ភ្នំពេញ៖ អារម្មណ៍ស្តែងចេញពីក្តីរំភើបចិត្ត ដ្បិតថ្ងៃរង់ចាំដំណឹងល្អក៏បានមកដល់ ស្រាប់តែគូស្នេហ៍អ្នកសិល្បៈទាំង ២ អ្នកនាង សួស វីសា និងតារាសម្តែង លោក ប៊ុនថុល ប៊ុនថង ហៅថមមី នាំគ្នាបង្ហើរសារស្រដៀងគ្នាបង្ហើបឲ្យមហាជនបានដឹងនៅតាមបណ្តាញសង្គមស្តីពីការទទួលបានចំណងដៃនៃការមានបុត្រដំបូងសម្រាប់រឹតបន្តឹងចំណងស្នេហ៍ ក្រោយពីរៀបការបានមិនទាន់កន្លះឆ្នាំផងនោះ។
តារាចម្រៀងស្រី ដែលកំពុងតែស្រូបបានប្រជាប្រិយភាពពីមហាជនក្នុងវិស័យសិល្បៈចម្រៀង បន្ទាប់ពីបានគ្រងតំណែងជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ២ កញ្ញា សួស វីសា ចេញសារខ្លីរបស់ខ្លួនថា៖ «២នាក់ប្តីប្រពន្ធឱបគ្នា រំភើបផង សើចផង យំផង មិនដឹងថាអារម្មណ៍មួយនេះ និយាយយ៉ាងណាឲ្យត្រូវនោះទេ» ដែលអមដោយរូបកៀកកើយយ៉ាងស្និទ្ធស្នាលក្នុងក្តីសោមនស្សជាមួយប្តីប្រាប់ថា មានបុត្រ តាមរយៈឧបករណ៍ពិនិត្យទឹកនោម។
ចំណែកឯស្វាមីរបស់អ្នកនាង សួស វីសា គឺលោក ប៊ុនថុល ប៊ុនថង ហៅថមមី វិញនោះ ក៏បង្ហើរសារហាក់មានក្តីរំភើបចិត្តខ្លាំងជាងប្រពន្ធទៀត ដោយលោកបានសរសេរថា៖ «ក្នុងមួយជីវិតរបស់ខ្ញុំនេះ ថ្ងៃនេះហើយ ជាថ្ងៃដែលខ្ញុំសប្បាយចិត្តបំផុត ដែលមិនអាចយកអ្វីមកថ្លែងបានឡើយ។ អរគុណប្រពន្ធសម្លាញ់ដែលបានផ្តល់កាដូដ៏មានន័យមួយនេះ មកឲ្យគ្រួសារយើង ដែលជាកាដូដ៏មានតម្លៃកាត់ថ្លៃពុំបាន (Baby)! បងសប្បាយចិត្តខ្លាំងណាស់ រកពាក្យអ្វីនិយាយមិនចេញទេ។ បងពិតជា ស្រឡាញ់អូនខ្លាំងណាស់ ប្រពន្ធសម្លាញ់ បងសូមសន្យាថា នឹងមើលថែរក្សាអូន និងកូនៗ យើងឲ្យមានសេចក្តីសុខ និងសុភមង្គលជារៀងរហូតតទៅ។ បង ប្អូនអើយ ខ្ញុំក្លាយជា ប៉ាគេហើយ ខ្ញុំមានកូនហើយ។ ចង់ប្រាប់ពិភពលោកនេះគឺថា ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ Sous Visa Dady Mommy។ អ៊ីចឹងបានឆ្ងល់ណាស់ហេតុអ្វីខ្ញុំឃ្លានតាម្ជូរ និងក្អួតរហូត ឥឡូវនេះ អស់ចម្ងល់ហើយ!»។
គួររំឭកដែរថា ក្រោយត្រឡប់ពីក្រេបទឹកឃ្មុំនៅក្រៅប្រទេសនាពេលថ្មីៗរួចមកនោះ គូស្វាមីភរិយាថ្មី លោក ថមមី និងអ្នកនាង សួស វីសា ក៏ទើបតែបានកាន់ដៃគ្នា ប្រកាសបើកសម្ពោធហាងលក់សម្លៀកបំពាក់ថ្មីមួយក្រោមយីហោ T& S Fashion ផងដែរ។ អ្នកទាំង ២ បានចូលរោងការ កាលពីខែធ្នូ នាចុងឆ្នាំ ២០១៩ ហើយបានរៀបចំយ៉ាងអធិកអធម៕