ភ្នំពេញៈ ក្រោយ​រយាល​ពីមុខ​កាមេរ៉ា​ថតកុន​ទាំង​ភាគ និង​ដុំ មួយរយៈ​មក​នោះ ក៏​ស្រាប់​តែ​អ្នក​មេម៉ាយ​កូន ១ ក្តៅ​ស្រួយ​អ្នក​នាង សុខ សោម៉ាវត្តី លេច​មុខ​នៅ​ក្នុង​កុន​ដុំ​ថ្មី​របស់​ផលិតកម្ម​រ៉ុក​រឿង «កែវ​វេទមន្ត» ដែល​បើក​សម្ពោធ​នៃ​ការ​ចាក់​បញ្ចាំង​នៅ​រោងកុន Prime Cineplex នៅ​ក្នុង​ផ្សារ​ទំនើប​សុវណ្ណា​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិលមិញ។

មហាជន​ភាគច្រើន​នៅចាំ​ថា កាលពី​ចុងឆ្នាំ ២០១៦ តារាសម្តែង​ស្រី​សម្បូរ​ទេពកោសល្យ​សម្តែង​ជា​តួ​បែប​ក្រមិច​ក្រមើម សុខ សោម៉ាវត្តី ធ្លាប់​បាន​បង្ហើរ​សារ​មួយ​ឃ្លា​យ៉ាង​ខ្លី​ក្នុង​អត្ថន័យ​បែប​ទាក់​ទាញ​ចំណាប់​អារម្មណ៍ ដែល​អម​ដោយ​រូបភាព​ចេញ​ដំណើរ​តាម​យន្តហោះ​ថា៖ «នឹក​អូន​តី​អត់? បើ​ពេល​ខាង​មុខ​ផ្អាក​ពី​សិល្បៈ​មួយរយៈ?» កក្រើក​តាម​បណ្តាញ​សង្គម​ដោយ​ពាំនាំ​ចម្ងល់​ជាច្រើន​ជុំវិញ​នឹង​សារ​របស់​នាង។

ក្រោយមកទៀត​នាង ពិតជា​បាន​ផ្អាក​ពី​ការថត​កុន​ទាំង​ដុំ និង​កុន​ភាគ​មួយរយៈ​មែន ក្រោម​ហេតុផល​ថា​ជាប់​រវល់​ខ្លាំង​ទៅ​នឹង​ការងារ​ជា​ពិធី​ការិនី​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន និង​ការងារ​ក្លាយជា​តំណាង​ទូត​សុច្ឆន្ទៈ​នៃ​ភេសជ្ជៈ​អូអ៊ិឈិ​ប្រមាណ​ជិត ២ ឆ្នាំ មក​ហើយ​នោះ។

តែថ្មីៗនេះ បែរជា​គេ​ឃើញ​តារា​សម្តែង​ស្រី​ល្បី​ខ្លាំង កាលពី​ប៉ុន្មាន​ឆ្នាំមុន និង​ជា​ម៉ូយ​ប្រចាំ​ផលិតកម្ម​មហាហង្ស មេម៉ាយ​កូន ១ សាច់​សខ្ចី លេច​មុខ​នៅ​ក្នុង​កុន​ដុំ​ថ្មី​របស់​ផលិតកម្ម​រ៉ុក​គួរ​ឲ្យ​កើត​ការ​ងឿង​ឆ្ងល់​សាជា​ថ្មី។

ភ្នំពេញ​ប៉ុស្តិ៍​ក៏​ទទួលបាន​នូវ​ការ​បកស្រាយ​ពី​សំណាក់​តារា​ស្រី មាន​រហស្សនាម​ថា តួ​ស្រី​ពូកែ​ខាង​លេង​ទឹក​មុខ​ក្រមិច​ក្រមើម​អ្នក នាង សុខ សោម៉ាវត្តី នា​ថ្ងៃ​បើក​សម្ពោធ​កុន​រឿង «កែវ​វេទមន្ត» ស្រាយ​ចម្ងល់​ដែល​មក​លេច​មុខ​សា​ជា​ថ្មី​នៅ​ក្នុង​កុន​របស់​ផលិតកម្ម​រ៉ុក​នេះ​ថា៖ «តាម​ពិត​ទៅ!​កុន​នេះ មិន​ថ្មី​ពេក ឬក៏​មិន​ចាស់​ពេក​ទេ​សម្រាប់​ការ​ថត​របស់​នាង​ខ្ញុំ​នោះ ហើយ​បើតាម​ខ្ញុំ​ចាំ គឺ​ថត​ដូចជា​រំលង​ចូល​រយៈពេល ១ ឆ្នាំ​ហើយ ពោល​ក្រោយ​ពី​ការ​ថត​កុន​ដុំ ១ ទៀត​របស់​ខ្ញុំ​នៅ​ផលិតកម្ម​រ៉ុក​គឺ​រឿង «អ្នក​ខូច​ចិត្ត​អាជីព» នោះ​ឯង។

តារា​សម្តែង​ស្រី​ដែលជា​ម៉ូយ​ប្រចាំ​ផលិត​កម្មមហា​ហង្ស សុខ សោ​ម៉ា វ​ត្តី មាន​រាសី​ឡើង​ខ្ពស់​ត្រដែត​លើ​ទីផ្សារ​ថតកុន និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​បន្ត​ជាប់​គ្នា​យ៉ាង​រដឹក​សឹង​តែ​គ្មាន​ពេល​ទំនេរ​ដូចជា​រឿង «ទឹក​ចិត្ត​ស្ត្រី​សម័យ​ទំនើប» ផលិតកម្ម​ថោន ក្រោម​ការ​ដឹកនាំ​សម្តែង​ដោយ​អ្នក​ស្រី ពាន់ ភួង​បុប្ផា ហើយ​រឿង «Hello លោកគ្រូ​កំលោះ» នៅ​ខាង​មហាហង្ស រឿង​ថ្មី «Supermom» និង​រឿង «អ្នក​ជំនាញ​ខូច​ចិត្ត» ផលិតកម្ម​រ៉ុក នា​ពេល​កន្លង​មក​នោះ​ក៏​ធ្លាប់​បាន​បង្ហើប​ការ​ពិត​ទាក់​ទង​ទៅ​នឹង ការ​រវល់​ខ្លាំង​រហូត​នាង-លែង​ហ៊ាន​ទទួល​ថតកុន​បន្ត​ទៀត​ថា៖ «តាំង​ពី​ក្លាយជា​តំណាង​ទូត​សុច្ឆន្ទៈ​ឲ្យ​ភេសជ្ជៈ​អូអ៊ិឈិ មក​នោះ​គឺ​នាង​ខ្ញុំ​មិន​សូវ​មាន​ពេល​ទំនេរ​អាច​ទៅ​ថត​កុន​បាន​ដូច​មុន​ឡើយ»៕