ភ្នំពេញៈ ថ្មីៗ​នេះ​តារាចម្រៀង​ខ្មែរ​ដែល​បាន​ទៅ​រស់នៅ​លើ​ទឹកដី​អាមេរិក​ប្រមាណ ២០ ​ឆ្នាំ និង​ធ្លាប់​ជា​មន្ត្រី​សង្គមកិច្ច​ក្នុង​រដ្ឋ​ខេនសាស អ្នកនាង ស៊ុន ស៊ីដាវីន ខណៈ​ប្រិយមិត្ត​ខ្មែរ​ស្គាល់​តាមរយៈ​ការច្រៀង​ជាមួយ​បុរស​អាមេរិក​ច្រៀង​ខ្មែរ-លោក ឆាដ ឃើរប៊ី បទ​ចម្រៀង​លំនាំ​ដើម «​ឆ្នាំមុន​» នោះ​ស្រាប់​តែ​មាន​វត្តមាន​នៅ​ស្រុក​ខ្មែរ​វិញ​ដូច​ប្រាប់​ពី​មុន​មែន​។

អ្នកនាង ស៊ុន ស៊ីដាវីន តារាចម្រៀង​ខ្មែរ​មាន​ប្រជាប្រិយភាព​ឯនាយសមុទ្រ​ជា​ស្ត្រី​ខ្មែរ​មាន​កំណើត​នៅ​ស្រុក​កំពង់បាយ ខេត្ត​កំពត​បាន​ចេញ​ទៅ​រស់នៅ​លើ​ទឹកដី​ទីក្រុង​វិឈីតា​ រដ្ឋ​ខេនសាស សហរដ្ឋអាមេរិក ជាមួយ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់ និង​ក្រុម​គ្រួសារ​អស់​ពេល​ប្រហែល ២០ ឆ្នាំ និង​មាន​កូន​ប្រុស ១ ជា​ចំណង​ស្នេហ៍​នឹង​ស្វាមី​អាមេរិក​ឈ្មោះ​លោក ដានីញ៉ែល ម៉ាសៀស​។

តារាចម្រៀង​ស្រី​ដែល​បាន​រៀន​ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​សង្គមកិច្ច​ពី​អាមេរិក ស៊ុន ស៊ីដាវីន បាន​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ​ហើយ​។ រូបថត ហ្វេសប៊ុក

ខណៈពេល​នេះ​តារាស្រី​សម្បុរ​ស្រអែម​ស្រស់​សោភា ស៊ីដាវីន កំពុង​តែ​រៀបចំ​ការរស់នៅ​សា​ជាថ្មី​ឡើង​វិញ​នៅ​ទឹកដី​ស្រុក​កំណើត​ខ្លួន ក្រុង​កំពត ខេត្ត​កំពត ជាមួយ​នឹង​កូនប្រុស និង​ស្វាមី ហើយ​ក៏​អាច​ទទួល​ការងារ​សិល្បៈ​ដែល​ជា​ចំណូលចិត្ត​បន្ទាប់​ទៅ​តាម​ពេល​ទំនេរ​បណ្តើរៗ​បាន​ដែរ មុន​ការងារ​ស្នូល​ជំនាញ​ផ្នែក​សង្គមកិច្ច​។

អ្នកនាង ស៊ុន ស៊ីដាវីន ក៏​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម Voice Messenger កាលពី​ម្សិលមិញ​ផង​ដែរ​ថា​៖ «​សម្រាប់​ការងារ​តាម​ជំនាញ​ដែល​បាន​រៀន​ចប់​នោះ នាង​ខ្ញុំ​នៅ​ពុំទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ ដោយសារ​តែ​ខ្ញុំ​ទើប​តែ​មក​ដល់​ស្រុក​ខ្មែរ ហើយ​ត្រូវការ​ពេល​សមរម្យ​មួយ​ក្នុង​ការរៀបចំ​សង្គម​គ្រួសារ​ឲ្យ​បាន​ស្រួលបួល​សិន គឺ​ថា​ខ្ញុំ​ត្រូវ​សង់​ផ្ទះ​នៅ​ស្រុកកំណើត​ក្បែរ​ក្រុង​កំពត និង​រក​សាលា​ឲ្យ​កូន​រៀន​បាន​សិន​ជាដើម​»​។

តែ​តារាចម្រៀង​ស្រី​ទើប​តែ​និពន្ធ​នូវ​បទចម្រៀង​ថ្មី​ប្រភេទ​អូរីជីណល​គឺ​បទ​ «​មួយ​នាទី​ក៏​ជា​និស្ស័យ​» បាន​បង្ហោះ​តាម​យូធូប​កាលពី​ថ្ងៃ​ទី​ ១១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ កន្លង​មក​ឲ្យ​ដឹង​ពី​ឱកាស​អាច​ចូលរួម​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ដែល​ជា​ចំណូលចិត្ត​ខ្លួន​នោះ​បន្ត​ថា​៖ «​តែ​សម្រាប់​សិល្បៈ​វិញ នាង​ខ្ញុំ​ទទួល​បាន​តាម​ពេលវេលា​ទំនេរ​របស់​ខ្ញុំ ដែលអាច​ទៅ​បាន​ដែរ​ដូចជា​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ប្រការ​សំខាន់​ប្រសិនបើ​មាន​គេ​ទាក់ទង​មក​ខ្ញុំ ហើយ​នៅ​ចំពេល​ខ្ញុំ​ទំនេរ​គឺ​ខ្ញុំ​នឹង​ចូលរួម​»​។

សម្រាប់​វិស័យ​ចម្រៀង​អ្នកនាង ស៊ុន ស៊ីដាវីន ចូលចិត្ត​ច្រៀង​បទ​ពី​សម័យ​ដើម​ដូចជា​បទ​របស់​លោកយាយ រស់ សេរីសុទ្ធា ពៅ វណ្ណារី​ ហួយ មាស និង​លោកតា​ ស៊ីន ស៊ីសាមុត​។ រីឯ​ចម្រៀង​សម័យ​វិញ​ចូលចិត្ត​បទ​កញ្ញា មាស សុខសោភា និង​បទ​ខ្មែរសុរិន្ទ​របស់ ចេន សាយចៃ និង​លោក សុង សែង ដែរ​៕