ភ្នំពេញៈ បង្កការភ្ញាក់ផ្អើលមហាជនសាជាថ្មី ខណៈស្រាប់តែតារាចម្រៀងស្រីសំឡេងស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហោះ Status បង្ហាញបទចម្រៀងថ្មីបទ «Crush» ដែលវីដេអូ MV trailer មានឈុតនាងទេពមច្ឆា ដោយសម្រស់ផូរផង់របស់ខ្លួននោះ។
នាមួយរយៈចុងក្រោយនេះ ទស្សនិកជនសម្គាល់ឃើញថា ហាក់ដូចជាបាត់មុខសូន្យឈឹងពីវិថីសិល្បៈ ជាពិសេសនោះ គឺមិនសូវឃើញចេញបទចម្រៀងថ្មីសោះឡើយ ក្រោយពីពេលនាងបានប្ដូរទ្រនំផលិតកម្មពីហង្សមាសមកទ្រនំថោន។
ក្រោយពីស្ងាត់ពីសិល្បៈមួយខ្យល់ធំរួចមក ស្រាប់តែកញ្ញា ឈិត សុវណ្ណបញ្ញា បង្ហើបឲ្យដឹងថា នឹងត្រៀមចេញបទថ្មី ខណៈទស្សនិកជនសង្ស័យដែរថា ហេតុអ្វីបទថ្មីរបស់នាងចេញក្នុងផលិតកម្ម DitWay Nation របស់តារាចម្រៀងរ៉េប លោក ងូន ចាន់ដេវីត ទៅវិញ។
ពីបណ្តាញសង្គមអ៊ីនស្តាក្រាម របស់តារាចម្រៀង កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហោះរូប ១ សន្លឹក ដែលមានចំណងជើងបទថា «Crush» គឺបទចម្រៀងថ្មីដែលត្រៀមចេញឆាប់ៗនេះ ដោយសារថា៖ «រង់ចាំបទថ្មីរបស់ កញ្ញា ឈិត សុវណ្ណបញ្ញា ក្នុង channel YouTube DIT WAY នៅថ្ងៃស្អែកម៉ោង ៧ យប់»។
យ៉ាងណាមិញ គេមិនទាន់ដឹង និងមិនអាចសុំការបញ្ជាក់បាននៅឡើយទេថា តារាស្រីប្រជាប្រិយភាពមធ្យមកញ្ញា ឈិត សុវណ្ណបញ្ញា នឹងផ្លាស់ប្ដូរទ្រនំថ្មីទៀតដោយមកធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្ម DitWay Nation របស់លោក ងួន ចាន់ដេវីត ឬក៏យ៉ាងណានោះទេដោយប្រព័ន្ធទូរស័ព្ទនាងតេចូលគ្មានអ្នកលើកកាលពីម្សិលមិញ។
តែគេក៏ឃើញសារចុងក្រោយមួយទៀតរបស់តារាចម្រៀងស្រី ដែលបានឆ្លៀតបើកមុខក្រៅសិល្បៈគឺ ហាងអាហារដ្ឋានមួយមានឈ្មោះថា «បឹងហ្គាឡូ» កាលពីប៉ុន្មានខែកន្លងមកដែរថា៖ «នឹក បញ្ញា អត់? បើនឹកកុំភ្លេចថ្ងៃស្អែកណា នឹកអ្នកទាំងអស់គ្នាណាស់!» និងសារថា៖ «សួស្តី ហ្វេនបង បញ្ញា ទាំងអស់គ្នា! Video នេះ វាគ្រាន់តែជាការទំនេរពីការដើរលេង ក៏ផ្តិតរូបបង្កើតជា MV ចែកហ្វេនមើលលេងកម្សាន្ត អ្នកណានឹក អ្នកណាស្រឡាញ់ បងបញ្ញា ខ្លះជួយចែករំលែកផងណា! គឺបទនេះសម្រាប់អ្នកដែលពូកែខាង Crush គេ!»។
ចាប់តាំងពីចាកចេញពីទ្រនំហង្សមាសទៅទ្រនំថ្មីថោន ប្រមាណជាង ២ ឆ្នាំ ទោះបីជាទីផ្សារសិល្បៈតារាចម្រៀងស្រីសំឡេងស្រទន់ដែលមានមុខមាត់កូនកាត់ចិនកញ្ញា ឈិត សុវណ្ណបញ្ញា ហាក់មិនសូវជាកាក់កបមែនក្តី តែកញ្ញាក៏ស្រវាបើកហាងអាហារដ្ឋានមួយមានឈ្មោះ «បឹងហ្គាឡូ» ឲ្យមហាជនភ្ញាក់ផ្អើលកន្លងមកដែរ៕