក​ជន្លេន ជា​គម្រោង​​កែប្រែ​កាក​សំណល់​សរីរាង្គ​ទៅ​ជា​ជី​ជន្លេន រួម​​ជាមួយ​អ្នក​សម្រប​សម្រួល ជុំវណ្ណ សូដាជីវី (ប៊ែល) ជា​នាដកា​របាំ​សហសម័យ និង​ជា​គ្រូ​បង្រៀន​​ផ្នែក​ដឹកនាំ​រឿង ទម្រង់​របាំ​បុរាណ និង​របាំ​សហសម័យ​នៅ​មហា​វិទ្យាល័យ​សិល្បៈ​នាដសាស្រ្ត នៃ​សាកល​​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

ក្រៅ​ពី​វត្តមាន​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​វ័យ​ក្មេង កញ្ញា សុធារតន៍ «តន្ត្រី និង​កសិកម្ម» ក៏​មាន​ការ​ចូលរួម​ពី​សិល្បករ យឹង យន ជា​អ្នក​ចម្រៀង និង​ជា​សិល្បករ​ដ៏​ឆ្នើម​មួយ​រូប​មាន​ទេពកោសល្យ​ទាំង​ផ្នែក​កំណាព្យ​ខ្មែរ និង​ចម្រៀង​សម័យ​ និង​តន្ត្រីករ សួន សុភ័ក្ត្រ សិល្បករ​ឯករាជ្យ​ផង​ដែរ។

ការ​បក​ស្រាយ​លម្អិត​មាន​នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​របស់​រថយន្ត​តន្ត្រី​ទិព្វ​​ខ្មែរ​ក្រោម​ប្រធានបទ «តន្ត្រី និង កសិកម្ម» ដែល​ធ្វើ​ឡើង​នៅ​ម៉ោង ៦ ដល់ ៧ ល្ងាច នា​ថ្ងៃ​ពុធ​ ទី ១៥ ខែ​កក្កដា ម្សិលមិញ​នេះ​។

ជា​គម្រោង​ឯករាជ្យ​បង្កើត​ឡើង​ដោយ​លោក អាន ចនផន ជា​ស្ថាបនិក និង ស្ទីវ រីដ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​មាន​បេសកកម្ម​នាំ​យក​តន្ត្រី​បុរាណ​ទៅ​កាន់​ភូមិ​នានា​ ​ជា​ពិសេស​តំបន់​ជន​បទ​ដាច់​ស្រយាល​ និង​ទី​មាន​ជនជាតិ​ដើម​ភាគ​តិច ​ដែល​ពុំ​សូវ​មាន​ឱកាស​បាន​ទស្សនា​ផ្ទាំង​ទស្សនីយភាព​​សិល្បៈ​តន្ត្រី​។

រថយន្តតន្ត្រីទិព្វ​ខ្មែរ​​ ធ្វើបេសកកម្ម​ចុះតាមខេត្ត និង​ភូមិដ្ឋាន​ ដើម្បី​ផ្សព្វផ្សាយសិល្បៈ។ រូបថត សហ​ការី

ស្ថាបនិក​គម្រោង​នេះ​​​ធ្លាប់​បាន​ទស្សនា​​ការ​សម្ដែង​របស់​តាហៃ​ នៅ​តំបន់​ដាច់​ស្រយាល​មួយ​​ខេត្ត​ឧត្តរមានជ័យ និង​បាន​ឃើញ​អ្នក​ភូមិ​​ចេញ​មក​ស្ដាប់​ការ​ប្រគំ​តន្ត្រី​បុរាណ​ដោយ​ផ្ទាល់​ជា​លើក​ទី ១ ក្នុង​ជីវិត។

ដូច្នេះ​គម្រោង​រថយន្ត​តន្ត្រី​​ទិព្វ​ខ្មែរ​ក៏​ចាប់​ផ្ដើម​ឡើង​ដោយ​ចេញ​សម្ដែង​ទូទាំង​​ប្រទេស ដោយ​ខិតខំ​រក្សា​ទម្រង់​​សិល្បៈ​កម្រៗ​របស់​ខ្មែរ​ឲ្យ​នៅ​មាន​សកម្មភាព​រហូត​មក​ក្នុង​សង្គម​ខ្មែរ។

ក្នុង​ឆ្នាំ ​២០១៧ គម្រោង​នេះ​​បាន​ក្លាយ​ជា​កម្មវិធី​មួយ​របស់​អង្គការ​សិល្បៈ​​​ខ្មែរ​អមតៈ​ ដែល​មាន​បទពិសោធ​ជាង ២ ទសវត្សរ៍​ លើ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​នៅ​ប្រទេស​​កម្ពុជា។

តួនាទី​សំខាន់​មួយ​របស់​តន្ត្រី ​គឺ​ជួយ​ផ្សះផ្សារ​ផ្លូវ​ចិត្ត បង្ក​ភាព​សប្បាយ​រីករាយ និង​ធ្វើ​ឲ្យ​អ្នក​ស្តាប់​មាន​អារម្មណ៍​ស្រស់ថ្លា។

ដូច្នេះ​ហើយ​ទើប​កាល​ពី​ខែ​មិថុនា រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ បាន​ជ្រើសរើស​ប្រធានបទ ២ គឺ​​ «តន្ត្រី និង​ការ​អប់រំ​ចិត្ត» និង​​ «តន្ត្រី និង​បរិស្ថាន» មុន​នឹង​បន្ត​ដល់​ប្រធានបទ «តន្ត្រី និង​កសិកម្ម» នៅ​ថ្ងៃទី ១៥ ខែ​កក្កដា​។

នៅ​ពេល​បាន​ស្តាប់​​តន្ត្រី ​កសិករ​រីករាយ​ក្នុង​ការ​បំពេញ​ការងារ និង​អាច​​ទទួល​បាន​សារ​អប់រំ និង​លើក​ទឹក​ចិត្ត​យ៉ាង​ឆាប់​រហ័ស​តាមរយៈ​តន្ត្រី។

វីដេអូ​បទ​បង្ហាញ​អំពី ​«តន្ត្រី និង​កសិកម្ម​» អាច​ទស្សនា​​តាមរយៈ​ទំព័រ​ហ្វេសប៊ុក រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ៕