ភ្នំពេញ៖ តារា​ស្រី​ដែល​​​​​រូប​​ឆោម​​​​​​លោម​ពណ៌​​​​កាន់​តែ​​ល្អ​ស្រស់​ស្អាត​ រាង​ស្រលូន​ ​អ្នក​​មេម៉ាយ​វ័យ​​​ក្មេង​សាច់​ស​ខ្ចី​ល្វក់​ដូច​​ពង​​មាន់​បក ​ប្រចាំ​ផលិតកម្ម​ហង្សមាស​​ អ្នកនាង សុខ ស្រីនាង ស្រាប់​តែ​​បង្ហើប​​​រឿង​នឹក​អាឡោះ​អាល័យ​ទៅ​ដល់​ស្ទីល​​តុបតែង​កាយ​របស់​ខ្លួន​កាល​ពី​​អតីតកាល រំលង​ ​១ ទសវត្សរ៍​កន្លះ​​មុន​​ បង្កើត​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ពី​ប្រិយមិត្ត​គាំទ្រ​។​

ក្រោយ​ពី​បាន​ដូរ​ទ្រនំ​ចាស់​ផលិតកម្ម​សាន់ដេ មក​​​ទ្រនំ​ថ្មីហង្សមាស​​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង តារា​ចម្រៀង និង​សម្តែង​ស្រី រាង​ស្រលូន សម្ផស្ស​កាន់​តែ​ផូរផង់ អ្នក​មេម៉ាយ​វ័យ​ក្មេង សុខ ​ស្រីនាង កំពុង​តែ​មាន​រាសី​ឡើង​ក្រឺតៗ ​ត្រូវ​ផលិតកម្ម​ថ្មី​​ផ្តល់​កាដូ​លើក​ទឹក​ចិត្ត​ជា​ហូរហែ មាន​ឱកាស​ជា​តួឯក​កុន និង​ចុង​ក្រោយ​នេះ​ ក្លាយ​ជា​គណៈកម្មការ​នៃ​កម្មវិធី​ប្រឡង​​ចម្រៀង​​ថ្មី​​របស់​កុមារ​ Cambodian Idol Junior រដូវ​​កាល​ទី​១ ទៀត​​ផង​​។​

តារា​ចម្រៀង និង​សម្តែង​ស្រី សម្រស់​មិន​ស្រុត​តាម​វ័យ​​រូប​​នេះ បាន​​បង្ហាញ​អារម្មណ៍​ខ្លួន​មាន​ការ​នឹក​នា​ទៅ​ដល់​អតីតកាល ​​​​ដោយ​សរសេរ​សារ​ថា​​៖ «​វិល​ត្រឡប់​​ទៅ​រក​ស្ទីល​​កាល​ពី ​១៥ ឆ្នាំ​មុន ប៉ុន្តែ​ខុស​ត្រង់​មិន​មាន​​សក់​សេះ រីករាយ​​ដែល​​​​បាន​​​​​រួម​ការងារ​​​ជាមួយ​​នឹង​បង​​ជា​​ថ្មី​​ម្ដង​​ទៀត!​»។

រំពេច​​នោះ ក៏​មាន​ការ​​ងឿង​ឆ្ងល់​ដែរ​ថា ​​តើ​ហេតុអ្វី​បាន​ជា​អ្នក​​​មេម៉ាយ សុខ ស្រីនាង បាន​បង្ហើរ​ពី​អារម្មណ៍​នឹក​អាល័យ​​​រឿង​ខ្លួន​កាល​​​ពី​ ១៥ ឆ្នាំ​ មុន ឬ​តារាស្រី​រូប​នេះ​ មាន​​វិបត្តិ​អ្វី​ក្នុង​ចិត្ត​ទេ​​​ដឹង​ក្រោយ​ពី​បាន​មក​ចូល​នៅ​ក្នុង​​សមាជិក​​នៃ​ទ្រនំ​ថ្មី​ហង្សមាស​នោះ?​

ទោះបី​ជា​យ៉ាង​ណា​អារម្មណ៍​រឭក​ពី​អតីតកាល​​ដែល​រំលង​ជាង ១ ទសវត្សរ៍​កន្លះ​ទៅ​​​ហើយ​​នោះ ​​មិន​ត្រូវ​បាន​​អ្នក​មេម៉ាយ​​វ័យ​ក្មេង តែ​សម្រស់​​ស្រស់​សោភា ក្រមុំ​សុំ​ខ្មាស​អ្នកនាង សុខ ស្រីនាង បក​ស្រាយ​ឡើយ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ធ្លាប់​ទំនាក់​ទំនង​ពី​មុន​នោះ ​មិន​អាច​ទាក់ទង​បាន​នៅ​ពេល​នេះ។

បើ​ងាក​​មើល​ពី​បច្ចុប្បន្នភាព​របស់​​​ សុខ ស្រីនាង វិញ​​គេ​អាច​​និយាយ​បាន​ថា តារា​ចម្រៀង​ស្រី​រូប​នេះ​ ពិត​ជា​មាន​​លក្ខណ​សម្បត្តិ​​មិន​អន់​ឡើយ ទើប​ត្រូវ​បាន​ខាង​ផលិតកម្ម​ហង្សមាស​សម្រេច​ចិត្ត​ជ្រើស​យក​នាង​មក​ធ្វើ​ជា​​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៃ​កម្មវិធី​ប្រឡង​ប្រជែង​​ចម្រៀង​​​លំដាប់​ពិភព​លោក​ដ៏​ថ្មី​សន្លាង និង​ជា​ការ​ចាប់​ផ្តើម​រដូវកាល​ទី​​១ ​​សម្រាប់​កម្ពុជា​គឺ Cambodian Idol Junior ​ខណៈ​​​គណៈកម្មការ​ ២ ​រូប​ទៀត​​គឺ​តារា​ចម្រៀង​ជើង​ចាស់​ហង្សមាស​លោក ព្រាប សុវត្ថិ និង ​​លោក ឆន សុវណ្ណរាជ​៕​​