ក្រុង​វ៉ាស៊ីនតោន៖ សៀវភៅ​រឿង​អម​ដោយ​រូបភាព​ដំបូង​ដែល​ផលិត​ឡើង​ដោយ​ Marvel ជា​ក្រុមហ៊ុន​អាមេរិក​ដ៏​ល្បី​នៅ​ពី​ក្រោយ​ភាពយន្ដ​ហូលីវូដ​ Spider-Man, X-Men និង​រឿង​ The Avengers បាន​ដាក់​លក់​ដេញ​ថ្លៃ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​តម្លៃ​កំណត់ត្រា ១,២៦ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ដេញ​ថ្លៃ Heritage Auctions។

លោក Ed Jaster អគ្គនាយក​រង​ជាន់​ខ្ពស់​ក្រុមហ៊ុន​បាន​និយាយ​អំពី​សៀវភៅ​ ដែល​បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ ​១៩៣៩ ដោយ​ Timely Comics និង​ក្រោយ​មក​ប្ដូរ​ជា Marvel ថា​៖ «​នេះ​គឺ​ជា​ច្បាប់​ចម្លង​ប្រវត្ដិសាស្ដ្រ​នៃ​សៀវភៅ​រឿង​ប្រវត្ដិសាស្ដ្រ​។ ប្រាកដ​ណាស់ នេះ​ជា​សៀវភៅ​រឿង​ Marvel Comics ជំនាន់​តាទួត​ ហើយ​ប្រសិន​បើ​គ្មាន​វា​នោះ​ទេ យើង​គ្មាន​រឿង​ប្រភេទ​អម​រូបភាព និង​ភាពយន្ដ​សព្វ​ថ្ងៃ​ឡើយ​»។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​និពន្ធ ស្ដេន លី Marvel  ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០ បាន​រំលេច​នូវ​កំពូល​វីរជន​ ដែល​មាន​ឈ្មោះ​ល្បី​ដល់​បច្ចុប្បន្ន ហើយ​​ភាព​យន្ដ​តែងតែ​ស្ថិត​នៅ​លើ​កំពូល​តារាង​។

សៀវភៅ​ចម្លង​ដំបូង​របស់ Marvel Comics ត្រូវ​បាន​ដាក់​លក់​ក្នុង​សភាព​ល្អ​ស្អាត និង​មាន​តម្លៃ​លក់​តែ​ប្រមាណ​ ១០ សេន​កាល​ពី​ជំនាន់​ឆ្នាំ ​១៩៣៩​។

«​​Amazing Fantasy #15» ដែល​ជា​វគ្គ​ដំបូង​របស់ Spider-Man បាន​ដាក់​លក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​លំដាប់​ទី ២ របស់ Marvel  ដោយ​បាន​លក់​ក្នុង​តម្លៃ ១,១ លាន​ដុល្លារ នៅ​ឆ្នាំ ​២០១១​។

សៀវភៅ​រឿង​អម​ដោយ​រូបភាព​ដ៏​ថ្លៃ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​នៅ​តែ​ជា​សៀវភៅ​ដំបូង «​Action Comics» បោះពុម្ព​​​ឆ្នាំ ​១៩៣៨ ដែល​ Superman បង្ហាញ​​ខ្លួន​ដំបូង​។ វា​មានតម្លៃ ៣,២ លាន​ដុល្លារ ​ក្នុង​ឆ្នាំ ​២០១៤៕ AFP