ភ្នំពេញ៖ វាប្រាកដជាចម្លែកបំផុតដែលបានឃើញផ្ទះវីឡាធំមួយខ្នងពេញទៅដោយសត្វឆ្កែ និងឆ្មារាប់រយក្បាលចាប់ពីមាត់ទ្វាររបងរហូតដល់បន្ទប់គេងជាន់ទី ២។ សត្វឆ្កែ និងឆ្មាដែលអ្នកស្រី គីម ឡូន ចិញ្ចឹមភាគច្រើនត្រូវបានបោះបង់នៅតាមផ្លូវ និងអារាម ហើយខ្លះទៀតត្រូវបានទុកដោយសារម្ចាស់ពួកវាចាកចេញទៅកាន់ក្រៅប្រទេស។
តាំងពីអ្នកស្រី គីម ឡូន មករស់នៅក្នុងប្រទេស កម្ពុជា ឆ្នាំ ២០០៥ ជាមួយស្វាមីជាមន្ដ្រីការទូតកម្ពុជា អ្នកស្រីបានចំណាយពេលវេលាដ៏ច្រើននៃជីវិតមើលថែសត្វអនាថាទាំងនេះ។ បច្ចុប្បន្ន ស្ដ្រីវ័យ ៦២ ឆ្នាំរូបនេះ បានចិញ្ចឹមសត្វឆ្កែជាង ១៥០ ក្បាល និងឆ្មាជាង ៧០ ក្បាល ដែលរស់នៅក្នុងផ្ទះតែមួយ ស្ថិតនៅភូមិកោះនរា។
អ្នកស្រី គីម ឡូន ដែលហៅថា ម៉ាដាម ឡូន បានសម្រេចបង្កើតអង្គការសមាគមន៍ការពារសត្វនៅកម្ពុជា (CAPA) ក្នុងឆ្នាំ ២០១២ ក្រោមជំនួយពីអង្គការបារាំងចំនួន ២ Fondation Brigitte Bardot និង Fondation 30 Millions d''Amis ដែលអង្គការនីមួយៗបរិច្ចាគប្រាក់ ៥ ពាន់ដុល្លារក្នុងមួយឆ្នាំ ដើម្បីទ្រទ្រង់ការចំណាយថ្លៃវ៉ាក់សាំង ថែទាំសុខភាព អាហារប្រចាំថ្ងៃ និងបុគ្គលិក។
អ្នកស្រី ឡូន ប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំបានធ្វើកិច្ចការនេះតាំងពីឆ្នាំ ២០០៥ ហើយក្នុងឆ្នាំ ២០១២ ខ្ញុំបានបង្កើតសមាគមដើម្បីឲ្យគេដឹងកិច្ចការរបស់យើង។ ខ្ញុំបានលក់ទ្រព្យសម្បត្ដិនៅបារាំងដើម្បីផ្គត់ផ្គង់សមាគមនេះ។ មួយខែ ខ្ញុំចំណាយប្រាក់បន្ថែមប្រមាណ ៣ ០០០ ដុល្លារទៀត»។
អ្នកស្រីបន្ដថា៖ «ខ្ញុំចេញលុយឲ្យមនុស្ស [បុគ្គលិក] ដាក់បាយឲ្យសត្វនៅវត្ដ ហើយខ្ញុំត្រូវតាមដានមើលថា តើពួកគេបានបំពេញកិច្ចការបានល្អអត់? តើពួកគេដាក់បាយ និងយកវាទៅពេទ្យ ពេលវាឈឺអត់? នៅតាមផ្លូវ បើខ្ញុំឃើញសត្វអនាថា សភាពស្គមស្គាំង ខ្ញុំដាក់បាយឲ្យវា បើមីងអត់បានដាក់ឲ្យវាទេ មីងព្រួយចិត្ដណាស់»។
ចូលផ្ទះអ្នកស្រី ឡូន អ្នកដំណើរប្រាកដជាមានការភ្ញាក់ផ្អើលចំពោះវត្ដមានហ្វូងឆ្កែធំៗចេញមកស្វាគមន៍នូវសំឡេងព្រូសលាន់ទ្រហឹងតាំងពីខ្លោងទ្វារ។ នៅជាន់ទី ១ ជាទីដែលអ្នកស្រី ឡូន និងស្វាមី ប្រើតែមួយបន្ទប់គត់សម្រាប់ជីវិតឯកជន ជាមួយក្រុមឆ្កែរោមស្រមូវ ខណៈជាន់ទី ២ ជាទីចិញ្ចឹមឆ្មាជាង ៧០ ក្បាល។
អ្នកស្រី បានរៀបចំបន្ទប់មួយនៅជាន់ទី ២ សម្រាប់ទីកន្លែងសក្ការៈដោយមានតម្កល់ព្រះពុទ្ធបដិមា និងចម្លាក់ព្រះមេរុគង់ស៊ីអ៊ីម ព្រមទាំងកោដ្ឋរាប់សិបដែលរក្សាទុកអដិ្ឋធាតុសត្វចិញ្ចឹមរបស់អ្នកស្រី។
ម៉ាដាម ឡូន និយាយថា៖ «យើងចិញ្ចឹមសត្វ ២ ឬ ៣ ក្បាលក្នុងផ្ទះ យើងតែងតែរអ៊ូរទាំក្នុងការនឿយហត់សម្អាតផ្ទះ និងសត្វ ហើយខ្លះចង់បោះវាចោលម្ដងៗ ចុះទម្រាំនេះ ឆ្កែជាង ១៥០ ក្បាល និងឆ្មាជាង ៧០ ក្បាល»។
ស្ដ្រីចំណាស់ដែលបានវះកាត់ជង្គង់ ៤ ដង ដោយសារជំងឺ បានត្អូញត្អែរថា អ្នកស្រីត្រូវសម្អាតយ៉ាងតិច ៦ ដង ដែលម្ដងៗប្រើពេលប្រមាណ ១ ម៉ោង រហូតដល់អាធ្រាត្រ។
ហៅ ម៉ាស៊ី ត្រឡប់ចូលផ្ទះ ខណៈឆ្កែញីមួយក្បាលនេះប៉ុនប៉ងត្បុលចេញក្រៅរបង ស្ដ្រីដែលស្ទើរតែចាំឈ្មោះសត្វទាំងអស់ បានបន្ដថា៖ «យើងបានចាក់វ៉ាក់សាំងគ្រប់សត្វទាំងអស់ ហើយយើងក៏មានសៀវភៅវ៉ាក់សាំង និងឈ្មោះសត្វនីមួយៗ»។
ក្រៅពីខ្វះលទ្ធភាពចាក់វ៉ាក់សាំងឆ្មាទាំងអស់ អ្នកស្រី ឡូន ក៏ត្រូវទិញសាច់ឆៅពីផ្សារ ជំនួសអាហារសត្វស្រាប់ ដែលថ្លៃៗ ដោយគ្រាន់តែមួយថ្ងៃ អ្នកស្រីទិញត្រី ១០ គីឡូក្រាម និងសួតជ្រូក ១៥ គីឡូក្រាមជាចំណីឆ្កែ និងឆ្មា។
ទោះមានការលំបាកក្នុងការបីបាច់សត្វចិញ្ចឹមរាប់រយក្បាលដ៏រញ៉េចរញ៉ាចពេញផ្ទះ និងយល់ព្រមក្នុងការផ្ដល់ជាសត្វចិញ្ចឹមដល់អ្នកសុំយ៉ាងណាក៏ដោយ ក៏អ្នកស្រីប្រគល់សត្វសម្រាប់តែអ្នកស្រឡាញ់សត្វដ៏ពិតប្រាកដប៉ុណ្ណោះ។
អ្នកស្រីប្រាប់ថា៖ «សត្វឆ្កែខ្លះ មានគេសុំទៅចិញ្ចឹមហើយ ហើយយកវាបោះចោលទៀត។ ខ្ញុំអត់ចង់ឲ្យវាមានគ្រួសារច្រើនទេ។ ខ្ញុំមើលទៅតាមអ្នកចង់សុំសត្វទៅចិញ្ចឹម»។
អ្វីដែល CAPA ប្រឈមនាពេលបច្ចុប្បន្ន គឺការខ្វះធនធានទាំងថវិកាចាយវាយ ថ្នាំសង្កូវ ការថែទាំសត្វ ជាពិសេស អ្នកបន្ដវេនក្រោយពេលអ្នកស្រីចម្រើនវ័យកាន់តែជរា និងលែងមានថាមពលធ្វើកិច្ចការទាំងនេះ។
អ្នកស្រី គីម ឡូន បាននិយាយថា៖ «ខ្ញុំបែរបន់ដល់ទេវតា ដល់ព្រះនាងគង់ស៊ីអ៊ីមរកអ្នកមានសន្ដានចិត្ដល្អបន្ដកិច្ចការថែទាំសត្វទាំងនេះពីទឹកចិត្ដពិតប្រាកដ។ ខ្ញុំជាអ្នកផ្ដល់មូលនិធិឲ្យថែទាំពួកវា»៕