ភ្នំពេញៈ មួយរយៈ​ពេល​ចុងក្រោយនេះ​គេ​សង្កេតឃើញ​ថា តារា​ម៉ូដែល​ស្រី​ស្រស់​រូប​ស្អាត កញ្ញា សុផា លីន​ដា កាន់​តែ​បង្ហាញ​ភាព​សិច​ស៊ី​តាមរយៈ​ការ​លេង​ស្ទីល​តុប​តែង​កាយ​ស៊ី​អារម្មណ៍ សាច់​សខ្ចី គួប​ផ្សំ​នឹង​ដើម​ទ្រូង​មូល​ក្លុំ ដ៏​ទាក់​ទាញ​នូវ​ចំណាប់​អារម្មណ៍​បុរស​មិន​តិច​ចង់​បាន​ជា​គូ​ថ្នាក់​ថ្នម​ចិន្តា។

តែ​ចាប់តាំងពី​បាន​ចូលប្រឡូក​វិថី​សិល្បៈ​ក្នុង​ឆ្នាំ ២០០៩ មកលើ​ជំនាញ​តារា​ស្រី​ម៉ូដែល​នោះ ស្រី​ស្រស់​រាង​ខ្ពស់​ស្រឡះ ចូល​ចិត្ត​បង្ហាញ​ភាព​សិច​ស៊ី​ផ្នែក​ល្វែង​លើ​ទាក់​ក្រសែ​ភ្នែក​បុរសៗ​ឲ្យ​តាម​គយ​គន់​មិន​ជិន​ណាយ កញ្ញា សុផា លីន​ដា ក៏​ទទួល​បាន​ការ​កត់​សម្គាល់​ផង​ដែរ​ពី​មហាជន​ថា៖ «ហេតុ​អ្វី​បាន​ជា​កញ្ញា សុផា លីន​ដា ស្អាត​ប៉ុណ្ណឹង​ដែរ ម៉េច​មិន​ដែល​ឃើញ​នាង​បាន​សម្តែង​ខ្សែ​ភាពយន្ត​អ្វីមួយ​សោះ​អ៊ីចឹង? តើ​នាង​គ្មាន​ផលិតកម្ម​ណា​ចាប់​អារម្មណ៍​ហៅ​ថត ឬ​មក​ពី​នាង​ទាមទារ​នូវ​តម្លៃ​ខ្លួន​ថត​កុន​នោះ​ថ្លៃ​ពេក​ទេ​ដឹង?»។

ស្រាយ​នូវ​ចម្ងល់​នេះ តារាម៉ូ​ដែល​ស្រី​ដែលជា​កូនចៅ​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​រាង​ខ្ពស់​ស្រឡះ រូប​ឆោម​ស្រស់ កញ្ញា សុផា លីនដា ក៏​បង្ហើប​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា៖ «អូ!​តាម​ពិត​ទៅ ចាប់​តាំង​ពី​នាង​ខ្ញុំ​ចូល​ប្រឡូក​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៩ មក នាង​ខ្ញុំ​ហាក់​ដូចជា​ទទួល​បាន​នូវ​ការងារ​ផ្នែក​ម៉ូដែល និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ច្រើន​រហូត​មក និង​ថ្មីៗ​នេះ ខ្ញុំ​ក៏​មាន​ការងារ Freelance ជា​ពិធី​ការិនី​នៅ​ឯ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ទៀត គឺ​រឹត​តែ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​រវល់​ខ្លាំង»។

កញ្ញា សុ​ផា លីន​ដា បន្តថា៖ «ដោយ​សារភាព​មមាញឹក​ខ្លាំង​នឹង​ការងារ​បង្ហាញ​ម៉ូដ និង​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​អាហារ​សុខភាព​ជាប់​រដឹក​គួរ​សម​នោះ ទើប​ខ្ញុំ​មិន​អាច​មាន​ពេល​គ្រប់​គ្រាន់​ទៅ​ថតកុន​ឲ្យ​គេ​បាន​ឡើយ។ ជារឿយៗ​គឺ​នាង​ខ្ញុំ​តែង​មាន​ផលិតកម្ម​ភាពយន្ត​នានា​ក៏បាន​ហៅ​ថត​ទាំង​កុន​ដុំ និង​កុន​ភាគ​ដែរ តែ​ដោយ​សារ​ខ្ញុំ​គ្មាន​ពេល​ទៅ​ថត ទើប​មិន​ទាន់​ហ៊ាន​ទទួល​គេ។

យ៉ាងណា​ការថត​កុន​នេះ ក៏​នាង​ខ្ញុំ​ស្រឡាញ់​ដែរ ហើយក៏​សង្ឃឹមថា នឹងមាន​ពេល​អាច​ទៅ​ថត​កុន​បាន​នឹង​គេ​ខ្លះ​មិន​ខាន​នោះ​ឡើយ។ ចំពោះ​តម្លៃ​ថត​កុន​វិញ គឺ​នាង​ខ្ញុំ​ក៏​នឹង​មិន​ទាមទារ​ជ្រុល​ឡើយ​ពី​ផលិតកម្ម ព្រោះ​ថា នាង​ខ្ញុំ​មិន​ទាន់​មាន​បទពិសោធ​ច្រើន​នៅ​លើ​វិថី​ភាពយន្ត​នេះ​នៅ​ឡើយ​នោះ​ទេ​គឺ​អាច​ចរចា​គ្នា​បាន»។

គួរ​បញ្ជាក់ដែរថា ចំពោះ​រឿង​ស្នេហា​វិញ តារា​រូប​ស្រស់​នេះ ក៏​ពើបប្រទះ​ដំណឹង​ខ្ចរខ្ចាយ​ជា​ព័ត៌មាន​ថា កញ្ញា សុផា លីន​ដា មាន​ទំនាក់​ទំនង​បេះដូង​ជាមួយ​នឹង​តារា​ចម្រៀង​ប្រុស​រូប​សង្ហា​នៅ​ផលិតកម្ម​ហង្សមាស​គឺ​លោក នៅ ស៊ី​នឿន ជា​យូរ​មក​ហើយ តែ​នាង​ក៏​ធ្លាប់​បក​ស្រាយ​ថា​បាន​បែក​គ្នា​វិញ​ផង​ដែរ។ តែ​នា​ដើម​ខែ​កុម្ភៈ ក្នុង​ឆ្នាំ ២០១៨ នេះ គេ​ប្រទះ​ឃើញ​នៅ​ពេល​ដែល​តារា​ចម្រៀង​លោក នៅ ស៊ី​នឿន ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​នោះ ក៏​ស្រាប់​តែ​ឃើញ​វត្តមាន​ស្រី​ស្អាត សុផា លីន​ដា ជា​អ្នក​ជូន​ដំណើរ​បុរស​រូប​សង្ហា​ទៅ​វិញ បើ​ទោះបី​ជា​កន្លង​មក​មាន​ព័ត៌មាន​ថា អ្នក​ទាំង ២ បាន​បែក​បាក់​គ្នា​ហើយ​ក្ដី៕