ក្រុងហ្សាការតា: ស្ដ្រីឥណ្ឌូនេស៊ីវ័យ ១០០ ឆ្នាំម្នាក់ បានជាសះស្បើយពីជំងឺកូវីដ ១៩ ដោយធ្វើឲ្យអ្នកស្រីក្លាយជាអ្នករួចជីវិតដ៏ចាស់បំផុតប្រចាំប្រទេសពីជំងឺផ្លូវដង្ហើមមហាប្រល័យនេះ។
ក្រុមមន្ដ្រីបានឲ្យដឹងថា អ្នកស្រី កាមទីម ដែលមិនខុសពីប្រជាជនឥណ្ឌូនេស៊ីនិយមប្រើឈ្មោះអត់ត្រកូល បានចេញពីមន្ទីរពេទ្យកាលពីសប្ដាហ៍មុន ក្រោយសម្រាកព្យាបាលមួយខែក្នុងក្រុងកំណើត ស៊ូរ៉ាបាយ៉ា ជាទីក្រុងធំលំដាប់ទី ២ របស់ឥណ្ឌានេស៊ី។
អភិបាលក្រុងជ្វាខាងកើត អ្នកស្រី ខូហ្វីហ្វាស អនដា បារ៉ាវ៉ានសា បាននិយាយថា អ្នកស្រីរំពឹងថា សាច់រឿងរបស់ស្ដ្រីចំណាស់ កាមទីម នឹងជួយលើកទឹកចិត្ដពលរដ្ឋងាយរងគ្រោះ ដែលជំងឺនេះពិតជាបង្កហានិភ័យដល់ជនចាស់ជរា និងអ្នកមានជំងឺរ៉ាំរ៉ៃ។
អ្នកស្រី បារ៉ាវ៉ានសា បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ការជាសះស្បើយរបស់គាត់ជួយលើកទឹកចិត្ដដល់មនុស្សចាស់ដទៃទៀតអំឡុងពេលវិបត្ដិរោគរាតត្បាតសកលនេះ»។
ប្រសូតក្នុងឆ្នាំ ១៩២០ អ្នកស្រី កាមទីម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីមួយខែមុនក្រោយពីបង្ហាញរោគសញ្ញា ហើយក្រោយមកអ្នកស្រីត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគ។
មិនច្បាស់ថា ស្ដ្រីចំណាស់នៅតែក្នុងផ្ទះនេះឆ្លងរោគតាមរបៀបណាឡើយ។
ចៅប្រសារស្រី ស៊ីទី អាមីណា បាននិយាយថា៖ «គាត់ប្រហែលឆ្លងពីអ្នកជិតខាង ដែលមកលេង ដោយសារគាត់មិនធ្លាប់ចេញក្រៅផ្ទះឡើយ»។
ឥណ្ឌូនេស៊ីបានបង្ហាញតួលេខជាង ២៦ ០០០ ករណី គិតត្រឹមបំណាច់ខែឧសភា ជាមួយអ្នកស្លាប់ ១ ៦១៣ នាក់។
ប៉ុន្ដែប្រទេសប្រជុំកោះនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង ២៦០ លាននាក់ មានសមត្ថភាពតេស្ដរកវីរុសតិចបំផុតមួយក្នុងពិភពលោក៕ AFP/HR