ក្រុង​ហាណូយ: បុរស​អ្នកជំនួញ​ជាតិ​វៀតណាម​ម្នាក់​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​លើ​បណ្ដាញ​សង្គម​ទូទាំង​តំបន់​អាស៊ី​ចំពោះ​ការ​សម្ញែង​មាស​ពាក់​ជ្រែក​ខ្លួន។ លោក ត្រាន ង៉ុកភូក អាយុ ៣៦ ឆ្នាំ ពាក់​គ្រឿង​អលង្ការ​ទម្ងន់ ១៣ គីឡូក្រាម និង​តែង​តែ​មាន​ការ​ហែហម​ពី​អង្គរក្ស​យ៉ាង​តិច ៥ នាក់។

លោក ភូ​ក បាន​ឡើង​ទំព័រមុខ​នៃ​សារព័ត៌មាន​វៀតណាម កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ក្រោយ​ពី​វីដេអូ​លើ​យូធូប​ត្រូវ​បាន​បង្ហោះ​ជា​ហូរហែ ដោយ​ទទួល​បាន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង។ ខណៈ​អ្នក​ខ្លះ​ឆ្ងល់​ថា តើ​នោះ​ជា​មាស​ពិត ឬ​យ៉ាង​ណា អ្នក​ខ្លះ​ទៀត សរសេរ​ថា តើ​បុរស​រូប​នេះ អាច​ទ្រាំ​នឹង​ទម្ងន់​មាស ១៣ គីឡូក្រាម​ជ្រែក​ខ្លួន​រៀង​រាល់​ថ្ងៃ​យ៉ាង​ម៉េច​ទៅ?

លោក ភូ​ក បាន​ប្រាប់​អ្នកព័ត៌មាន​វៀតណាម​ថា គ្រឿងអលង្ការ​របស់​លោក​មាន​ដូចជា ច្រវាក់​ទម្ងន់ ៥ គីឡូក្រាម កងដៃ​ធំ ២ ដោយ ១ ទម្ងន់ ៥ គីឡូក្រាម ចិញ្ចៀន​ចំនួន ៤ ដោយ ១ ទម្ងន់ ៥០០ ក្រាម និង​ខ្សែ​ចង្កេះ​មាស​ថែម​ទៀត។ ទាំង​អស់​ទម្ងន់ ១៣ គីឡូក្រាម ស្មើ​នឹង​ប្រាក់ ១៣ ពាន់​លាន​ដុង (៥៥ ម៉ឺន​ដុល្លារ)។

អ្នកជំនួញ​វ័យក្មេង​រូបនេះ បាន​បង្ហើប​ថា លោក​ចាប់ផ្ដើម​ពាក់​គ្រឿងអលង្ការ​យក្ស​តាំង​ពី ៥ ឆ្នាំ​មុន ក្រោយ​ពី​គ្រូ​ហុងស៊ុយ​បាន​ប្រាប់​លោក​ថា ពាក់​មាស​ជ្រែក​ខ្លួន​ជួយ​លើក​រាសី​លោក។

ជាការ​ពិតណាស់ គ្រឿងអលង្ការ​មាស​ទម្ងន់ ១៣ គីឡូក្រាម​លើ​រាងកាយ បានធ្វើ​ឲ្យ​បុរស​រូប​នេះ ក្លាយជា​ជន​ដ៏​ល្បីល្បាញ ហើយ​លោក​ទំនង​ជា​ពេញ​ចិត្ដ​ផង​ដែរ ខណៈ​ដែល​លោក​នៅ​តែ​បន្ដ​ផ្ដល់​បទ​សម្ភាស និង​អញ្ជើញ​ភ្ញៀវ​មក​លេង​ផ្ទះ​ជា​ហូរហែ៕

HR