ភ្នំពេញ : កម្រិតវប្បធម៌រៀនមិនបានខ្ពង់ខ្ពស់ មិនមែនជាឧបសគ្គក្នុងការប្រឡូកក្នុងវិស័យសិល្បៈតែងនិពន្ធឡើយ សម្រាប់កវីចំណូលថ្មីរបស់ផលិតកម្មថោន។
ឆ្លងតាមការបញ្ចេញសមត្ថភាព និងបទពិសោធការប្រឡងក្នុងកម្មវិធី «ស្នាដៃកូនខ្មែរ» លោក ស៊ឹម សុភ័ណ្ឌ ដែលឧបនិស្ស័យពីកំណើតផ្នែកតែងនិពន្ធបទចម្រៀងបានសម្រេចគោលបំណងក្លាយជាអ្នកនិពន្ធដែលមានថ្វីដៃម្នាក់ក្នុងរយៈពេលខ្លី។
អ្នកនិពន្ធសម្បុរស្រអែមមានស្រុកកំណើតពីខេត្តសម្បូរថ្មកែវ ទឹកដីពោធិ៍សាត់ មកធំធាត់នៅទីក្រុងភ្នំពេញលោក ស៊ឹម សុភ័ណ្ឌ បានផ្តល់បទសម្ភាសមកកាន់ ភ្នំពេញប៉ុស្តិ៍ ពីជីវិតពេលមិនទាន់បានចូលប្រឡូកក្នុងវិស័យសិល្បៈថា៖ «មុនចូលក្នុងសិល្បៈ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលរៀនបានត្រឹមថ្នាក់ទី ៩ ប៉ុណ្ណោះ និងចូលចិត្តតែងកំណាព្យលេងកម្សាន្តនៅវាលស្រែ ព្រោះតែខ្ញុំចូលចិត្តទិដ្ឋភាពបែបនេះ»។
កវីនិពន្ធវ័យ ២៧ ឆ្នាំរូបនេះប្រាប់មូលហេតុដែលធ្វើឲ្យខ្លួនដាក់ពាក្យចូលប្រឡងក្នុងកម្មវិធី «ស្នាដៃកូនខ្មែរ» ផងដែរថា៖ «ខ្ញុំគិតថាកម្មវិធីគឺជាឱកាសមួយសម្រាប់ខ្ញុំដែលបានបង្ហាញនូវស្នាដៃរបស់ខ្លួនឲ្យបងប្អូនទូទាំងប្រទេសបានស្គាល់ និងបានដឹងអំពីសមត្ថភាពរបស់ខ្ញុំ ថែមទាំងចង់ប្រាប់ទៅកាន់ពិភពលោកថា ខ្មែរយើងក៏អាចធ្វើអ្វីដោយខ្លួនឯងបានដែរ»។
ទម្រាំបានក្លាយជាអ្នកនិពន្ធអាជីព និងបានចូលទៅក្នុងផលិតកម្មថោនលោក ស៊ឹម សុភ័ណ្ឌ បានបរិយាយថាពិតជាមានភាពលំបាកណាស់។
អ្នកនិពន្ធមិនខ្លាចនឹងទម្លាយពីកម្រិតវប្បធម៌ស្ដួចស្ដើងរូបនេះបានលើកហេតុផលថា៖ «ព្រោះបេក្ខជនដទៃទៀតសុទ្ធតែមានសមត្ថភាពដូចគ្នា ហើយត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល និងជម្រុះជាច្រើនដងរហូតដល់វគ្គ ៥ នាក់ចុងក្រោយដែលទទួលបានពានដូចគ្នា»។
តាំងពីចូលក្នុងវិស័យសិល្បៈក្នុងអាជីពជាអ្នកនិពន្ធស្នាដៃដែលមានការគាំទ្រច្រើនពីមហាជន លោក ស៊ឹម សុភ័ណ្ឌ បានបង្កើតស្នាដៃបទចម្រៀងសម្រាប់កំពូលតារាស្រីប្រចាំផលិតកម្មថោនកញ្ញា មាស សុខសោភា គឺបទ «លង់ស្នេហ៍អ្នកបាត់ដំបង»។
ក្រៅពីជំនាញខាងអ្នកនិពន្ធបទចម្រៀងប្រចាំនៅផលិតកម្មថោន លោក ស៊ឹម សុភ័ណ្ឌ បានឲ្យដឹងថា លោកក៏ចាប់អារម្មណ៍ និងមានសមត្ថភាពអាចនិពន្ធរឿងប្រលោមលោកបានដោយលោកធ្លាប់បាននិពន្ធស្នាដៃខ្លះរួចមកហើយ ដូចជារឿង «កម្មជីវិត» តែមិនទាន់បានបោះពុម្ពនៅឡើយ។
លោកក៏មាននិស្ស័យចង់រៀនលេងភ្លេងបន្ថែមព្រមទាំងច្រៀង ប៉ុន្តែដោយបានគិតថា ខ្លួនច្រៀងមិនពីរោះទើបអ្នកនិពន្ធពន្លកថ្មីរូបនេះបានត្រឹមតែចំណង់ប៉ុណ្ណោះ។
ក្រៅពីធ្វើការនៅក្នុងផលិតកម្មលោក ស៊ឹម សុភ័ណ្ឌ ក៏មានការងារចម្បងជាពិធីករនៅប៉ុស្តិ៍ វិទ្យុប្រជាជន ដើម្បីប្រជាជន FM91 និងមានជំនួញផ្ទាល់ខ្លួនមួយផងដែរ។
អ្នកនិពន្ធដែលទើបតែចូលប្រឡូកក្នុងសិល្បៈបានរយៈពេល ៣ ឆ្នាំចាប់ពីបានចូលប្រឡង និងគាំទ្រតាមរយៈបទ «លង់ស្នេហ៍អ្នកបាត់ដំបង» លោក ស៊ឹម សុភ័ណ្ឌ បានរៀបរាប់ពីគោលជំហរនៅថ្ងៃអនាគតបន្ថែមថា៖ «ថ្វីដ្បិតតែការងារជាអ្នកនិពន្ធត្រូវគិតច្រើនបន្តិច ប៉ុន្តែវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយខ្ញុំក៏រីករាយក្នុងការបំពេញការងារមួយនេះ»។
លោកបន្តថា៖ «ខ្ញុំនឹងព្យាយាមនិពន្ធបទថ្មីៗ ដើម្បីបំពេញតាមចំណីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាកមកស្តាប់នូវបទចម្រៀងនិពន្ធថ្មីមិនចម្លងបរទេស និងស្តាប់ពាក្យរិះគន់ដើម្បីស្ថាបនា»៕