ភ្នំពេញៈ ខណៈ​តារាចម្រៀង និង​សិល្បករ-សិល្បការិនី មាន​វ័យ​ស្របាល​គ្នា​រក​ឃើញ​ម្ចាស់​បេះដូង​ពិត ហើយ​ក៏​ចូល​រោង​ជ័យ​តាម​ប្រពៃណី​ជា​បន្ត​បន្ទាប់​នោះ សុខៗ ស្រាប់​តែ តារា​ចម្រៀង​ស្រី​សាច់​ស​ខ្ចី កំពុង​តែ​ឆក់​ភាព​ល្បី​ខ្លាំង​នៃ​ទ្រនំ​ហង្សមាស កញ្ញា សួស វីហ្សា ចេញ​សារ​ទម្លាយ​ពី​ជម្រៅ​ចិត្ត​ពិត​រឿង​ខ្លួន​ជិត​ជួប​គូ​ជីវិត ទោះបី​ពុំទាន់​សម​តាម​ក្តី​បំណង​ទាំង​ស្រុង​នៅ​ឡើយ​ក្តី។

តារាចម្រៀង​ស្រី ដែល​ទាញ​បាន​ប្រជាប្រិយភាព ហក់​ឡើង​ខ្លាំង​ពី​អ្នក​គាំទ្រ ដោយ​ចេញ​បទ​ចម្រៀង​ថ្មីៗ និង​ស្ទីល​តែង​ខ្លួន​បែប​ច្នៃ​ប្រឌិត​ប្លែក​ភ្នែក​មាន​រូប​សម្ផស្ស​សាច់​សខ្ចី ជ្រក​នៅ​ទ្រនំ​ហង្សមាស កញ្ញា សួស វីហ្សា ដែល​ទើប​តែ​ស្ងប់​រលក​ព័ត៌មាន​ចចាម​អារ៉ាម​រឿង​អាស្រូវ​ចោទ​ប្រកាន់​ថា នាង​មាន​ស្នេហ៍​ជាមួយ​ថ្នាក់​ដឹកនាំ​រហូត​ដល់​ល្បី​មាន​ស្នេហ៍​រួម​ដំបូល​នឹង​តារា​ប្រុស​វ័យ​ក្មេង​គឺ​លោក ថមមី និង​ចុង​ក្រោយ​លេច​ឮ​ដំណឹង​ថា នាង​ជិត​ចូល​រោងការ រហូត​នាង បាន​ចេញ​បក​ស្រាយ​ការ​ពិត​ដើម្បី​ឲ្យ​អស់​មន្ទិល។

តែថ្មីៗនេះ តារាចម្រៀង​ស្រី ដែល​ទើប​ក្តាប់បាន​ឱកាស​ធំ​មួយ​គឺ​ដណ្តើម​យកបាន​កៅអី​ជា​គ្រូបង្វឹក​ពី​នាង សុគន្ធ នីសា ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក The Voice Kids Cambodia នៅ​រដូវ​កាល​ទី ២ បង្ហើរ​សារ​ដ៏​វែង​អន្លាយ​មួយ​ពី​ភាព​ជោគ​ជ័យ​នៃ​អាជីព​សិល្បៈ​ខ្លួន​ផង និង​ទម្លាយ​រឿង​ចង់​រក​គូ​គ្រង​សម្រាប់​ជីវិត​ផង តែ​នៅ​ពុំទាន់​បាន​សម​នឹង​ក្តី​ប្រាថ្នា។

សុខៗ កញ្ញា សួស វី​ហ្សា តារាចម្រៀង​ស្រី​កំពុង​តែមាន​រាសី​ឡើងក្រឺតៗ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង ទម្លាយ​សារ​ប្រាប់​រឿង​ផ្ទាល់​ខ្លួន​នាង​តាម​បណ្តាញ​សង្គម ដូច្នេះ​ថា៖ «អាយុ​ច្រើន​ហើយ!​ហើយ​ជីវិត​គ្រួសារ ជីវិត​ការងារ​ក៏​ជោគ​ជ័យ​ច្រើន​ហើយ​ដែរ!​នៅ​ឡើយ​តែ​រឿង​ជីវិត​គូ មិន​ដឹង​ពេល​ណា​អាច​ជោគ​ជ័យ​ដូច​គេ។ តែ​ក៏​សង្ឃឹម​ថា នឹង​ជោគ​ជ័យ​ឆាប់ៗ​ព្រោះ​ខ្ញុំ​បាន​សម្លឹង​ឃើញ​មនុស្ស​ល្អ​ម្នាក់​រួច​ហើយ​ដែរ ហើយ​ម្នាក់​នោះ គឺ​តែង​តែ​នៅ​ក្បែរ​ខ្ញុំ​គ្រប់​ពេល​មិន​ដែល​រត់​ចោល​ខ្ញុំ​ទេ ដែល​សំខាន់​គឺ​គេ​អាច​ទ្រាំ​នឹង​ចរិត​ខ្ញុំ និង​អាច​និយាយ​បាន​ថា គេ​យល់​ពី​ខ្ញុំ​ជាង​អ្នក​ណាៗ​ទាំង​អស់។ ទោះ​ជា​ម្នាក់​នោះ​ល្អ ឬ​មិន​ល្អ​នៅ​ក្នុង​ភ្នែក​អ្នក​ទាំង​អស់​គ្នា ទោះ​អ្នក​គ្រប់គ្នា​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​គឺ​វា​លែង​សំខាន់​ដែរ​ហើយ។ សម្រាប់​ខ្ញុំ អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​ពេញ​ចិត្ត!»។

ការពិត ឬ​គ្រាន់​ជា​សារ​លេងសើច​នោះ ក៏​ពុំទាន់​បាន​បកស្រាយ​បញ្ជាក់​ច្បាស់​ពី​កញ្ញា សួស វីហ្សា ដែរ ដោយ​សារ​លេខ​ទូរស័ព្ទ​របស់​នាង​ធ្លាប់​ទំនាក់​ទំនង​ពី​មុន​ពុំ​អាច​ទាក់​ទង​បាន​នា​ពេល​នេះ៕