កំពង់ធំៈ ពិតជាគួរឲ្យអនិច្ចាខ្លាំងណាស់ ដៃលើកប្រណម្យសុំចង់ឲ្យមានអគារសិក្សាថ្ម ខណៈសម័យនេះទៅហើយ នៅមានក្រុមសិស្សានុសិស្សបឋមសិក្សានៅខ្វះអគារសិក្សា និងគ្រូបង្រៀនទៀត មិនគួរឲ្យជឿគឺពួកគេកំពុងតែរៀននៅបន្ទប់បាំងស្លឹកក្រោមផ្ទះយ៉ាងកម្សត់។ នេះបើតាមការបង្ហោះ បង្ហាញនូវបណ្តុំរូបថត និងវីដេអូ ស្តីអំពីសាលាបឋមសិក្សាមួយឈ្មោះ «ថ្នាក់បំប៉នបឹងស្បូវ» មានទីតាំងស្ថិតនៅក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើយោងតាម ព្រះតេជគុណព្រះនាម ស៊ាន ច័ន្ទដារ៉ា ដែលជាព្រះសង្ឃសកម្មនឹងទង្វើសប្បុរសធម៌នាំយកអំណោយចែកជូនដល់ជនក្រីក្រ ចាស់ជរា និងកុមារកំព្រាខ្វះខាតនៅទីនានានោះ មានសង្ឃដីកាឲ្យដឹងថា៖ «ក្មេងៗនៅទីនោះ មានវ័យចម្រុះគ្នាតែម្តងដោយមានចន្លោះពី ៥ ឆ្នាំ ទៅ ៦ ឆ្នាំ និងចន្លោះពី ១០ ឆ្នាំទៅ ១៤ ឆ្នាំ ក៏មាន។ តាមសម្តីរបស់លោកគ្រូបង្រៀនសិស្សទាំងអស់នោះ គឺសិស្សានុសិស្សមានចំនួនសរុប ៧២ នាក់។ ពួកគេកំពុងតែរៀននៅថ្នាក់ទី ១ ថ្នាក់ទី ២ និងថ្នាក់ទី ៣ តែមានគ្រូបង្រៀនតែម្នាក់គត់ ដែលគាត់គឺមានភាពពិការជើងស្វិតទាំង ២ និងមានវ័យជាង ៤០ ឆ្នាំទៅហើយ»។
ព្រះតេជគុណ ស៊ាន ច័ន្ទដារ៉ា ដែលគង់នៅវត្តធម្មយុត្តិ ស្ថិតនៅទីប្រជុំជនខេត្តកំពង់ឆ្នាំង ហើយបាននាំយកនូវសម្ភារបរិក្ខារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្សថ្មីៗនេះក្រោយពីបានឮដំណឹងតាមបណ្តាញសង្គមមកនោះ បន្តថា៖ «ក្រោយពីបានឃើញរូបភាពនៅតាមបណ្តាញសង្គមមក អាត្មា និងព្រះគ្រូនៅវត្តធម្មយុត្តិ បាននាំយកជាសម្ភារកាតាប និងសៀវភៅ ប៊ិកខ្លះ ទៅចែកដល់ក្រុមក្មេងទាំង នោះ ខណៈអាត្មាមិនបានដឹងចំនួនជាមុន ទើបយកបានចំនួន ៥០ កាតាប តែប៉ុណ្ណោះចែកពួកគេ ដោយខ្វះ ២២ កាតាបបន្ថែមទៀត ទើបគ្រប់ចំនួន។ តំបន់នេះ សិស្សានុសិស្សមានការលំបាកគ្រប់យ៉ាងទាំងសម្ភារសិក្សា ថ្នាក់សិក្សា (អគារ) មានតែបន្ទប់ប៉ុណ្ណោះ ហើយមានសិស្សរៀន ៧២ នាក់ និងមានគ្រូតែម្នាក់គត់គឺជាគ្រូស្ម័គ្រចិត្ត។ រាល់ថ្ងៃគាត់ចែកម៉ោងជា ៣ ពេល ទៅតាមចំនួនថ្នាក់ទី ១ ទី ២ និងទី ៣ គឺគាត់បង្រៀនមួយកម្រិត ២ ម៉ោង។ ខណៈក្រុមក្មេងៗក៏ប្រថុយប្រថានផងដែរ នារដូវវស្សា ដោយសារពួកគេត្រូវជិះទូកឆ្លងទន្លេរាប់ម៉ោងដើម្បីទៅសាលាព្រោះតែសាលានៅលើតំបន់ទួល ដែលមានទឹកលិច ជុំវិញ»។
ក្រោយពីបានទៅដល់ទីនោះ ព្រះតេជគុណក៏បានថតវីដេអូបង្ហាញភាពខ្វះខាតនៃសាលាបឹងស្បូវ មកចែកជូនបងប្អូនញាតិញោមពុទ្ធបរិស័ទទស្សនា និងនាំពាក្យពេចន៍ ដែលជាការចង់បានដ៏ចម្បងពីសិស្សានុសិស្ស លោកគ្រូ និងឪពុកម្តាយសិស្ស។ តម្រូវការដោយទទូចនោះ ភិក្ខុ ស៊ាន ច័ន្ទដារ៉ា មានសង្ឃដីកាថា៖ «ទាំងសិស្ស ទាំងគ្រូ និងញាតិញោមជាឪពុកម្តាយសិស្សទាំងនោះគឺចង់បានអគារសិក្សា គ្រូស្ម័គ្រចិត្តបន្ថែម និងអាចផ្គត់ផ្គង់ប្រាក់ខែជូនលោកគ្រូផងដែរ»៕