ភ្នំពេញៈ ជាមួយ​សម្រស់​ផូរផង់ សាច់​សខ្ចី អតីត ហ្វ្រេស៊ី ហ្គើល ជំនាន់​ទី​ ១៥ កញ្ញា សួង ស៊ីធឿន ហាក់​មាន​សម្ទុះ​ខ្លាំង​ក្រោយពី​ចូល​សិល្បៈ​បាន​រយៈពេល​ ២ ​ឆ្នាំ​ក្នុង​អាជីព​ជា​តារាសម្តែង​ដ៏​មាន​ទេពកោសល្យ​ ១ ​រូប ប៉ុន្តែ​ផ្ទុយ​ទៅ​នឹង​រូបសម្បត្តិ​ស្រស់​សោភា ខ្សែភាពយន្ត​ដែល​នាង​បាន​សម្តែង​ភាគច្រើន​គឺជា​តួ​ខ្មោច​ទៅ​វិញ​។

ការវិវឌ្ឍ​ខ្លួន​ជា​អាជីព​ជា​តារាសម្តែង​តាំងពី​ថត​មិន​សូវ​បាន​ប្រាក់​ចំណូល​រហូត​មក​មាន​តម្លៃ​ខ្លួន​ខ្ពស់​មិន​គួរ​ឲ្យ​ជឿ​ក្នុង​រយៈពេល​យ៉ាងខ្លី កញ្ញា សួង ស៊ីធឿន ដែល​ក្ដាប់​មាន​ឱកាស​តួឯក​ក្នុង​រឿង «​សសរកន្លោង​» មុន​នោះ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ផលិតករ​ព្រម​ទាំង​បណ្តា​ក្រុមហ៊ុន​ចង់​បាន​នាង​ទៅ​ផ្សព្វផ្សាយ​ផលិតផល​ផងដែរ​។

ជំនួប​ក្នុង​ថ្ងៃ​សម្ពោធ​រឿង «​ឯណា​ខ្មោច​» របស់​ផលិតកម្ម LD Picture ទើប​តែ​សម្ពោធ​កាលពី​ថ្មីៗ​នេះ តារាស្រី​ដ៏រួសរាយ​កញ្ញា ស៊ីធឿន បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​មូលហេតុ​ដែល​នាង​ស្វាក់​សម្តែង​ជា​តួអង្គ​ខ្មោច​ថា​៖ «​រឿង​ដំបូង​ដែល​ខ្ញុំ​បាន​សម្តែង​ជា​តួអង្គ​ខ្មោច​រឿង​ក្នុង​ផលិតកម្ម LD picture ដែរ ប៉ុន្តែ​ជា​តួខ្មោច​បែប​កម្សត់​ទេ បន្ទាប់មក​ផលិតករ​ផ្សេងៗ​គាត់​ឃើញ​ការសម្តែង​ជា​តួអង្គ​ខ្មោច​ខ្ញុំ​ម៉េច​ទេ បាន​ជា​ខ្ញុំ​ទទួល​បាន​រឿង​ខ្មោច​មករ​ហូត​»​។

តារាស្រី​វ័យក្មេង​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា ខ្លួន​បាន​សម្តែង​កុន​ដុំ​បាន ៥ ​រឿង​មក​ហើយ​មានរឿង សសរកន្លោង អង្រឹង ទារុណកម្ម​ខ្មោច ព្រាយ និង​រឿង​ឯណា​ខ្មោច​ដែល​រឿង​នីមួយៗ​កញ្ញា ស៊ីធឿន ជា​តួខ្មោច​ស្ទើរតែ​គ្រប់​រឿង​ផង​ដែរ​។ ចំពោះ​រឿង​ភាគ​ដែល​នាង​បាន​សម្តែង​ជា​តួខ្មោច​មាន​រឿង «​វិញ្ញាណ​ជ្រែក​បេះដូង​» របស់​ទូរទស្សន៍​ស៊ីធីអិន​។

តារា​សម្តែង​ស្រី​ចាប់​បាន​ភាព​ល្បី​តាមរយៈ​តួខ្មោច​កញ្ញា សួង ស៊ីធឿន ក៏​បាន​រំឭក​ពី​សម្តី​ផលិតករ​បាន​និយាយ​មក​កាន់​នាង​ថា​៖ «​ខាង​អ្នក​ដឹកនាំ​រឿង​គាត់​និយាយ​ថា ខ្ញុំ​អាច​សម្តែង​ជា​តួយ៉ាង​ម៉េច​ក៏​បាន​ដែរ​។ តែបើ​សម្រាប់​ខ្ញុំ​ឲ្យ​សម្តែង​ជា​តួ​អ្វី​ក៏​បាន​ដែរ ខ្ញុំ​សម្តែង​បាន​ទាំងអស់​»​។

ក្នុង​វិស័យ​សិល្បៈ សួង ស៊ីធឿន ជា​តារាសម្តែង និង​ម៉ូដែល​រលក​ក្រោយ ដែល​មាន​សម្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ​ថតកុន​ច្រើន​ជាង​ដើរ​ម៉ូដ​ដោយ​តារាសម្តែង​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា​នាង​រវល់​ក្នុង​ការថតកុន​ពេក​ទើប​មិន​សូវ​បាន​ទទួល​ការដើរ​ម៉ូដ​។

ក្នុង​ដើម​ឆ្នាំ​ ២០១៩ តារាសម្តែង​ស្រី​កញ្ញា សួង ស៊ីធឿន តែងតែ​មាន​វត្តមាន​ច្រើន​ក្នុង​ការសម្តែង​ភាពយន្ត​មិន​ថា​ជា​រឿង​ភាគ និង​រឿង​ដុំ​សឹង​មិន​មាន​ពេល​សម្រាក​។

តារាស្រី​សាច់​សខ្ចី​រូប​នេះ​បន្ថែម​ថា​៖ «​មួយរយៈ​នេះ​ខ្ញុំ​ពិត​ជា​សូមទោស​ចំពោះ​ផលិតកម្ម​ដែល​បាន​ទាក់ទង​ឲ្យ​ខ្ញុំ​សម្តែង​តែ​ខ្ញុំ​មិន​បាន​ទទួល ដោយសារ​ខ្ញុំ​សុំ​ផ្អាក​ការថត​សិន ចង់​មាន​ពេល​សម្រាក​បន្តិច ហើយ​ក៏​អរគុណ​បណ្តា​អ្នកគាំទ្រ​ខ្ញុំ​ផង​ដែរ ដែល​តែងតែ​ចូលចិត្ត​ការសម្តែង​របស់​នាង​ខ្ញុំ​»៕