ភ្នំពេញ៖ ផ្ទាំង​គំនូរ​សហសម័យ​​ស្នាដៃ​វិចិត្រករ​ស្រី​រូប​ស្រស់​ជនជាតិ​កូរ៉េ​ និង​រូបថត​រំលេច​ពន្លឺ​ភ្លើង​លើ​​រូប​កាយ​​របស់​អ្នក​ថត​រូប​ជនជាតិ​អ៊ីតាលី ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​វិចិត្រសាល​ស្រាអាត ចាប់​តាំង​​ពី​ថ្ងៃទី ៣១ ខែ​តុលា រហូត​ដល់​ថ្ងៃទី ១៩ ខែ​ធ្នូ​ ក្រោម​ចំណង​ជើង​ថា​ពិព័រណ៍ ​«បន្ទប់​ខាង​ក្នុង» (The Inner Room)។

បង្កប់​នូវ​​អត្ថន័យ​​ស្ដែង​ពី​ភាព​ភ័យ​​​ខ្លាច​របស់​បុគ្គល​នីមួយៗ​ ពិព័រណ៍​នេះ​ជា​ការ​សហការ​រវាង​សិល្បការិនី​ជនជាតិ​កូរ៉េ ​​អ្នកនាង​ អ៊ីនជី យន់ និង​​អ្នក​ថត​រូប​ដើម​កំណើត​អ៊ីតាលី លោក Gian Claudio Di Cecco។

សិល្បការិនី​រូប​ស្រស់​ជនជាតិ​កូរ៉េ អ៊ីនជី យន់ ជា​អ្នក​​ជំនាញ​ផាត់​មុខ​តួអង្គ និង​ជា​អ្នក​គូរ​គំនូរ​ បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​សិល្បៈ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

វិចិត្រករ​​​ស្រី​កូរ៉េ​រូប​ស្រស់​រូប​នេះ​បាន​លើក​ឡើង​ថា៖ «ក្នុង​វេលា​​ជា​អ្នក​សិល្បៈ ​១ ​រូប ខ្ញុំ​បាន​ដឹង​ថា មនុស្ស​​យើង​​នៅ​ពេល​​​ដែល​បិទ​បាំង​ដោយ​ការ​តុបតែង​​ផាត់​មុខ ឬ​ប្រែ​កាយ​ជា​តួអង្គ​មួយ​ផ្សេង​ពី​ខ្លួន​យើង ​យើង​មាន​អារម្មណ៍​ថា​​ ស្រួល​ក្នុង​ចិត្ត។ ខ្ញុំ​ក៏​​​ចាប់​ផ្ដើម​​សួរ​ខ្លួន​ឯង​ថា​តើ​ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​​មាន​​អារម្មណ៍​​​បែប​នេះ នៅ​ពេល​ដែល​យើង​ដើរ​តួ​ជា​តួអង្គ ​១ ​ផ្សេង​ទៀត​ ដែល​មិនមែន​ជា​ខ្លួន​យើង?​​»​​។

អ្នកនាង អ៊ីនជី ​បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​ច្រើន​ ដើម្បី​សន្សំ​បទពិសោធ​ពី​ជំនាញ​សិល្បៈ​ទាំង​នេះ។

សិល្បការិនី​កូរ៉េ អីុនជី យន់ នាថ្ងៃ​បើកសម្ពោធ​ពិព័រណ៍​។ រូបថត សហ​ការី

អារម្មណ៍​ភ័យ​ខ្លាច ការ​ឈឺ​ចាប់ ការ​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​គិត​​​ត្រិះរិះ​ពិចារណា និង​បទពិសោធ​​បាក់​ស្បាត អាច​ជះ​ឥទ្ធិពល​ដល់​​មនុស្ស​​ក្នុង​ការ​ជឿ​ជាក់​លើ​ធាតុ​ពិត​របស់​ខ្លួន។

នាង​​ទទួល​ស្គាល់​ថា មិនមែន​សុទ្ធ​តែ​មនុស្ស​គ្រប់គ្នា​ទាំង​អស់​យល់​ឃើញ​ដូច្នោះ​​ទេ ប៉ុន្តែ​អារម្មណ៍​​ស្រណុក​ក្នុង​ចិត្ត​​នៅ​ពេល ​ដែល​បាន​​តុបតែង​កាយ​ជា​មនុស្ស​ផ្សេង​នោះ ពិត​ជា​មិន​អាច​បដិសេធ​បាន​ចំពោះ​មនុស្ស​​មួយ​ចំនួន​ទៀត។

ដូច្នេះ​ហើយ អ្នកនាង អ៊ីនជី ទទូច​ថា​បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​ក្លាហាន​ប្រឈម​នឹង​អារម្មណ៍​ដ៏​ច្របូក​ច្របល់​ទាំង​នេះ ហើយ​សិល្បៈ​ក៏​អាច​ដើរ​តួនាទី​ក្នុង​ការ​ព្យាបាល​ផ្លូវ​ចិត្ត​អារម្មណ៍​ផង​ដែរ​។

នាង​បាន​លើក​ឡើង​ថា៖ «វា​ពិត​ជា​ពិបាក​នឹង​ទទួល​ស្គាល់​​ថា​ ការ​រីករាយ​នឹង​​តែង​ខ្លួន​ជា​​អ្នក​ដទៃ​ធ្វើ​ឱ្យ​យើង​សប្បាយ​ចិត្ត តែ​នេះ​​ជា​ការ​ពិត​ក្នុង​ករណី​​​មួយ​ចំនួន​។ ខណៈ​ដែល​សំណេរ​​តាម​ប្លុក ​កម្មវិធី​ទូរទស្សន៍ ភាពយន្ត​ឯកសារ និង​​ការ​ផ្សព្វផ្សាយ​នានា​សុទ្ធ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​យើង​ស្រឡាញ់​ខ្លួន​ឯង​ក្នុង​នាម​ជា​ខ្លួន​ឯង»។

ជាមួយ​ស្នាដៃ​​​គំនូរ​សហសម័យ​​​​សម្ពោធ​ពិព័រណ៍​​ចំ​ថ្ងៃ​​បុណ្យ​ហាឡូវីន​ អ្នកនាង​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​ចង់​លើក​កម្ពស់​ការ​យល់​ដឹង​​អារម្មណ៍​ដែល​​លាក់​ទុក​ក្នុង​ខ្លួន​យើង​ម្នាក់ៗ និង​​ជំរុញ​ស្មារតី​​ពី​ភាព​អវិជ្ជមាន​​ដ៏​អយុត្តិធម៌​ ដែល​​រារាំង​យើង​​ក្នុង​ការ​ដើរ​តួ​ជា​ធាតុ​ពិត​របស់​យើង»។

ស្នាដៃ​ដាក់​តាំង​​​ក្នុង​វិចិត្រសាល​រួម​គ្នា​ជាមួយ​អ្នកនាង អ៊ីនជី គឺ​ជា​រូបថត​របស់​​​លោក Gian Claudio Di Cecco ដែល​ប្រើ​បច្ចេកទេស​ពន្លឺ​​​លើ​រាង​កាយ​មនុស្ស​ក្នុង​ការ​ផ្ដិត​យក​រូបភាព​សិល្បៈ​។

បណ្ដុំ​រូបថត​​ដោយ​ប្រើប្រាស់​ពន្លឺ​ភ្លើង​បញ្ចាំង​លើ​រាងកាយ​នារី ជាស្នាដៃអ្នកថត​រូបអីុតាលី។ រូបថត សហ​ការី

សិល្បករ​ថតរូប​មក​ពី​ទឹក​ដី​ក្រុង​ស៊ីស៊ីលី ដែល​សម្បូរ​ភ្នំ​ភ្លើង​ជាប់​សមុទ្រ​​​នៅ​ប្រទេស​អ៊ីតាលី បាន​លើក​ឡើង​ថា៖ «ដោយសារ​​​តែ​ខ្ញុំ​អសមត្ថភាព​ក្នុង​ការ​គូរ​រូប​រាង​មនុស្ស​ ដូច្នេះ​ក្នុង​ក៏​ជ្រើសរើស​យក​ការ​ថត​រូប ដោយ​ប្រើប្រាស់​​ពន្លឺ​បញ្ចាំង​លើ​ស្បែក​រាង​កាយ ជា​ទម្រង់​ផ្សេងៗ»។

កម្រង​រូបភាព​នេះ​​ជា​ទម្រង់​កាយ​មនុស្ស​ស្រី​ជា​ទម្រង់​​​ខ្សែ​ពន្លឺ​រំលេច​ឡើង​លើ​រាងកាយ​នាង ដែល​ផុស​ឡើង​​ពោរពេញ​ដោយ​ថាមពល​ពី​ពិភព​សុបិន​​នៃ​ទី​ងងឹត​ស្លុប។

អ្នក​​ថត​រូប​សិល្បៈ​ដើម​កំណើត​​អ៊ីតាលី​រូប​នេះ​បាន​បញ្ចេញ​ទស្សនៈ​ឡើង​​​ថា៖ «ដោយសារ​តាម​ការ​ពិត​ទៅ រូបភាព​គឺ​ជា​ពន្លឺ វា​គឺ​ជា​ពន្លឺ​សុទ្ធសាធ។ ពេល​​អ្នក​ឃើញ​រូប​ខ្ញុំ តាម​ពិត​អ្នក​មិន​ប្រាកដ​ថា​ឃើញ​ខ្ញុំ​នោះ​ទេ វា​ជា​ពន្លឺ​ចាំង​ឆ្លុះ​លើ​ខ្ញុំ។ នេះ​ហើយ​គឺ​ជា​រូបភាព»។

ពិព័រណ៍ The Inner Room នឹង​បន្ត​ដាក់​តាំង​រហូត​ដល់​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ​២០២០។ វិចិត្រសាលសហសម័យ ​ស្រា​អាត ស្ថិត​នៅ​​លើវិថី​សុធារស ម្ដុំ​​​សារមន្ទីរជាតិ​ និង​ព្រះបរមរាជវាំង​។ ​ព័ត៌មាន​​បន្ថែម​មាន​នៅ​​ហ្វេសប៊ុក​​ផេក​ @sraartstudio ឬ​​អ៊ីនស្តាក្រាម​ @sraart_studio ឬ​ចូល​ទៅ​កាន់​ វេបសាយ​ https://www.sraartstudios.com/ ឬ​ខល​ទៅ​កាន់​លេខ ០៨១ ៤៦១ ៧១១៕