ភ្នំពេញ៖ ពិព័រណ៍​ស្នាដៃ​សិល្បៈ​បង្កើត​ថ្មី​របស់​សិល្បករ ​២ ​រូប ​​គឺ​​កញ្ញា ជា ដាលីន និង​លោក ថោង វុទ្ធី​ នឹង​​សម្ពោធ​នៅ​ឯ​វិចិត្រសាល​ទទឹម ចាប់​ពី​​ល្ងាច​ថ្ងៃទី ​១៨ ខែ​មីនា ​នេះ និង​បន្ត​ដល់​ថ្ងៃទី ​១៨ ខែ ​មិថុនា ឆ្នាំ ​២០២០​ ក្រោម​​ប្រធានបទ​ថា «លំហូរ»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​គេហទំព័រ​ផ្លូវ​ការ​របស់​វិចិត្រសាល​​ឈ្មោះ​ទទឹម​បាន​ឲ្យ​ដឹង​ថា៖ «លំហូរ គឺ​ជា​ពិព័រណ៍​បង្ហាញ​នូវ​ស្នាដៃ​ថ្មី​របស់ សិល្បករ ២ រូប គឺ​កញ្ញា ជា ដាលីន និង​លោក ថោង វុទ្ធី។ ​កញ្ញា ជា ដា​លីន នឹង​​លើក​បញ្ហា​សង្គម​ និង​ពាក្យ​ស្លោក​ខ្មែរ​​ថា​ ឃ្លោក​លិច អំបែង​អណ្ដែត មក​ពិចារណា។ ខណៈ​អំណាច និង​ការ​ចង់​​មាន​ចង់​បាន ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់ប្តូរ ភ្លេច​គិត​ពី​ភាព​សមហេតុ​សមផល ភ្លេច​​គោរព​អ្នក​​ដទៃ​ បង្ក​​ផលវិបាក​ដល់​ប្រជាជន​ក្រីក្រ ​រំលោភ​បំពាន​​លើ​ទ្រព្យ​សម្បត្តិ​ធម្មជាតិ​ និង​ទ្រព្យ​សម្បត្តិ​​បុគ្គល​​ជា​ដើម។ នេះ​​ជា​លំហូរ​​ទុក្ខ​សោក​មួយ​ ដែល​កំពុង​តែ​ស្ថិត​នៅ​ជាប់​ក្នុង​សង្គម​បច្ចុប្បន្ន​​នេះ​។​ នៅ​​​ក្នុង​​ស្នាដៃ​ថា «ព្រំដែន​ជីវិត» របស់​កញ្ញា​ ដាលីន បាន​បង្តើត​រូបភាព​បញ្រ្ចាស​ពី​រឿង​​​ឆ្មា​កណ្តុរ​ ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​នៅ​ក្នុង​​សង្គម​ ដែល​បញ្ហា​ជា​​ច្រើន​បក​ស្រាយ​​តាមរយៈ​រូប​គំនូរ​ទាំង ​៩ ផ្ទាំង របស់​​កញ្ញា​»។

សេចក្តី​ប្រកាស​ដដែល​នេះ​ បាន​​បន្ត​ឲ្យ​ដឹង​ថា៖ «​ចំណែក​ឯ​លោក ថោង វុទ្ធី នឹង​​លើក​យក​បញ្ហា​បន្លែ ផ្លែ​ឈើ និង​សាច់ ​មក​បង្ហាញ​។ នាពេល​បច្ចុប្បន្ន​ប្រទេស ​កម្ពុជា​ មិន​អាច​ផលិត ​និង​ផ្គត់ផ្គង់​បន្លែ ​ផ្លែឈើ ​និង​សាច់​​គ្រប់គ្រាន់​ដល់​​​​ប្រជា​ពលរដ្ឋ​ យើង​បាន​នាំ​​ចូល​​បន្ថែម​​​​ពី​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។ នេះ​គឺ​ជា​លំហូរ​មួយ​​នៃ​ការ​នាំចូល​មាន​កាន់​តែ​ច្រើន​បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ពាល់​​ទៅ​​ដល់​បរិស្ថាន​រស់នៅ ដូច​ជា ​រឿង​ប្លាស្ទិក​ និង​សារធាតុ​គីមី​ជា​ច្រើន ដែល​​មាន​នៅ​ក្នុង​​​ចំណី​អាហារ​​ទាំង​អស់​នេះ។ ស្នាដៃ​​លោក​ វុទ្ធី ឈ្មោះ​ថា ​«វង្វេង​​​ភព​» បង្កើត​​ភាព​ទាក់ទាញ​​​ចំណាប់​អារម្មណ៍​​មនុស្ស​ទូទៅ ​កុំ​ឲ្យ​មើល​​រំលង​​ការ​រស់នៅ​​ប្រចាំ​ថ្ងៃ​​របស់​​គេ​។ លោក​ក៏​បាន​​​​​បង្កើត​​​​រូបថត​ចំនួន ​១៥ សន្លឹក ​ដែល​និយាយ​ពី​​តំបន់​​អវកាស​ ទី​អណ្តែត​ វត្ថុ​​ហោះ​ក្នុង​លម្ហ​​ជា​​​ដើម»។

ស្នាដៃគំនូរ​របស់​វិចិត្រករ​ស្រី​កញ្ញា ជា ដាលីន ដែល​ត្រូវ​ដាក់​តាំង​នៅ​វិចិត្រសាល​ទទឹម​ល្ងាចនេះ​​​។ រូបថត ទទឹម-TorTim Page

គួរ​បញ្ជាក់​ដែរ​ថា សិល្បការិនី​ កញ្ញា​ ជា ដាលីន កើត​នៅ​ឆ្នាំ ១៩៩៩ ​ដោយ​​​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី ​៣ ផ្នែក​គំនូរ​នៅ​​​ឯ​សាកល​​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​ ក្រៅ​ពី​ថ្នាក់​គំនូរ​នេះ​ កញ្ញា​ក៏​ ដាលីន ក៏​បាន​សិក្សា​របាំ​បុរាណ​​ផង​ដែរ ខណៈ​​នាង​​បាន​បញ្ចប់​ថ្នាក់​សិល្បៈ​សហសម័យ ​នៅ​គម្រោង​សិល្បៈ​​ស-ស កាល​ពី​ឆ្នាំ ​២០១៩ កន្លង​មក។

សេចក្តី​ប្រកាស​ខាង​លើ​បង្ហើប​​​ឲ្យ​ដឹង​ថា៖​ «កញ្ញា ដាលីន ​ចាប់​អារម្មណ៍​​លើ​ការ​បង្កើត​​ស្នាដៃ​ច្នៃ​ប្រឌិត​បែប​ ប្រវត្តិសាស្រ្ត ​និង​លើក​ពី​​បញ្ហា​​នៃ​​អយុត្តិធម៌​សង្គម​។ កញ្ញា ដាលីន បាន​ចូល​​​រួម​​ក្នុង​កម្មវិធី​សម្តែង CHINGAY ធ្វើ​នៅ​​​ឯ​ប្រទេស ​សិង្ហបុរី កាល​ពី​ឆ្នាំ ២០១៩ កន្លង​មក​។ ការងារ​សិល្បៈ ព្រំដែន​ជីវិត ឆ្នាំ ២០១៩ បាន​​ចូលរួម​​ពិព័រណ៍​បញ្ចប់​នូវ​​ថ្នាក់​សិល្បៈ​សហ​សម័យ​​មួយ​ឈ្មោះ​ថា​ ​«ដង្ហើម» នៅ​ឯ​​គម្រោង​សិល្បៈ​ស-ស​ ​ឆ្នាំ ​២០២០។

ដោយ​ឡែក​លោក ថោង វុទ្ធី ​វិញ​កើត​ឆ្នាំ ​១៩៨៩​ មាន​ស្រុក​​កំណើត​​នៅ​​ខេត្ត​កណ្តាល ​គឺ​ជា​កូន​អ្នក​ធ្វើ​​ស្មិត​​សិល្បៈ​​​ខ្មែរ ​ នាពេល​បច្នុប្បន្ន​ លោក​​​​​ជា​​​អ្នក​រចនា​ក្រាហ្វិក និង​​ជា​អ្នក​ថតរូប​ឯករាជ្យ។ លោក​​ចាប់​​ផ្តើម​​​​​​ថត​រូប​​​​នៅ​ឆ្នាំ ​២០១៣ នៅ​​ឆ្នាំ ​២០១៤ ​និង​​ឆ្នាំ​​ ​២០១៥ ​​​​​បញ្ជាប់​ការ​សិក្សា​នៅ​ថ្នាក់​ថតរូប​ស្ទូឌីយោ​រូបភាព​ នៅឯ​មជ្ឈមណ្ឌល​​បារាំង​ប្រចាំ​នៅ​កម្ពុជា​៕​