ក្រុងប៊ុយណូស៊ែរ: ក្រោយរងនូវការរិះគន់ខ្លាំងៗ សមាគមបាល់ទាត់អាហ្សង់ទីន (AFA) បានសុំទោស កាលពីថ្ងៃពុធ ចំពោះការចុះផ្សាយសៀវភៅក្បួន World Cup បង្ហាញវិធីញ៉ែស្រីរុស្ស៊ី ដោយសារភាពថា វាជាកំហុសអចេតនា។
ស្ថិតក្រោមទំព័រមួយដែលមានចំណងជើងថា «តើគួរឆ្លៀតឱកាសទាក់ចិត្ដនារីរុស្ស៊ីតាមរបៀបណា?» សំណេរហាយឡាយមួយឃ្លាបានសរសេរថា «នារីរុស្ស៊ីមិនចូលចិត្ដឲ្យបុរសៗចាត់ទុកខ្លួនជាវត្ថុឥតវិញ្ញាណឡើយ»។
សៀវភៅក្បួនតូចនោះបានបន្ថែមថា៖ «បុរសជាច្រើន ដោយសារនារីរុស្ស៊ីសុទ្ធតែស្រស់ស្អាត ប្រាកដជាចង់ប្រលោមស្នេហ៍ជាមួយនាងៗនៅលើគ្រែ។ នារីរុស្ស៊ីជាច្រើន មិនខុសពីនារីដទៃ ប្រាកដជាចាប់អារម្មណ៍ខ្ពស់ បើអ្នកជាមនុស្សស្អាត មានក្លិនខ្លួនល្អ និងស្លៀកពាក់សមសួន»។
ដោយប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃ AFA បានធ្វើការសុំទោសដោយសារភាពថា វាជាកំហុសអចេតនា។ ក្នុងសេចក្ដីថ្លែងការណ៍មួយ AFA បានបង្ហាញថា វានាំឲ្យមានការស៊ើបអង្កេតផ្ទៃក្នុងមួយ។
របាយការណ៍បានបន្ដថា៖ «បុគ្គលិកផ្នែករដ្ឋបាលបានរើសៀវភៅទាំងនោះចោលភ្លាមៗផងដែរ»៕