ក្រុង​ស៊ីដនី៖ បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ស្ដ្រី​ម្នាក់​បាន​ស្លាប់​ ខណៈ​ចូលរួម​ប្រកួត​បរិភោគ​នំ​ខេក ​ដើម្បី​អបអរ​ទិវា​អូស្ដ្រាលី​។

ក្រុម​គ្រូ​ពេទ្យ​ត្រូវ​បាន​ខល​ហៅ​មក​កាន់​ហាង​មួយ​ក្នុង​រដ្ឋ​ឃ្វីនលែន​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​ស្ដ្រី​​ម្នាក់​ជួប​បញ្ហា​ផ្នែក​វេជ្ជសាស្ដ្រ​។

បណ្ដាញ​ផ្សព្វផ្សាយ​សាធារណៈ​ ABC បាន​រាយការណ៍​ថា ស្ដ្រី​អាយុ ៦០ ឆ្នាំ​រូប​នោះ ​បាន​គាំង​បេះដូង​ដួល​ភ្លាមៗ​ ក្រោយ​ពី​ខំ​ប្រឹង​ញាត់​នំខេក​ឡាមីងតុន​​ចូល​មាត់​។

នំ​ឡាមីងតុន​ ​បង្អែម​ប្រពៃណី​អូស្ដ្រាលី ជា​នំ​ស្ពោតៗ​រាង​ជ្រុង​ៗ​ស្រោច​សូកូឡា​ និង​លាប​ក្រែម​ដូង​។ ស្ដ្រី​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ក្នុង​ទីក្រុង​ឆ្នេរ​ហេវេរ បេ តែ​ក្រោយ​មក​បាន​ស្លាប់​។ នេះ​បើ​យោងតាម ABC។

ស្ដ្រី​ចំណាស់​កំពុង​ព្យាយាម​ប្រកួត​បរិភោគ​នំ​ឡាមីងតុន​ និង​នំ​ផាយ​ក្នុង​ទិវាជាតិ​អូស្ដ្រាលី​ប្រចាំ​ឆ្នាំ​ នៅ​សណ្ឋាគារ​​ផ្ទះ​ឆ្នេរ Beach House។ ក្នុង​ការ​បង្ហោះ​លើ​ហ្វេសប៊ុក គណ​គ្រប់គ្រង និង​បុគ្គលិក​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​មិត្ដភក្ដិ និង​សាច់​ញាតិ​ស្ដ្រី​រងគ្រោះ​។

ការ​បង្ហោះ​នោះ បាន​សរសេរ​ថា​៖ «យើង​ទទួល​ស្គាល់​ និង​សូម​អរគុណ​ដល់​អ្នក​គាំទ្រ បុគ្គលិក និង​អង្គភាព​សេវាកម្ម​សង្គ្រោះ​បន្ទាន់​របស់​ឃ្វីនលែន សម្រាប់​ការ​ជួយ​ដុត​ដៃ​ដុត​ជើង​ និង​ផ្នែក​បច្ចេកទេស​ ខណៈ​ឧប្បត្ដិហេតុ​​មិន​នឹក​ស្មាន​បង្ក​ជា​សោកនាដកម្ម​នេះ​បាន​កើត​ឡើង»​។

បុគ្គលិក​សណ្ឋាគារ​ត្រូវ​បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ខណៈ​យើង​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​ក្រុម​គ្រួសារ​សព​។

ប៉ូលិស​បាន​និយាយ​ថា មរណភាព​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ​ ហើយ​របាយការណ៍​នឹង​ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​ក្រុម​កោសល្យវិច័យ​៕ AFP/HR