ភ្នំពេញៈ បន្ទាប់ពី​សំងំ​រស់នៅ​បែប​សាមញ្ញជន​ជាមួយ​នឹង​កូនប្រុស​ទាំង ៣ នៅ​ក្រោម​ដំបូល​ផ្ទះជួល​ដែល​ស្ថិត​នៅក្នុង​សង្កាត់​ចាក់អង្រែក្រោម​នៃ​រាជធានី​ភ្នំពេញ​មួយរយៈ ក្រោយពី​បាន​បែកបាក់​ពី​ប្រពន្ធ​ដែល​រស់នៅ​ឯ​ទឹកដី​ក្រុង​ប៉ោយប៉ែត​អស់​រយៈពេល ៣-៤ ឆ្នាំ​មក​នោះ ក៏​បែកធ្លាយ​ដំណឹង​ដ៏សែន​កម្សត់​ចំពោះ​ជីវភាព​ដុនដាប​ខ្លាំង​របស់​អតីត​តារាចម្រៀង​ប្រុស​ក្រុម EV ម្នាក់​ទៀត​គឺ​លោក សែម សង្វាត បន្ទាប់ពី​លោក បូ វិចិត្រ​។

អតីត​តារាចម្រៀង​ប្រុស​នៃ​ក្រុម EV លោក សែម សង្វាត បង្ហាញ​វត្តមាន​ជាថ្មី​នេះ​ក៏​ធ្វើឲ្យ​អ្នកគាំទ្រ​បាន​ឃើញ​ក្រោយពី​លោក​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ចម្រៀង​មួយ​នេះ​អស់​រយៈពេល​យ៉ាងយូរ​គឺ​ចាប់តាំងពី​លោក​បាន​​រៀបការ​ប្រពន្ធ​ទី​ ២ នា​អំឡុង​ឆ្នាំ​ ២០០៣ មក និង​ស្រប​ពេល​ដែល​ក្រុម​បែក​គ្នា ចំពេល​ផលិតកម្ម​ធ្លាប់​ច្រៀង​ក៏​ត្រូវ​បាន​បិទ​មក​ផង​ដែរ​នោះ​។

តាមពិត​ទៅ​ភាពភ្ញាក់ផ្អើល​នៃ​ការធ្លាក់ខ្លួន​មាន​ជីវភាព​លំបាកលំបិន​សមាជិក​របស់​អតីត​តារាចម្រៀង​ប្រុស​ក្រុម EV ដំបូង​នោះ​គឺជា​រូបលោក បូ វិចិត្រ ម្ចាស់​បទ «​ប៊ិះស៊យ​» ឯណោះ​ទេ ដោយសារ​មាន​ប្រិយមិត្ត​គាំទ្រ​ឃើញ និង​ស្គាល់​ច្បាស់​ថា​ជា​តារាចម្រៀង​ល្បី​ប្រចាំ​ក្រុម​កាលពី​អំឡុង​ឆ្នាំ​ ១៩៩៣-១៩៩៤ ដោយ​ក្នុង​នោះ​មាន​លោក ឃុំ ប៉ុណ្ណាដែត អ្នកនាង យក់ ឋិតរដ្ឋា អ្នកនាង ឱក សុគន្ធកញ្ញា លោក បូ វិចិត្រ និង​លោក សែម សង្វាត​។

តែ​ក្រោយពី​បាន​ដឹង​ការពិត​នៃ​ភាពធ្លាក់​ខ្លួន​របស់​លោក បូ វិចិត្រ ពី​តារាចម្រៀង​មក​ជា​អ្នក​បោយឡាន​ឲ្យ​គេ​មក​ក៏​បែកធ្លាយ​រហូត​ដល់​លោក សែម សង្វាត វិញ​នា​អំឡុង​ចុង​ខែ​មិថុនា​ឆ្នាំ​ ២០១៩ កន្លង​មក​។

ទោះបី​ក្រោយ​ពី​ដឹងឮ និង​មាន​ការសហការ​គ្នា​ពី​សំណាក់​ក្រុម​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ ដើម្បី​ផ្តល់​ជូន​ជា​ថវិកា​ជា​ហូរហែ​អាច​ជួយ​សម្រួល​ជីវភាព និង​កង្វះខាត​របស់​លោក សែម សង្វាត និង​កូនប្រុស​ទាំង ៣ ដែល​កំពុង​តែ​រស់​ក្រោម​ដំបូល​ផ្ទះជួល​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ហើយ​លោក​ក៏​កំពុង​តែ​មាន​ជំងឺ​ប្រចាំកាយ​ទៀត​ផង​គឺ​ថា​ជួយ​បាន​តែ​មួយរយៈ​តែ​ប៉ុណ្ណោះ ខណៈ​កូនៗ​លោក​ក៏​នៅ​ក្មេង​មិន​ទាន់​អាច​ចិញ្ចឹម​ខ្លួន​បាន​ឡើយ​តទៅ​ថ្ងៃ​មុខ ដោយ​លោក សែម សង្វាត ជា​ជំហរ​គ្រួសារ ទើប​លោក​បារម្ភ​ពី​អនាគត​របស់​កូនៗ និង​មាន​សេចក្តីប្រាថ្នា​ចង់​បាន​កន្លែង​ដែល​ខ្លួន​អាច​ទៅ​ច្រៀង​បាន​ជាប់លាប់​ក្រែង​អាច​បាន​ប្រាក់​ខ្លះ​សម្រាប់​ចិញ្ចឹម​កូន​ប្រចាំថ្ងៃ​។

លោក សែម សង្វាត ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន​មុខ​ដូចជា​ក្រពះ ពោះវៀន និង​ជា​ចុងក្រោយ​មាន​ជំងឺ​ក្រិន​ថ្លើម ទើប​តែ​ធូរស្បើយ​បន្តិច​ក្រោយពី​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ-សូវៀត ដោយសារ​មាន​ការជួយ​អន្តរាគមន៍​ពី​សមាគម​សិល្បៈ និង​ក្រុម​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​នោះ​ក៏​រៀបរាប់​ពី​បច្ចុប្បន្នភាព​ខ្លួន និង​សំណូមពរ​ខ្លះ​ដល់​សប្បុរសជន​ផង​ដែរ​តាមរយៈ​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​មហាជន​បាន​ដឹង​។

លោក សែម សង្វាត ម្ចាស់​បទចម្រៀង​ដែល​ល្បី​ខ្លាំង​គឺ​​បទ​ «​ជីវិត​កម្មករ​ឆ្លងដែន​» ប្រាប់​ថា​៖ «​ទៅ​ថ្ងៃ​មុខ​ចង់​បាន​ទីកន្លែង​ណា​មួយ​ដែល​អាច​ឲ្យ​ខ្ញុំ​ទៅ​ច្រៀង ហើយ​ក៏​អាច​រក​បាន​ប្រាក់​ខ្លះ​សម្រាប់​ការចិញ្ចឹម​កូនៗ​ព្រោះ​ថា​កូនៗ​នៅ​ក្មេង ទោះបី​ជា​នៅពេល​នេះ​កូនប្រុស​បង គេ​អាច​ឆ្លៀត​រក​ការងារ​ធ្វើ​បណ្តើរ រៀន​បណ្តើរ​ក៏ដោយ តែ​គ្នា​នៅ​ក្មេង​គឺ​ពិតជា​ត្រូវការ​ពេល​រៀន​ឲ្យ​បាន​ច្រើន​»​។

តាម​ការរៀបរាប់​បន្ថែម​នោះ​លោក សែម សង្វាត វ័យ ៤៤ ​ឆ្នាំ​ធ្លាប់​រៀបការ ២ ​ដង​គឺ​ប្រពន្ធ​ដំបូង​មាន​កូន​ប្រុស​ម្នាក់ បច្ចុប្បន្ន​វ័យ ១៩ ឆ្នាំ កូនច្បង​ចំណោម​កូនប្រុស​ទាំង ៣ ​របស់​លោក ខណៈ​កូនប្រុស ២ ​នាក់​ទៀត​ជាមួយ​ប្រពន្ធ​ទី​ ២ ដែល​បាន​រៀបការ​កាលពី​ឆ្នាំ​ ២០០៣ តែ​បាន​ចែកផ្លូវ​គ្នា ៣-៤ ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​មុខរបរ​រកស៊ី​បរាជ័យ និង​ពេល​ជំងឺ​លោក​កាន់តែ​ធ្ងន់ធ្ងរ​មក​៕