ភ្នំពេញ៖ កាន់​តែ​បង្ក​ការ​ភ្ញាក់​ផ្អើល និង​ចង់​ដឹង​ការ​ពិត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ល្បី​ថា តារា​ស្រី​មាន​រាសី​​ឡើង​កូដ​ក្រឺតៗ​ក្នុង​ការ​​សម្តែង​ភាពយន្ត​ដែល​ភាគ​ច្រើន​សម្តែង​​​តួឯក​ក្នុង​ភាពយន្ត​ខ្នាត​ធំ កញ្ញា ឌុច លីដា មក​ធ្លាយ​ការ​សម្ងាត់​ខ្លួន​ឯង​ជុំវិញ​​​រឿង​​មាន​​កូន​ ខណៈ​រូប​នាង​នៅ​ពុំ​ទាន់​បាន​ចូល​រោងជ័យ​​រៀប​មង្គលការ​នៅ​ឡើយ​នោះ​។

តារា​​សម្តែង​ស្រី ដែល​ឡើង​កូដ​ខ្លាំង​​​ក្នុង​ពិភព​សម្តែង​​ភាពយន្ត​ខ្នាត​ធំ ជា​ពិសេស​នោះ​ នាង​​ធ្លាប់​​ត្រូវ​បាន​អ្នក​ទស្សនា​​បញ្ជាក់​ឲ្យ​​ដឹង​ថា ​នាង​ហ៊ាន​​ថត​ស្រាត​បញ្ចេញ​នូវ​សាច់​ល្វែង​លើ​ពិតៗ ដោយសារ​​តែ​នាង​ទទួល​បាន​​តម្លៃ​ខ្លួន​យ៉ាង​ខ្ពស់​នៅ​​​ក្នុង​ការ​ប្រជែង​​យក​​តំណែង​តួឯក​ស្រី​​​ក្នុង​ភាពយន្ត​​ខ្នាត​ធំ​បំផុត​របស់​ខ្មែរ ​គឺ​រឿង «ស្បែក​គង់» ដែល​​​​ចំណាយ​ទុន​វិនិយោគ​ដល់ ៦៨ ម៉ឺន​ដុល្លារ និង​​ក្រោយ​មក​ល្បី​មួយ​ប៉្រាវ​​​ទៀត​​ជាមួយ​ការ​សម្តែង​លែង​កាយ​​​​ក្នុង​កុន​ដុំ​​ក្រោយ​គឺ​រឿង «នារី​វេទមន្ត» ​នោះ ក៏​ស្រាប់​​តែ​មក​បែក​​ធ្លាយ​រឿង​មាន​កូន​ប្រុស​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ ដែល​​ទើប​​តែ​សម្រាល​​ប៉ុន្មាន​​ខែ​ មិន​គួរ​ឲ្យ​ជឿ។​​​

បើ​​ទោះបី​ជា​ការ​ពិត​ថា តារា​សម្តែង​ស្រី​​មាន​រាង​តូច​ច្រឡឹង ចង្កេះ​​អង្ក្រង​​សម្បូរ​មន្ត​ស្នេហ៍​រយ​ពាន់​កញ្ញា ​ឌុច លីដា​ មិន​​​​ទាន់​បាន​​បក​​ស្រាយ ​ដោយ​​​​បើក​ចំហ​នៅ​ឡើយ​នោះ​​​​ទេ​ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​​​មិន​អាច​ទាក់ទង​តាម​​​ទូរស័ព្ទ​​ ដើម្បី​សុំ​ការ​បញ្ជាក់​​ថា តើ​កូន​​ប្រុស​នោះ ​ពិត​ជា​កូន​នាង​មែន និង​ឪពុក​របស់​​កូន​​​​នេះ ​ជា​នរណា​ផង​ដែរ​​ ដោយសារ​​ទូរស័ព្ទ​​តេ​​​ចូល​តែ​​បែរ​ជា​គ្មាន​​អ្នក​​ទទួល។​

តែ​បើ​ផ្អែក​តាម​សារ​ជា​​ច្រើន​របស់​កញ្ញា​ ឌុច លីដា​ នៅ​ឯ​តាម​បណ្តាញ​​សង្គម​ហ្វេសប៊ុក​ និង​​​ការ​ព្រលយ​ឲ្យ​ដឹង​​ពី​ប្រភព​នៃ​អ្នក​តាម​ប្រមាញ់​ជីវិត​ឯកជន​របស់​តារា​ស្រី​​​ល្បី​ខាង​ហ៊ាន​​សម្តែង​ស្រាត​ក្នុង​មួយ​រយៈពេល​​​ចុង​​ក្រោយ​នេះ បាន​ឲ្យ​​ដឹង​ថា កញ្ញា ឌុច លីដា គឺ​ពិត​ជា​​មាន​កូន​មែន​​ ដោយ​សារ​តែ​សំអាង​​នូវ​​​ពាក្យ​​គេ​លើក​ឡើង​​ស្រប​គ្នា​​ថា៖ «មួយ​រយៈពេល​ចុង​ក្រោយ​នេះ ឌុច លីដា មិន​​​​ត្រឹម​តែ​​ស្ងាត់​ក្នុង​ទីផ្សារ​កុន​ទេ គឺ​ហាក់​ដូចជា​រាង​​បែក​សាច់​​​ទៀត​ផង​!»។​

កាន់​តែ​គួរ​ឲ្យ​កត់​សម្គាល់​ និង​ឆ្លុះ​បញ្ចាំង​ការ​ពិត​បន្ថែម​ទៀត​នោះ ​គឺ​សារ​ទាំង​ឡាយ​ដែល​​​​តារា​ស្រី​រូប​​នេះ បាន​សរសេរ​ខ្លីៗ​អម​​​ជាមួយ​រូបថត​របស់​ទារក​ ដែល​​​​​​មាន​វ័យ​ក្រោម​ ១​ ខួប ជា​​​​រៀងរាល់​ថ្ងៃ ដោយ​ប្រើ​ភាសា​​ហៅ​ក្មេង​​​នោះ​ថា​ជា​កូន​ពេញៗ​មាត់​តែ​ម្តង​។​

កញ្ញា ឌុច លីដា សរសេរ​​ថា​៖ «​​ថ្ងៃ​​​ហ្នឹង​​​​ម៉ាក់​ឲ្យ​អូន​លេង​​​ទឹក មុខ​ខ្លាំង​​ជាង​​​​មុន​ទៀត! អរគុណ​ដល់​​​អ្នក​ទាំង​​អស់់​គ្នា​​សម្រាប់​ការ​​ជូនពរ​អូន និង​​ម៉ាក់​អូន​​!​៕​