ភ្នំពេញៈ នាពេលថ្មីៗនេះ តារាចម្រៀងស្រី រាងស្រលូន សាច់សខ្ចី មេម៉ាយក្តៅស្រួយវ័យក្មេង អ្នកនាង សុខ ស្រីនាង បានក្តាប់យកឱកាសកើបប្រាក់បន្ថែមពីមុខតំណែងជាតំណាងទូតសុច្ឆន្ទៈនៃផលិតផលគ្រឿងអេឡិចត្រូនិកគឺម៉ាស៊ីនថតរូបដ៏ល្បីម៉ាក ហ្វ៊ូជី (Fuji Film) បន្ថែមពីលាភចាស់ក្លាយជា តួឯកស្រីក្នុងកុនភាគទី ២ រឿង «ខ្ញុំមានញាណលើស» ដែលនឹងត្រូវថតចប់រួចរាល់នៅខែក្រោយនោះ។
ក្រោយចាកចេញពីទ្រនំចាស់ផលិតកម្មសាន់ដេមកហើយផ្សំនឹងការខិតខំកសាងនូវប្រជាប្រិយភាពខ្លួនដោយសន្សឹមៗនារយៈពេលជាង ១ ឆ្នាំនៅលើទ្រនំថ្មីផលិតកម្មហង្សមាស តារាចម្រៀងស្រីកាន់តែមានសម្ផស្សផូរផង់ អ្នកនាង សុខ ស្រីនាង ឆក់បានឱកាសថតកុនភាគចំនួន ២ រឿងឲ្យទូរទស្សន៍ហង្សមាស ហើយក៏កំពុងតែត្រូវប៉ាន់ ជាមួយនឹងការចូលរួមក្នុងកម្មវិធីតន្ត្រីនានាមិនសូវរំលង និងឆក់បានឱកាសថ្មីមួយទៀតក្រោយរដូវភ្ជំបិណ្ឌឆ្នាំនេះក្នុងនាមជាតំណាងទូតសុច្ឆន្ទៈនៃផលិតផលជាគ្រឿងអេឡិចត្រូនិកគឺម៉ាស៊ីនថតរូបដ៏ល្បីម៉ាក ហ្វ៊ូជី។
តារាចម្រៀងស្រីមានសំឡេងស្រាល ពីរោះជាទី ពេញនិយមរបស់យុវវ័យ អ្នក នាង សុខ ស្រីនាង បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ពីអារម្មណ៍ផ្ទាល់ខ្លួននាពេលទទួលបានតំណែងជា BA (Brand Ambassador) នៃម៉ាស៊ីនថតរូបដ៏ល្បីម៉ាក ហ្វ៊ូជី នេះថា៖ «សប្បាយចិត្តខ្លាំងនឹងឱកាសបានក្លាយជា BA របស់ក្រុមហ៊ុនម៉ាស៊ីនថតម៉ាកដ៏ល្បី ឈ្មោះលើពិភពលោកមួយនេះ ដោយសារតែវាជាលើកដំបូងសម្រាប់នាងខ្ញុំ។ នាងខ្ញុំនឹងធ្វើជាតំណាងឲ្យ ផលិតផលមួយនេះត្រឹមរយៈពេលតែ ៦ ខែប៉ុណ្ណោះ»។
ហាក់ដូចជាបង្ការទុកមុនចំពោះចម្ងល់រឿងអ្នកនាង ទទួលបានកុងត្រាជា BA ខ្លីនោះ តារាចម្រៀងស្រីមេម៉ាយក្តៅស្រួយទាំងនៅវ័យក្មេងខ្ចី សម្រស់កាន់តែស្អាត អ្នកនាង សុខ ស្រីនាង បន្តថា៖ «ចំពោះហេតុផលយ៉ាងណាដែលខាងក្រុមហ៊ុនផ្តល់កិច្ចសន្យាត្រឹមតែរយៈពេល ៦ ខែនោះ នាងខ្ញុំក៏ពុំអាចជ្រាបច្បាស់ដែរ ទាល់តែខាងតំណាងផលិតកម្មហង្សមាសទើបបានដឹងច្បាស់»។
មុនបន្តិចក៏មានដំណឹងលេចឮថា សុខ ស្រីនាង តារាចម្រៀងស្រីមេម៉ាយក្តៅស្រួយរូបនេះ បានទារឡើងថ្លៃខ្លួនទ្វេដងនៅលើវិថីសិល្បៈដែលសាយភាយចេញពីបណ្តាម្ចាស់ស្ពនស័រ និងក្រុមហ៊ុននានាពេលអញ្ជើញនាងទៅចូលរួមកម្មវិធីប្រគំតន្ត្រីតាមខេត្ត និងច្រៀងនៅតាមប៉ុស្តិ៍របស់ទូរទស្សន៍នានា។
ខណៈការទារតម្លៃ ខ្លួននោះក៏មានការទម្លាយថា៖ «តារាចម្រៀងស្រី ដែលមានរូបសម្ផស្សកាន់តែស្រស់ស្អាតអ្នកនាង សុខ ស្រីនាង ទារតម្លៃចូលរួមការប្រគំតន្ត្រីក្នុង ១ កម្មវិធីគឺចន្លោះពី១ ០០០ ដុល្លារ ទៅ ១ ៥០០ ដុល្លារ រីឯតម្លៃខ្លួនឡើងច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍នីមួយៗ ម្តងៗស៊ីថ្លៃមិនក្រោម ៥០០ ដុល្លារ នោះឡើយ!»។
តែនាងធ្លាប់បញ្ជាក់ថា ការឡើងតម្លៃខ្លួនគឺជារឿងធម្មតាទេ ដែលស្របទៅតាមពេលវេលាឈានទៅមុខនៃទីផ្សារការងារសិល្បៈគឺមិនអាចរក្សាយកតម្លៃដដែលឡើយ៕