ភ្នំពេញ៖ ថ្មីៗ​នេះ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​ទៅ​នឹង​វត្តមាន​របស់​តារា​ចម្រៀង​ប្រុស​សំឡេង​ស្អក តែ​ពីរោះ​សណ្តំ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្តាប់​ មាន​ឈ្មោះ​ពិត​លោក ប៉ុន សុណារិន ហៅ​ខេម លេច​មុខ នៅ​​ក្នុង​បទ​ចម្រៀង​ឆ្លើយ​ឆ្លង​ដំបូង​ ជាមួយ​នឹង​តារា​ចម្រៀង​ស្រី​កំពុង​ឡើង​កូដ​ខ្លាំង​កញ្ញា តន់ ចន្ទសីម៉ា គឺ​បទ «សុំ​មួយ​ពេល​មក» នៅ​ផលិតកម្ម​ថ្មី​ ​ហ្គាឡាក់ស៊ី​ណាវ៉ាត្រា កាល​ពី​​​ព្រឹក​​​ម្សិលមិញ​នេះ​។

សម្រាប់​ឆ្នាំ ​២០២០ ​នេះ​គិត​ទៅ​តារា​ចម្រៀង​កំពូល​ចំនួន​​ ២ ​រូប​​ហើយ​ដែល​​បាន​ចាកចេញ​ពី​ទ្រនំ​​ថោន គឺ​អ្នកនាង មាស សុខសោភា ប្រកាស​ចាកចេញ​កាល​ពី​​​ដើម​ខែ​មិថុនា ឆ្នាំ ​២០២០ ហើយ​​ក៏​ចេញ​បទ​ដំបូង ​មាន​ចំណង​ជើង​ថា «ស្រណោះ​ដៃ​ប្តី» នៅ​ផលិតកម្ម ​Camtrax ជា​​ប៉ុស្តិ៍​បណ្តាញ​សង្គម​​ខ្លួន​ឯង​ចុង​ខែ​​​ ខណៈ​តារា​ចម្រៀង​ប្រុស​លោក ខេម ​លេច​មុខ​នៅ​ទ្រនំ​ថ្មី​​ហ្គាឡាក់ស៊ី​ណាវ៉ាត្រា នៅ​ថ្ងៃ​ទី ​១ ខែ ​កក្កដា ឆ្នាំ ​២០២០​ ជាមួយ​នឹង​បទ​ដំបូង​ «​សុំ​មួយ​ពេល​​មក» ដែល​ជា​ការ​និពន្ធ​ទំនុក​ច្រៀង​ដោយ​ម្ចាស់​ផលិតកម្ម​ផ្ទាល់ ​គឺ​លោក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា និង​​និពន្ធ​​​ភ្លេង​ដោយ​ Tempo Tris ជា​បទ​ច្រៀង​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​កញ្ញា តន់ ចន្ទសីម៉ា។ ​

លោក ខេម តារា​​ចម្រៀង​ប្រុស​ល្បី​សំឡេង​ស្អក​។ ​ហុង មិនា

គ្រាន់​តែ​​​ចេញ​បទ​ចម្រៀង​​ដំបូង​ភ្លាម តារា​ចម្រៀង​ប្រុស​ជា​ចំណូល​ថ្មី​របស់​​ផលិតកម្ម​​​ហ្គាឡាក់ស៊ី​ណាវ៉ាត្រា​ ​លោក ខេម ក៏​​ទទួល​បាន​ការ​​គាំទ្រ​​យ៉ាង​ច្រើន​​ពី​ប្រិយ​មិត្ត​​​តាម​បណ្តាញ​សង្គម​យូធូប។​ លោក យឹម តាស្រង់ ដែល​ជា​អ្នក​គ្រប់គ្រង​​ទូទៅ​នៅ​ផលិតកម្ម​​​​ហ្គាឡាក់ស៊ី​ណាវ៉ាត្រា​ បង្ហើប​ប្រាប់​ការ​ខិតខំ​និពន្ធ​បទ​ចម្រៀង​ សម្រាប់​អតីត​តារា​ចម្រៀង​​​ប្រុស​សំឡេង​ស្អក ​នៅ​ទ្រនំ​ចាស់​ផលិតកម្ម​ថោន​រូប​នេះ​​ដែរ​ថា៖ «នៅ​ថ្ងៃ​ទី ១ ខែ​កក្កដា នេះ យើង​បាន​ចេញ​​​​បទ​ចម្រៀង​​ទី១ របស់​​គាត់ [ខេម] ហើយ​នា​ពេល​ឆាប់ៗ​នេះ ខេម នឹង​មាន​បទ​​ចម្រៀង​ចំនួន ៥ បទ​ទៀត​ បំពេ​​អារម្មណ៍​ប្រិយ​មិត្ត​ ដែល​ជា​បទ​ច្រៀង​ទោល​ផង និង​បទ​ច្រៀង​ឆ្លើយ​ឆ្លង​ផង​»។​

ដោយ​ឡែក​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ទទួល​​បាន​ការ​បញ្ជាក់​ពី​ការ​​ផុត​កុងត្រា​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​ថោន ដែល​លោក​ខេម បាន​ចូល​​​ច្រៀង​​តាំង​ពី​ឆ្នាំ ​២០០៨ មក​​ ខណៈ​​លោក​ឆ្លើយ​ប្រាប់​យ៉ាង​ខ្លី​ ដោយសារ​តែ​​​​ជាប់​រវល់​បន្ទាន់​នោះ​ថា៖ «​ជា​ការ​ពិត​ ខ្ញុំ​បាន​ផុត​កុងត្រា​ពី​ថោន​មែន​​​ហើយ​!​»។​

គួរ​​រំឭក​ដែរ​ថា ​កាល​​ពី​​តារា​ចម្រៀង​ប្រុស​​ ឈរ​លំដាប់​កំពូល​ ​អតីត​ផលិតកម្ម​​ថោន​ លោក ខេម បាន​សាង​កេរ្តិ៍​​​​ឈ្មោះ ​ល្បី​​​​នៅ​លើ​​វិថី​​​សិល្បៈ​​បាន​​ប្រមាណ​ជាង ​៧ ឆ្នាំ​​នោះ​ក៏​មាន​លេច​ចេញ​នូវ​រលក​​​ព័ត៌មាន​​បែប​ចចាម​អារ៉ាម​ថា តារា​ចម្រៀង​ប្រុស​​រូប​​នេះ​ កំពុង​ត្រូវ​បាន​​ផលិតកម្ម​ហង្សមាស តាម​​ចែ​​​ចូវ​​​ តែ​ពេល​នេះ​លោក​ ​បែរ​ជា​សម្រេច​ចូល​ទ្រនំ​ថ្មី​ហ្គាឡាក់​ស៊ីណាវ៉ាត្រា ទៅ​វិញ​។​

តារា​​ចម្រៀង​ប្រុស​ឈ្មោះ​ពិត​លោក ប៉ុន សុណារិន ហៅ​ ខេម ដែល​​មាន​ស្រុក​​កំណើត​​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់​ឆ្នាំង រូប​នេះ មាន​បទ​ចម្រៀង​ជា​​ច្រើន​​បាន​ចេញ​មក​តែង​តែ​សណ្តំ​ដួង​ចិត្ត​ប្រិយមិត្ត​អ្នក​ស្តាប់​រួម​មាន​បទ «ជីវិត​ក្មេង​ពាល» បទ «ពូ​​ម៉ូតូ​ឌុប» បទ​«ឲ្យ​គេ​ញ៉ែ​លឿន​ម្ល៉េះ!» បទ ​«គេ​ជា​​តារា​​ល្បី» បទ «ប្រពន្ធ​​ខ្ញុំ​យំ​ព្រោះ​នឹក​​សង្សារ» និង​​​បទ «ជីវិត​អ្នក​ក្រ» ជា​​ដើម​​៕​