ភ្នំពេញ៖ ក្នុងវិនាទីដ៏ខ្លីមុននឹងចាប់ផ្ដើមបេសកកម្មមើលថែអ្នកជំងឺកូវីដ១៩ គូស្វាមីភរិយាពេទ្យ ១ គូឆ្លៀតឈរទន្ទឹមគ្នារំលេចគំនូសបេះដូងផ្គុំហ៊ុមព័ទ្ធសំណេរនឹករឭកកូនស្រីវ័យទើបតែ ៣ ខែ «ដុកទ័រ សិលា ដុកទ័រ រ៉ា ស្រឡាញ់ បញ្ញាតី» លើអាវការពារពណ៌ផ្ទៃមេឃ។
រូបភាពអ្នកទាំង ២ ដែលត្រូវបានចែកចាយពេញបណ្ដាញសង្គមបានធ្វើឱ្យមនុស្សជាច្រើនរំជួលចិត្ត និងផ្ទុះការស្ញប់ស្ញែងពីការលះបង់របស់គូស្នេហ៍ទើបនឹងក្លាយជាឪពុកម្ដាយទារកថ្មីថ្មោងក៏សុខចិត្តឃ្លាតពីកូនតូចមកបំពេញភារកិច្ចនៅសមរភូមិវេជ្ជសាស្ត្រសង្គ្រោះអ្នកជំងឺពីវីរុសកូរ៉ូណា។
ដោយមើលឃើញពីតម្រូវការកាន់តែច្រើននូវវត្តមានក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺឆ្លងពីព្រឹត្តិការណ៍ ២០ កុម្ភៈ លោក ប៊ុន សិលា និងភរិយា សុខ ភារ៉ា បានសម្រេចចិត្តចូលខ្លួនជាទ័ពអាវសជួរមុខ បើទោះជាអ្នកទាំង ២ ទើបតែស្វាគមន៍កំណើតកូនស្រីដំបូងត្រឹមតែ ៣ ខែក៏ដោយ។
លោក ប៊ុន សិលា បានប្រាប់ពីការសម្រេចចិត្តរបស់លោក និងភរិយាមកកាន់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ប្រាកដណាស់ភាពជាឪពុកម្ដាយអ្នកណាមិននឹកមិនចង់នៅជិតកូន? កាន់តែជាកូនដំបូង និងទើបតែកើតបានមិនប៉ុន្មានខែផងនោះ កាន់តែពិបាកធ្វើចិត្ត...»។
លោកនិយាយបន្តទៀតថា៖ ស«...ប៉ុន្តែយើងដឹងថាស្ថានការណ៍នេះ ក្នុងនាមជាគ្រូពេទ្យការសម្រេចចិត្តរបស់យើងគឺសំខាន់ជាងពេលណាៗទាំងអស់ មិនអាច ព្រោះតែសេចក្ដីសុខផ្ទាល់ខ្លួនគេចវេះ ឬរួញរាក្នុងពេលដែលប្រទេសជាតិត្រូវការយើងបំផុតនោះទេ»។
មុនចុះបំពេញបេសកកម្មលោក និងភរិយាដែលទើបសម្រាលកូនបាន ៣ ខែបានព្យាយាមប្ដូរឱ្យកូនស្រីមកបៅទឹកដោះគោជំនួសទឹកដោះម្ដាយ ព្រមទាំងផ្ស៊ាំដាក់ឱ្យទារិកាតូចទម្លាប់នឹងការគេងជាមួយលោកយាយ និងលោកតារបស់នាងតូច។
លោក សិលា បានរំឭកប្រាប់ថា៖ «ដំបូងៗកូនក៏យំពេលមិនឃើញឪពុកម្ដាយ តែក្រោយៗមកគាត់ក៏អាចសម្របខ្លួនបាន»។
លោកគ្រូពេទ្យឯកទេសឆ្នាំទី ៣ ផ្នែកវះកាត់ទូទៅ និងប្រព័ន្ធរំលាយអាហាររូបនេះបានតបនឹងចម្ងល់ថា បើសួរថាតើពួកគាត់ជាពេទ្យភ័យខ្លាចឬអត់? នោះចម្លើយរបស់លោកគឺប្រាកដណាស់លោកក៏មានការព្រួយបារម្ភខ្លះដែរ។
យ៉ាងណាមិញលោកបានបញ្ជាក់ថា៖ «យើងធ្លាប់តែរៀនពីវិធីការពារ និងព្យាបាលផ្សេងៗមិនដឹងថាការអនុវត្តជាក់ស្ដែងយ៉ាងម៉េចទេ តែយើងនៅតែជ្រើសរើសចូលប្រយុទ្ធ ព្រោះបើយើងម្នាក់ៗខ្លាចតើបានអ្នកណាមើលថែបងប្អូនយើង»។
សមាជិកទ័ពអាវសដែលដឹកដៃភរិយាទៅព្យាបាលអ្នកជំងឺកូវីដរូបនេះបាននិយាយថា៖ «ម្យ៉ាងបើយើងមិនចាប់ផ្ដើមអ្នកផ្សេងក៏មិនដឹងពីស្ថានភាព។ យើងចង់ធ្វើជាគំរូ និងបង្កើតកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យក្រោយៗទាំងអ្នកដែលត្រៀមស្ម័គ្រចិត្ត និងអ្នកដែលមិនទាន់ហ៊ានមកឱ្យគាត់មានសេចក្ដីក្លាហានហើយបានឃើញថាយើងអាចឆ្លងផុតដោយជោគជ័យហើយ»។
លោកក៏បានបញ្ជាក់ឱ្យដឹងតាមរយៈបទពិសោធរបស់លោកថា ស្ថានភាពជាក់ស្ដែងមិនគួរឱ្យភ័យខ្លាចដូចដែលយើងគិតនោះទេ។
យោងតាមការរៀបរាប់របស់លោក ប៊ុន សិលា កន្លែងព្យាបាលមានការរៀបចំបានល្អមានកន្លែងដើរទៅមើលអ្នកជំងឺ និងកន្លែងចេញមកវិញដោយមានរបៀបរបបបំពាក់ដោយប្រព័ន្ធសុវត្ថិភាព។
ទីនោះមានកន្លែងដោះសម្លៀកបំពាក់ការពារត្រឹមត្រូវ ហើយឧបករណ៍ដែលប្រើប្រាស់ស្ទើរតែអាចហៅបានថាលើសស្តង់ដារួមទាំងមានក្បាំងមុខ និងស្រោមដៃក្រាស់ថែមពីលើទៀតផង។
ថ្ងៃទី ១៤ ខែមេសាជាថ្ងៃទី ១ នៃការបំពេញបេសកកម្ម ៣ សប្ដាហ៍របស់លោក និងភរិយា។ លោកបានរៀបរាប់ប្រាប់ពីសកម្មភាពក្នុងការមើលថែអ្នកជំងឺ និងលើកទឹកចិត្តពួកគេកុំឱ្យមានការព្រួយបារម្ភ។
ជារៀងរាល់ថ្ងៃក្រុមគ្រូពេទ្យនឹងបន្តតាមដានសុខភាពអ្នកជំងឺចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃពួកគាត់ជាសះស្បើយ ដោយផ្ដល់អាហារ និងថ្នាំតាមរោគសញ្ញានីមួយ។
អ្នកជំងឺចូលសម្រាកព្យាបាលបានប្រមាណចាប់ពី ៥ថ្ងៃទៅនឹងមានការធ្វើតេស្ត។ ប្រសិនបើមានលទ្ធផលអវិជ្ជមាន ២ ដងជាប់គ្នា ក្រុមគ្រូពេទ្យនឹងរៀបចំឯកសារ ដើម្បីឱ្យគាត់អាចត្រឡប់ទៅផ្ទះបន្តធ្វើចត្តាឡីស័កដោយខ្លួនឯង។
អ្វីដែលធ្វើឱ្យប្ដីប្រពន្ធលោកចងចាំបំផុតនោះគឺក្នុង ១ ថ្ងៃមានអ្នកជំងឺនៅកោះពេជ្របានជាសះស្បើយ និងត្រលប់ទៅផ្ទះវិញក្នុងចំនួនរហូតដល់ទៅ ៨៣៤ នាក់។
គ្រូពេទ្យស្ម័គ្រចិត្តវ័យ ២៥ ឆ្នាំរូបនេះប្រាប់ថា៖ «ពេលមានពួកគាត់មកលាហើយប្រាប់ថាអរគុណដែលមើលថែពួកគាត់ប៉ុន្មានថ្ងៃនេះ ពេលនេះគាត់អាចត្រឡប់ទៅរកប្រពន្ធកូន ជុំគ្រួសារវិញហើយ»។
លោក ប៊ុន សិលា បានថ្លែងទាំងរំភើបថា៖ «វាជាពាក្យសាមញ្ញតែទិដ្ឋភាពនេះជាការចងចាំមួយមិនអាចបំភ្លេចបានសម្រាប់ខ្ញុំក្នុងការចូលរួមបេសកកម្មលើកនេះ។ ខ្ញុំមានអារម្មណ៍រំភើប និងត្រេកអរខ្លាំងណាស់ហើយក៏មានកូនចិត្តសង្ឃឹមថាប្រទេសយើងនឹងត្រឡប់មកធម្មតាវិញ»។
បេសកកម្មរបស់លោកទើបបញ្ចប់។ ពេលនេះជិត ១ សប្ដាហ៍ហើយដែលលោក និងភរិយា រួមទាំងក្រុមគ្រូពេទ្យសរុប ៤៥ នាក់ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ បើលទ្ធផលតេស្តអវិជ្ជមាន កងទ័ពអាវសនឹងអាចត្រឡប់ទៅជួបជុំក្រុមគ្រួសារ។ លោក និងភរិយានឹងបាននែបនិត្យកូនស្រីសំណព្វវិញ បន្ទាប់ពីបានត្រឹមតែឃើញមុខតាមទូរស័ព្ទអស់រយៈពេលជាង ១ ខែកន្លងមក។
លោក សិលា បានប្រាប់ថា បេសកកម្មលើកនេះបានបង្រៀនលោកច្រើនទី ១ គឺការរស់នៅដោយភាពសាមញ្ញ និងទី ២ គឺការធ្វើការងារជាក្រុម។
លោកបញ្ជាក់ពីចំណុចសំខាន់ថា៖ «ពេលពួកខ្ញុំបំពេញកាតព្វកិច្ច ការដោះសម្លៀកបំពាក់ការពារចេញជាពេលប្រឈមបំផុត ពេលនោះពួកយើងដូចមនុស្សជិះលើទូកតែមួយយើងបានព្យាយាមជួយឆែកគ្នាយ៉ាងល្អិតល្អន់ បើម្នាក់បរាជ័យទាំងអស់គ្នាបរាជ័យហេតុនេះវាជាមេរៀនសំខាន់មួយដែលខ្ញុំទទួលបាន»។
លោកបានផ្ដាំផ្ញើឱ្យក្រុមគ្រូពេទ្យក្រោយៗប្រយ័ត្នបំផុតពេលដោះសម្លៀកបំពាក់ និងសូមឱ្យរក្សាសុខភាព ទទួលទាន និងសម្រាកឱ្យបានគ្រប់គ្រាន់ក៏ដូចជាអ្នកជំងឺ និងអ្នកមិនទាន់ឈឺក្ដី ដើម្បីពង្រឹងប្រព័ន្ធស៊ាំរឹងមាំប្រយុទ្ធនឹងជំងឺ។ លោកក៏សូមឱ្យពលរដ្ឋបន្តចូលរួមគោរពតាមវិធានការក្រសួងសុខាភិបាល ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងឱ្យបានទាំងអស់គ្នា៕