ភ្នំពេញ : ពាក្យចាស់​ពោល​ថា «​មនុស្ស​ស្រី​មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ​»​។ អត្ថន័យ​នេះ​ចង់​បង្ហាញ​ថា ស្ដ្រី​មិន​គួរ​ដើរ​ឆ្ងាយ​ពី​តួនាទី​ភារៈ​តាម​គន្លង​ប្រពៃណី​របស់​ខ្លួន​ឡើយ​។

ប៉ុន្ដែ​ពេល មេនណូ ដេ ប្លុក ជា​សហគ្រិន​មកពី​ហូឡង់ មើល​ឃើញ​ពី​ភាព​វិជ្ជមាន​ចំពោះ​ប្រទេស​ដែល​ខ្លួន​កំពុង​រស់នៅ​ដោយ​លោក​បាន​យល់​ឃើញ​ថា មេរៀន​សម្រាប់​ស្ដ្រី​នេះ​ប្រាកដ​ជា​មាន​មូលហេតុ​របស់​វា​។ ដូច្នេះ​លោក​បាន​សហការ​ជាមួយ​អ្នកនាង ចាន់ គន្ធា អាយុ ៣៦ ឆ្នាំ ជា​បុគ្គលិក​ម្នាក់​នៅ Just Associate ជា​អង្គការ​ដែល​ធ្វើ​ការងារ​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ផ្ដល់​ការគាំទ្រ​ផ្លូវច្បាប់ និង​បង្កើត​ធនធាន​មនុស្ស​ក្នុង​ការ​ធ្វើ​បទសម្ភាស​ជាមួយ​ស្ដ្រី និង​ប្រាប់​អំពី​ដំណើរ​រឿង​របស់​ពួកគេ​។

លទ្ធផល​ចេញ​ជា​សៀវភៅ «​មុជ​ជ្រៅ ទៅ​ឆ្ងាយ​» (Diving Deep, Going Far) ចេញពី​ខែ​ឧសភា​ជា​សៀវភៅ​ប្រលោមលោក​យក​លំនាំ​តាម​ការប្ដេជ្ញា​ចិត្ដ​របស់​ស្ដ្រី​ដើម្បី​ពុះពារ​ស្វែងរក​អនាគត​របស់​ខ្លួន​។

លោក ដេ ប្លុក បាន​និយាយ​ថា​៖ «​ការសរសេរ​សៀវភៅ​នេះ​ពិតជា​ចេះដឹង​ច្រើន​មែន​។ ការជជែក​ជាមួយ​ស្ដ្រី​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើឲ្យ​ខ្ញុំ​ឃើញ​នូវ​របៀបរបប​ជីវិត​ពួកគេ​ដូចជា គំនាប​ប្រពៃណី គ្រួសារ និង​បរិស្ថាន ព្រម​ទាំង​ការពុះពារ​ជម្នះ​របស់​ពួកគេ​»​។

សៀវភៅ​រឿង​នេះ​ផ្ដោត​លើ​ជីវិត​ស្ដ្រី​កម្ពុជា​វ័យក្មេង​ដែល​ប្រឈម​នឹង​ការលំបាក​ទទួល​បាន​នូវ​ការអប់រំ​ក្នុង​ស្ថានភាព​គ្រួសារ​ក្រីក្រ​។ មហិច្ឆតា​របស់​ពួកគេ​ត្រូវ​បាន​រារាំង​ដោយ​កត្ដា​សង្គម​ជាច្រើន​។

សៀវភៅ​របស់​ពួកគេ​ត្រូវ​បាន​ចងក្រង​ពី​បទសម្ភាស​ជាមួយ​ស្ដ្រី​កម្ពុជា ២៥ នាក់​ដែល​មាន​ប្រវត្ដិ​ខុសៗ​គ្នា​រួម​ទាំង កម្មករ​រោងចក្រ បុគ្គលិក​អង្គការ មន្ដ្រី​រដ្ឋាភិបាល​ជាដើម​។

ភាសា​ខ្មែរ​នឹង​ចេញ​ក្រោយ​ការបោះពុម្ព​ជា​អង់គ្លេស​។ រូបថត សហការី

ថ្វីដ្បិត​តែ​ការ​ថា Diving Deep, Going Far ​គ្រាន់​តែ​ជា​សៀវភៅ​ប្រលោមលោក​យ៉ាង​ណា​ក៏ដោយ ក៏​វា​នៅ​តែ​ជា​សៀវភៅ​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាច្រើន ពីព្រោះ​វា​បាន​បង្ហាញ​ពី​ដំណើរ​ជីវិត និង​បទពិសោធ​ស្ដ្រី​កម្ពុជា​វ័យក្មេង​ដែល​រមែង​ពុះពារ​នឹង​ទំនៀម​ទម្លាប់​សង្គម​។

អ្នកស្រី គន្ធា បាន​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​អ្នកអាន ជាពិសេស​ស្ដ្រី​នឹង​ចាត់ទុក​វា​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ខ្លួនឯង​ដើម្បី​អាច​ធ្វើការ​វិភាគ និង​ស្វែងរក​ដំណោះស្រាយ​សមស្រប​ក្នុង​ឆាក​ជីវិត​ពួកគេ​។ លើស​ពី​នេះ​ខ្ញុំ​ក៏​សង្ឃឹម​ថា អ្នកអាន​ជា​បរទេស​នឹង​អាច​យល់​ពី​ជីវិត​ស្ដ្រី​ខ្មែរ និង​ជីវិត​ពុះពារ​របស់​ពួកគេ​ដើម្បី​ជម្នះ​នឹង​ប្រពៃណី​សង្គម​»​។

សៀវភៅ​នឹង​ត្រូវ​បោះពុម្ព​លើក​ដំបូង​ជា​ភាសា​អង់គ្លេស​ក្នុង​តម្លៃ ១៥ ដុល្លារ ខណៈ​ចំណូល ១០ ភាគរយ​នឹង​បែងចែក​ដល់​គម្រោង​ដែល​ឧបត្ថម្ភ​ដល់​ភាព​ដឹកនាំ​របស់​ស្ដ្រី​នៅ​កម្ពុជា​។ សៀវភៅ​ភាសា​ខ្មែរ​នឹង​បោះពុម្ព​ប៉ុន្មាន​ខែ​ក្រោយ​ជាមួយ​តម្លៃ​សមរម្យ​សម្រាប់​ពលរដ្ឋ​កម្ពុជា​។

សៀវភៅ​មុជ​ជ្រៅ ទៅ​ឆ្ងាយ​នេះ​នឹង​ដាក់​លក់​នៅ​ថ្ងៃទី ​២១ ខែ​មិថុនា​ចាប់ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ៩ យប់​នៅ Factory Phnom Penh (​លើ​ផ្លូវជាតិ​លេខ ២) ជា​ទី​កន្លែង​​ដែល​អ្នក​ចូលរួម​អាច​ជួប​សហអ្នកនិពន្ធ​លោក មេនណូ ដេ ប្លុក និង​អ្នកស្រី ចាន់ គន្ធា ព្រមទាំង​ស្ដ្រី​ដែល​មាន​សាច់រឿង​ក្នុង​សៀវភៅ​មួយ​នេះ​ថែម​ទៀត​ផង​៕ HR

Suntharoth Ouk