ភ្នំពេញៈ បង្កការភ្ញាក់ផ្អើលទាំងមិត្តភក្តិតាមបណ្តាញសង្គម និង សិល្បករ-សិល្បការិនីតែម្តង ខណៈក្រោយថ្ងៃចូលឆ្នាំ ស្រាប់តែបុរសកំសត់ជាបុគ្គលិកស្ម័គ្រចិត្ត នៅផលិតកម្មហង្សមាស ម្នាក់មានឈ្មោះ ថា សុខ វាសនា ហៅ រក្សា ជួបទុក្ខធំដោយមានជំងឺដាច់សរសៃឈាមខួរក្បាល ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត គ្មានសាច់ញ្ញាតិក្រៅពីម្តាយចាស់វ័យជាង ៥០ ឆ្នាំ។
ថ្មីៗនេះដែរ គេក៏ឃើញតារាចម្រៀងស្រីសំឡេងស្រួយ និងស្រទន់អ្នកនាង សុគន្ធ នីសា ក៏បានបង្ហើរសារខ្វល់ខ្វាយពីសុខទុក្ខដល់បុរសកំសត់ដែលធ្លាប់ធ្វើការងារជាមួយនោះតាមហ្វេសប៊ុកផ្ទាល់ខ្លួនដែរថា៖ «ប្អូនប្រុស រក្សា ហេតុអីបានជាភ្លាមៗបែបនេះ! ទើបតែឃើញប្អូនថ្ងៃមុនសោះ ពិតជាអាណិតប្អូនខ្លោចចិត្ត មិនដឹងថា ប្អូនមានជំងឺបែបនេះ។ នៅពេលធ្វើការ ប្អូនមិនចេះមាត់ក ស្លូតបូត តែងតែញញឹម និងតែងតែជួយថតរូបឲ្យបង ពេលនេះប្អូន ធ្លាក់ខ្លួនឈឺជាទម្ងន់ភ្លាមៗបែបនេះ។ បង និងក្រុមការងារគ្មានអ្វីធ្វើបានក្រៅពីធ្វើការរ៉ៃអង្គាសថវិកាខ្លះ ដើម្បីជួយប្អូនបណ្តោះអាសន្នព្រោះជំងឺប្អូន ត្រូវការរយៈពេល ៦ ខែ ទៀត ហើយប្អូនមានតែពីរនាក់ម្តាយ និងកូន ដែលកន្លងមក បងមិនដែលដឹងពីស្ថានភាពគ្រួសារប្អូនទេ»។
នាពេលនេះស្ថានភាពរបស់បុរសឈ្មោះ សុខ វាសនា ហៅ រក្សា វ័យ ២៨ ឆ្នាំ ជាបុគ្គលិកស្ម័គ្រចិត្ត នៅផលិតកម្មហង្សមាសនោះ មានអាការបានធូរបន្តិចហើយ ក្រោយពីមានការលើកទឹកចិត្តពីមជ្ឈដ្ឋាននៃអ្នកស្គាល់ និងអាណិតអាសូរ ដែលបានដឹងពីប្រវត្តិរបស់កំលោះកំសត់ មានតែម្តាយ គ្មានផ្ទះសំបែង និងមានស្រុកកំណើតមកពីខេត្តតាកែវរូបនេះ។
កញ្ញា សំ ស្រីមុំ បងស្រីធម៌ ដែលបានស្គាល់ និងធ្លាប់ជួយណែនាំការងារឲ្យលោក រក្សា ធ្វើនៅកន្លែងបងស្រីរបស់កញ្ញាមានឈ្មោះភោជនីយដ្ឋាន និងផ្ទះសំណាក់ថ្មស នោះប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរសព្ទថា៖ «រក្សា ជាមនុស្សស្លូតបូត និងឧស្សាហ៍ មានភាពរាក់ទាក់ ស្រឡាញ់ការងារមិនប្រកាន់ខ្លួនឡើយ។ ចំពោះរឿងការងារនៅផលិតកម្មហង្សមាសនោះ គាត់គ្រាន់តែជាបុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងារថតរបស់ផលិតកម្មហង្សមាស ដែលចូលធ្វើការបានតែប៉ុន្មានខែប៉ុណ្ណោះ។ ហើយខ្ញុំដូចជាឮថា ខាងផលិតកម្មហង្សមាស ក៏គ្រោងទទួលយកគាត់ឲ្យចូលធ្វើការងារជាបុគ្គលិកពេញសិទ្ធិមានប្រាក់ខែនឹងគេដែរ តែឥឡូវគាត់មានជំងឺធ្ងន់ធ្ងរគួរឲ្យអាណិតខ្លាំងណាស់។ ពេលនេះ គាត់ និងម្តាយវ័យជាង ៥០ ឆ្នាំ មានតែប្រាក់ ១២០ ដុល្លារ ប៉ុណ្ណោះជាប់នឹងខ្លួន ហើយត្រូវបង់ថ្លៃព្យាបាលយូរទៀត។ ចឹងមានតែសង្ឃឹមទៅលើបងប្អូនមហាជន និងក្រុមអ្នកសិល្បៈនៅហង្សមាស ដែលស្គាល់គាត់នោះទេ សុំជួយគាត់ផង»។
កញ្ញា សំ ស្រីមុំ ក៏បង្ហើបដែរថា៖ «កាលពីម្សិលមិញ មានលោក កៅ សីហា អ្នកដឹកនាំការសម្តែងហង្សមាស និងកញ្ញា វ៉ាន់នីឡា បានមកសួរសុខទុក្ខ និងបានសន្យាថា នឹងជួយរ៉ៃអង្គាសប្រាក់ពីក្រុមការងារគាត់មកជួយប្អូន រក្សា ហើយក៏បានឮថា អ្នកនាង សុគន្ធ នីសា នឹងនាំយកប្រាក់ផ្ទាល់ខ្លួនខ្លះមកជួយដែរនាពេលឆាប់នេះ»៕