ភ្នំពេញ៖ ទើប​​បក​ស្រាយ​រឿង​ផ្ទុះ​​​ការ​សង្ស័យ​​លើ​​​​​ការ​កែ​​សម្ផស្ស និង​មាន​ម្ចាស់​ចិត្ត​​ថ្មី​​​សោះ ស្រាប់​តែ​​​កញ្ញា ​នី មុនីនាថ បង្ហើរ​សារ​ ​១ ​​ឃ្លា​​បង្ហើប​​​រឿង​ខ្លួន​ កំពុង​តែ​​រក​ពេល​​​​នៃ​ការ​ដំណើរការ​បើក​មុខ​របរ​ថ្មី ក្រៅ​​ពី​​សិល្បៈ​​បន្ថែម​ទាក់ទាញ​ចំណាប់​​អារម្មណ៍​មហាជន​​ម្តង​​ទៀត។

អម​​ដោយ​រូបភាព​មាន​សម្រស់​ស្អាត បង្ហាញ​​​សាច់​​មុខ​ស្រស់​ក្នុង​កាយ​វិការ​​បិទ​ភ្នែក​ និង​​សាច់​ស្អាត​ ​១ ​ប៉ុស្តិ៍​នោះ ក៏​បង្ហើរ​សារ​ថា៖ «មុខ​របរ​ថ្មី​​​សម្រាប់​​នាង​ខ្ញុំ ជិត​​មក​ដល់​ហើយ​បងប្អូន​ សូម​ជួយ​គាំទ្រ​ផង​ណា​ចាស!»​។

ជា​រឿយៗ​តារា​សម្តែង និង​ពិធីការិនី​ រូប​ស្រស់​ ដែល​ជាប់​រហស្សនាម​​​ «តារា​ស្រី​ទឹក​​ភ្នែក» កញ្ញា នី មុន្នីនាថ តែងតែ​មាន​​ការ​បក​ស្រាយ​​បែប​​បង្វែង​ដាន​​​ជា​និច្ច និង​​ភាគ​ច្រើន​ឆ្លើយ​​ថា ជា​សារ​​បាន​ដក​​ស្រង់​​ចេញ​​ពី​ប៉ារ៉ូល​កុន​​​ខ្លួន​តែ​ប៉ុណ្ណោះ​។

តាម​ទម្លាប់​​ និង​​ការ​កត់​សម្គាល់​នោះ​​ ក្រុម​​​សិល្បករ-ការិនី ច្រើន​តែ​​និយម​បើក​​​មុខ​របរ​ខាង​ក្រៅ​សិល្បៈ​របស់​ខ្លួន​​​នោះ​​ដូចជា​ បើក​​សម្អាង​ការ​គ្លីនិក ឬ​ហាង​លក់​ផលិតផល​​រក្សា​សម្ផស្ស​ជា​ដើម ខណៈ​តារា​ស្រី​ដែល​មាន​​សម្រស់​ប្រែប្រួល​ជាង​មុន នី មុន្នីនាថ ក៏​ទំនង​​ជា​មាន​មុខ​របរ​ថ្មី​ជិត​បើក​សម្ពោធ​នោះដូច​គ្នា​ដែរ​ហើយ បើ​តាម​​​​មើល​​ទៅ​។​

ទោះបី​ជា​យ៉ាង​ណា ក៏​​ភ្នំពេញ​ប៉ុស្តិ៍​ មិន​អាច​សុំ​ការ​បក​ស្រាយ​​ពី​សំ​ណាក់​​កញ្ញា នី មុន្នីនាថ បាន​ឡើយ​ ​ចំពោះ​គម្រោង​បើក​មុខ​របរ​ថ្មី​ដែល​​នាង​ថា ជិត​មក​ដល់​តាម​​​សារ​ក្នុង​ហ្វេសប៊ុក​នោះ​ឡើយ ដោយសារ​ប្រព័ន្ធ​​ទូរស័ព្ទ​​​របស់​នាង​មិន​អាច​ទំនាក់ទំនង​​​បាន​ថ្មីៗ​នេះ។

ដោយ​ឡែក​មុន​នេះ​បន្តិច​តារា​សម្តែង​ស្រី ដែល​​​​​ធ្លាប់​ល្បី​ក្នុង​​រឿង​តតាំង​​ក្តី​ជាមួយ​នឹង​​អតីត​គូស្នេហ៍​ឆ្លង​ទ្វីប ដែល​បច្ចុប្បន្ន​​បាន​​​​ស្ងប់​បាត់​​ទៅ​​​ហើយ​នោះ ​បាន​​បង្ហោះសារ​​ឲ្យ​មហាជន​យល់​ថា រូប​នាង​​កំពុង​តែ​មាន​ម្ចាស់​​ស្នេហ៍​ថ្មី​មក​ស្អំ​បេះដូង​ខ្លួន​តាមរយៈ​​ចំណង​​ស្នេហ៍​ខ្សែ​ក ​១ ​ជូន​​នាង​ ដែល​នាង​​តែង​​​នឹក​រឭក​ជា​ពន់ពេក​រហូត​មក​។​

ខណៈសារ​នោះ​​នាង​​​សរសេរ​បង្ហោះ​​ថា៖ «អរគុណ ដែល​នៅ​​ក្នុង​ជីវិត​របស់​​ខ្ញុំ​ គ្រប់​ពេល​វេលា​! ​នេះ​ហើយ​ជា​សេចក្តី​សុខ​ សម្រាប់​ជីវិត» និង​​សារ​ថា៖ «ម្ចាស់​ខ្សែក នេះ​ហើយ​គឺ​ជា​ម្ចាស់​បេះដូង ជា​កែវ​ភ្នែក​របស់​ខ្ញុំ​»​។​

កញ្ញា នី មុនីនាថ ក៏​​នៅ​មិន​ទាន់​បាន​សារ​ភាព​ច្បាស់លាស់​ឡើយ​​ថា តើ​ម្ចាស់​ខ្សែក​​ដែល​​ជា​ម្ចាស់​បេះដូង និង​កែវ​ភ្នែក​​របស់​នាង​មែន​ឬ​អត់? ​ ខណៈ​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​គ្រាន់​តែ​​​​បាន​បក​​ស្រាយ​​បែប​បង្វែង​ដាន​​ដូច្នេះ​ថា៖​ «​សារ​​នោះគឺ​ជា​​ប៉ារ៉ូល​​កុន​តែ​ប៉ុណ្ណោះ​​ ហើយ​​ខ្ញុំ​​ក៏​តែងតែ​បង្ហោះ​លេង​នៅ​តាម​ហ្វេសប៊ុក ​ក្រោយ​ពី​ថត​រូប​​។ សព្វ​​ថ្ងៃ​នេះ ​ខ្ញុំ​មាន​អ្នក​​តាម​​ស្រឡាញ់​​ច្រើន​ណាស់ គ្រាន់​​តែ​ខ្ញុំ​​មិន​ទាន់​សម្រេច​ទទួល​យក​ស្នេហា​ពី​អ្នក​ណា​ម្នាក់​នៅ​ឡើយ​ទេ»៕​