ភ្នំពេញ: ឱកាសជ្រកក្រោមដំបូងផលិតកម្មធំ ហង្សមាស អ្នកមេម៉ាយចំណាយមាត់ញាតិ ទាំងសាច់ខ្ចីវ័យក៏ក្មេង អ្នកនាង សុខ ស្រីនាង ហាក់ឡើងកូដខ្លាំង ថែមពីចេញបទចម្រៀងថ្មីៗថតសម្តែងសុទ្ធតែជាមួយតារាចម្រៀងកម្រិតកំពូលៗក្នុងទ្រនំ និងផ្សព្វផ្សាយស្ពតធំៗផងដែរ។
ក្នុងភាមមាញឹកនឹងឱកាសការងារសិល្បៈនេះ អ្នកមេម៉ាយចាយសម្រស់ក្រមុំមិនដូររូប ក៏ទទួលបានតំណែងតួឯកភាពយន្តលើកដំបូង ដែលផ្តល់ពីផលិតកម្មហង្សមាស ខណៈនាងក៏លាន់មាត់លើឱកាសភ្លក្សការងារថ្មីនេះដែរ។
ពីការលាន់មាត់នឹងការងារសិល្បៈ ផ្ទុយភាពត្រេតត្រអាលរបស់អ្នកសិល្បៈទាំងពួងនោះ អ្នកមេម៉ាយចំណាយមាត់ញាតិទាំងសម្រស់នៅក្មេងខ្ចីល្វក់ ដែលកំពុងទទួលបានភាពលេចធ្លោក្នុងនាទីជាតារាចម្រៀងទ្រនំហង្សមាសក្នុងបទ «ហត់ទេស្រលាញ់គេម្នាក់ឯង» អ្នកនាង សុខ ស្រីនាង បានពោលថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងដែលត្រូវទ្រនំថ្មីលើកស្ទួយឲ្យធ្វើជាតួឯកភាពយន្តរឿង រាជនីភូមិគ្រឹះ តែការសម្តែង ភាពយន្ដមិនមែនងាយស្រួលឡើយ»។
បង្ហាញពីឱកាសភ្លក្សការងារសម្តែងភាពយន្តលើដំបូង ដែលផលិតកម្មរៀបចំឲ្យនោះ តារាចម្រៀង មានងារអ្នកមេម៉ាយចំណាយមាត់ញាតិ មានកំណើតមកពី ខេត្តបន្ទាយមានជ័យ រូបនេះពន្យល់ថា៖ «ព្រោះមានឈុតខ្លះខ្ញុំត្រូវថតយប់ម៉ោង ៣ រំលងអាទ្រាធរហូតទល់ភ្លឺក៏មានដែរ ដែលមុននេះខ្ញុំនៅជាតារាចម្រៀងមិនធ្លាប់សម្តែងដល់ស្មើនេះ ហើយក៏មានឈុតខ្លះៗខ្ញុំក៏មិនធ្លាប់ទទួលសម្តែងដែរ»។
តែយ៉ាងណាតារាចំណូលថ្មីរបស់ហង្សមាសក៏ជាអ្នកមេម៉ាយសាច់ខ្ចី ដែលកំពុងទទួលបានការលើកស្ទួយពីផលិតកម្មឲ្យថតសម្ដែង MV ជាមួយកំពូលតារាចម្រៀងល្បីប្រចាំទ្រនំលោក ព្រាប សុវត្ថិ និង ជាតួ ឯករឿង «រាជនីយភូមិគ្រឹះ» ជាមួយអ្នកនាង សុគន្ធ នីសា ជាដើមនោះ អ្នកនាង សុខ ស្រីនាង ក៏បានលើកឡើងផងដែរថា៖ «ក៏ជាការងាសិល្បៈថ្មីមួយទៀត ដែលមកបង្រៀនឲ្យខ្ញុំមានការអភិវឌ្ឍឡើងមួយកម្រិតទៀតដែរ ហើយទោះពិបាក់យ៉ាងណា ក៏ព្យាយាមធ្វើឲ្យបានល្អតបតាមការឲ្យតម្លៃពីក្រុមហ៊ុនដែរ»។
អ្នកនាង សុខ ស្រីនាង បានឲ្យដឹងទៀតថា៖ «រឿង «រាជនីយភូមិគ្រឹះ» នោះថតចប់នៅចុងខែមីនា ឬដើមខែ មេសា ឆ្នាំ ២០១៨ នេះហើយ។ ខ្ញុំរវល់ច្រើនទៅលើការថតភាពយន្ដ និងច្រៀងចុះខេត្តសឹងរាល់សប្ដាហ៍អ៊ីចឹងប្រាក់ចំណូលក៏បានច្រើនគូរសមដែរ។ ខ្ញុំសប្បាយចិត្តដែលបងប្អូនមានការគាំទ្រខ្ញុំដូចនៅពេលនេះ តែខ្ញុំមិនទាន់ប្រាកដថានឹងឈានទៅថតរឿងទី ២ ទេ គឺចាំមើលទៅតាមពេលវេលាសិន»៕