ភ្នំពេញ៖ អ្នកមេម៉ាយកូនមួយចាយសម្រស់អ្នកនាង សុខ សោម៉ាវត្តី បន្ទាប់ពីបាត់មុខពីការថតកុនមួយរយៈ ទើបតែលេចមុខសម្តែងរឿងថ្មីផលិតកម្មអិលឌីរឿង «ប្រពន្ធខ្ញុំស្រលាញ់ស្រី» ដែលត្រូវសម្តែងជាតួស្រី មានចរិតដូចជាមនុស្សប្រុស និងស្រឡាញ់ភេទដូចគ្នា។
ទោះបីជាបាត់វត្តមានពីការសម្តែងរយៈពេលយូរក៏ពិតមែន ប៉ុន្តែតារាសម្តែងស្រីរូបនេះ នៅតែមានប្រជាប្រិយភាព និងការគាំទ្រពីមហាជនពេលលេចវត្តមានក្នុងកុនថ្មី ដោយសារតែភាពប៉ិនប្រសប់នៃការសម្តែងយ៉ាងក្រមិចក្រមើម។
នាជំនួបក្នុងរយៈពេលខ្លីនៃថ្ងៃសម្ពោធកុនដុំរឿង «ប្រពន្ធខ្ញុំស្រលាញ់ស្រី» កាលពីពេលថ្មីៗ តារាសម្តែងស្រីរូបសម្ផស្សស្រស់អ្នកនាង សុខ សោម៉ាវត្តី បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា៖ «តាមពិតទៅ ខ្ញុំមានភាពរវល់ច្រើន ជាមួយនឹងការបើកអាជីវកម្មផ្ទាល់ខ្លួន ទើបមិនបានទទួលថតរឿង ខណៈការងារនៅប៉ុស្តិ៍ក៏ច្រើនដែរ»។
គួរបញ្ជាក់ដែរថា តារាស្រីកូន ១ ពូកែវោហារសម្រស់ក្រមុំមិនដូររូបនេះ ផ្អាកតែការសម្តែងទេ តែចំពោះការងារជាពិធីការិនីនៅតែបន្ត ថែមទាំងជាតំណាងផ្សព្វផ្សាយទឹកដោះគោ NutriGold Cambodia ទៀតផង។
តារាសម្តែងស្រី សុខ សោម៉ាវត្តី ក៏បានបន្ថែមដូច្នេះទៀតថា៖ «ឥឡូវខ្ញុំមានក្រុមហ៊ុនគ្រឿងសម្អាងមួយ ហើយក៏កំពុងមានគម្រោងលក់ផលិតផលទាក់ទងជាមួយសុខភាពផងដែរ។ សម្រាប់ការទទួលថតវិញ ថតបានតែ ២ រឿងទេនៅឆ្នាំនេះ ឆ្នាំ ២០១៩»។
ចំពោះការងារសិល្បៈខាងសម្តែង តារាស្រីមេម៉ាយកូនមួយ កំពុងល្បីកំលោះសង្ហាកីឡាបាល់ទាត់ស្អំបេះដូងអ្នកនាង សុខ សោម៉ាវត្តី បានសម្តែងចំនួន ២ រឿងតែប៉ុណ្ណោះ ដោយរឿងទី ១ ជារឿងភាគកំពុងចាក់បញ្ចាំងនៅទូរទស្សន៍បាយ័ន «អ្នកស៊ើបអង្កេតខួរក្បាលអច្ឆរិយ» និងរឿងដុំ «ប្រពន្ធខ្ញុំស្រលាញ់ស្រី» ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងកុនផងដែរ។
ដោយសារមានសម្រស់នៅតែស្រស់ស្អាត គួបផ្សំជាមួយនឹងភាពប៉ិនប្រសប់នៃការសម្តែង ដែលអាចបត់បែនបានគ្រប់កាយវិការតាមដែលអ្នកដឹកនាំចង់បាន ព្រមទាំងខ្សែភាពយន្តដែលមានវត្តមាននាង តែងទទួលបានការគាំទ្រពីមហាជនធ្វើឲ្យតារាស្រីរូបនេះ នៅតែគ្រងតំណែងជាតួឯកស្រី បើទោះបីជាមានវ័យជ្រេបន្តិចមែនក្តី។
ទោះបីជាមានភាពមមាញឹកនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនយ៉ាងណា ក៏អ្នកនាង សុខ សោម៉ាវត្តី បានបញ្ជាក់ពីការបែងចែកពេលវេលាក្នុងការងារសិល្បៈដែរថា៖ «សម្រាប់ឆ្នាំថ្មី ២០២០ ខាងមុខនេះ ខ្ញុំមិនទាន់មានគម្រោងថា ថតរឿងថ្មីនោះទេ វាអាស្រ័យលើការបែងចែកពេលវេលា ប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំមិនឈប់ពីការសម្តែងនោះដែរ ដោយសារវាជាអាជីពដែលនាងខ្ញុំស្រឡាញ់ គ្រាន់តែថាយូរៗសម្តែង ១ រឿង ដើម្បីកុំឲ្យអ្នកគាំទ្រភ្លេចមុខ»៕