ភ្នំពេញ៖ បង្ក​​ការ​​ភ្ញាក់​ផ្អើល​​​ខ្លាំង​ពី​មហាជន ខណៈ​​ស្ងាត់ៗ​ស្រាប់​តែ​លេច​រឿង​តារា​សម្តែង តារា​​ម៉ូដែល និង​​ពិធី​ការិនី​​ទូរទស្សន៍​កញ្ញា ម៉ៃយ៉ា មាន​​ស្វាមី​ជូន​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​យ៉ាង​ផ្អែម​ល្ហែម​ ​​ក្នុង​​អំឡុង​​​ពេល​រដូវកាល​បុណ្យ​ភ្ជុំបិណ្ឌ​ កន្លង​មក​នៅ​​​កោះ​បាលី ប្រទេស ​ឥណ្ឌូនេស៊ី​។​​​

អ្វី​ដែល​ធ្វើ​ឲ្យ​​ប្រិយមិត្ត​អ្នក​គាំទ្រ និង​អ្នក​លេង​បណ្តាញ​សង្គម​​បន្ថែម​នូវ​ភាព​ងឿង​ឆ្ងល់​នោះ​ ក្រោយ​​ពី​កញ្ញា ម៉ៃ​យ៉ា បាន​បង្ហោះ​បណ្តុំ​រូប​ថត​ផ្អែម​​ល្ហែម​ស៊ី​អារម្មណ៍​ដូច​ជា​គូស្នេហ៍​ថ្មីថ្មោង​​ទើប​រៀប​ការ​ជា​ច្រើន​សន្លឹក ដោយ​មាន​ក្លែម​សម្តី​ជា​​ភាសា​អង់គ្លេស​ថា៖ «​Dream come true with my Husband Pich Tom​ Thank you for love me. Holiday​ in BALi» ខណៈ​​​មហាជន​​​ធ្លាប់​ជ្រាប​​​ថា​ កញ្ញា​ទើប​តែ​បាន​បង្ហើប​ថា​ម្ចាស់​ចិត្ត​​​តែ​ប៉ុណ្ណោះ​នោះ​​។​

តារា​សម្តែង​ស្រី ម៉ូដែល និង​ពិធីការិនី វ័យ ២៣ ឆ្នាំ ​កំពុង​តែ​មាន​រូប​ឆោម​ស្រស់ សាច់​សខ្ចី កូន​កាត់​ជាតិ​សាសន៍​អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃយ៉ា បាន​បង្ហោះ​រូប​នែបនិត្យ ផ្អែមល្ហែម នឹង​បុរស​រូប​សង្ហា ខុស​ពី​ធម្មតា មិន​មែន​ជា​រូបថត​សម្តែង​កុន​​ឡើយ ហើយ​កាន់​តែ​​គួរ​ឲ្យ​សង្ស័យ​នោះ ​គឺ​កញ្ញា​ហ៊ាន​ហៅ​បុរស​នោះ​ថា​​ ប្តី​​ពេញៗ​មាត់ និង​មិន​ដែល​ឃើញ​​​មាន​ការ​ប្រកាស​រៀបការ​នោះ​ទេ។

តែ​​​តារា​សម្តែង​​ស្រី​ជា​កូន​កាត់​​កាន់​តែ​មាន​រូប​ឆោម​ស្រស់​កញ្ញា ម៉ៃយ៉ា ក៏​នៅ​មិន​​ទាន់​បាន​បក​ស្រាយ​នូវ​​​ចម្ងល់​មហា​​ជន​ចំពោះ​រឿង​​​បុរស​សង្ហា​ ដែល​នាង​ហៅ​ថា​ប្តី​នោះ ពិត​ជា​ប្តី​មែន ឬ​យ៉ាង​ណា​ទេ​ ដោយសារ​តែ​​​​ប្រព័ន្ធ​​ទូរស័ព្ទ​​​​នាង​ត្រូវ​បាន​​បិទ ដែល​ទំនង​ជា​​​កំពុង​មាន​វត្តមាន​នៅ​ឯក្រៅ​ប្រទេស​​​នៅ​ឡើយ។​​

កាល​ប៉ុន្មាន​សប្តាហ៍​មុន​​នោះ​​ គេ​ឧស្សាហ៍​ឃើញ​កញ្ញា ម៉ៃយ៉ា ​​​បង្ហោះ​​រូបថត​ស្និទ្ធស្នាល​​​ជាមួយ​នឹង​បុរស​រាង​សង្ហា​​ដែល​​មាន​ត្រេ​មុខ​ជា​​កូន​ចៅ​កាត់​ចិន​នោះ​ក៏​បង្កប់​សារ​ខ្លី​ដែរ​ថា​ «You are my ev​erything!»​ ​ក៏​​ទាក់ទាញ​ឲ្យ​​មាន​អ្នក​ចូល​ទៅ​ចុច Like និង Comment ជា​ហូរហែ ដោយ​​​​​សរសេរ​​​ចំអន់​ថា​៖ «​អីយ៉ាស​! ទំនង​ជា​កញ្ញា​បាន​ជួប​នឹង​ម្ចាស់​ចិត្ត​ដែល​​ធ្លាប់​ប្រកាស​រក​កាល​ប៉ុន្មាន​ ខែ​នោះ​​ហើយ​មើល​ទៅ​ហ្ន​? ឬ​មួយ​​គ្រាន់​រូបភាព​​បំភាន់​ភ្នែក​មហាជន​ទេ​ដឹង ព្រោះ​ថា​រូប​នេះ​អាច​ជា​រូបថត​នឹង​តារា​ប្រុស​ថ្មី​នៅ​ក្នុង​ការ​ថត​កុន​ថ្មី​របស់​កញ្ញា​ក៏​អាច​ថា​បាន​!»​។

ស្រីស្រស់​ជា​កូន​កាត់ ម្តាយ​​​ខ្មែរ-ប៉ា​អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា ក៏​ល្បី​ថា​ នាង​សម្បូរ​ក្រុម​​កន្លង់​ចោមរោម​តាម​សុំ​ស្នេហ៍​មិន​តិច​ទេ​​ចាប់​ពី​​លំដាប់​​ពី​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​រហូត​ទៅ​ដល់​ឋានៈ​ឧកញ៉ា​នោះ​​ក៏​ធ្លាប់​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​ «​នេះ​ជា​​រឿង​ពិត​! ​មិនមែន​​និយាយ Drama លេង​ទេ​បង ​គឺ​ខ្ញុំ​​និយាយ​ពិត​មែន​! បុរស​ដែល​​ខ្ញុំ​ឧស្សាហ៍​ថតរូប​បង្ហោះ​មួយរយៈ​ចុង​ក្រោយ​នោះ​ ​គឺ​ពិត​ជា​អ្នក​ដែល​នាង​ខ្ញុំ​ពេញ​​ចិត្ត និង​ទើប​តែ​ចាប់​ផ្តើម​មើល​ចិត្ត​ថ្លើម​គ្នា​បណ្តើរៗ​ហើយ​»​៕​