ក្រុង​ម៉ាទ្រីដ៖ នារី​ជា​ច្រើន​ដែល​ត្រូវបាន​គេ​លួច​ថត​ពេល​កំពុង​បត់​ជើង​តូច​តាម​ដង​ផ្លូវ ហើយ​រូបភាព​ទាំង​នោះ​ដែល​ប្រទះ​ឃើញ​លើ​វេបសាយ​សិច កំពុង​ទាម​ទារ​រក​យុត្ដិធម៌​នៅ​អេស្ប៉ាញ នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ករណី​បណ្ដឹង​របស់​ពួកគេ​ត្រូវបាន​ច្រាន​ចោល។

អ្នកស្រី ផាឡូម៉ា ម៉ាសេដា ដែស អ្នក​នាំពាក្យ​ឱ្យ​ក្រុម​ស្ដ្រី ៨៧​ នាក់ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៩ បាន​ប្រាប់ AFP សប្ដាហ៍​នេះ​ថា​៖ «​យើង​នឹង​មិន​បញ្ឈប់​នោះទេ​ ដរាប​ណា​វីដេអូ​ឃ្លីប​ទាំង​នោះ​បន្ដ​នៅ​លើ​​វេបសាយ​ ហើយ​អ្នក​កេង​ចំណេញ​នៅតែ​រក​ចំណូល​ពី​វា​»។

វីដេអូ​ឃ្លីប​ត្រូវបាន​ថត​អំឡុង​ពេល​ពិធី​បុណ្យ​រដូវ​ក្ដៅ Maruxaina ក្នុង​ភូមិ​នេសាទ​មួយ​ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​អេស្ប៉ាញ​ ដែល​ស្ដ្រី​ជាង ១០០ ​នាក់​ ខ្លះ​ជា​ក្មេង​ជំទង់ ត្រូវ​បាន​គេ​លួច​ថត​ពេល​កំពុង​អង្គុយ​ចោង​ហោង​បទ​ជើង​តូចតាម​ផ្លូវ។

អ្នកស្រី ផាឡូម៉ា ម៉ាសេដា ដែស ដែល​ស្ថិត​ក្នុង​វីដេអូ​នោះ​ផង​ដែរ បាន​និយាយ​ថា មួយ​ឆ្នាំ​ក្រោយមក បុរស​ក្នុ​ងភូមិ​ម្នាក់​បាន​ចុច​មើល​តំណរភ្ជាប់​ឈ្មោះ​ពិធី​បុណ្យ​នោះក្នុង​វេបសាយ​ ដែល​លោក​ស្រាប់​តែ​បាន​ឃើញ​មិត្ដ​ស្រី​ និង​បង​ប្អូន​ជីដូន​មួយ​នាង។

អ្នកស្រីបាន​បន្ដ​ថា​ សរុប​មក ស្ដ្រី​លើស​ពី ១១០​ នាក់​ ត្រូវបាន​ថត​ក្នុង​វីដេអូ​ ៦ ឃ្លីប​ផ្សេង​ៗ​គ្នា​ ដែល​ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​វេបសាយ​សិច។

អ្នកស្រីបាន​ឱ្យ​ដឹង​ថា៖ «​បុគ្គល​ដែល​បាន​ថត​យើង​បាន​​ដឹង​ច្បាស់​ក្នុង​ការ​បង្កប់​កាមេរ៉ា។ កាមេរ៉ា​សរុប​មាន​រហូត​ដល់ ៥​ទីតាំង​»។

រដូវក្ដៅ​ឆ្នាំ ​២០២០ ស្ដ្រី​ជិត ១០០​ នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​តាង​នាម​ក្រុម​ពី​បទ​រំលោភ​សិទ្ធិឯកជន​ និង​ទីផ្សារ​មាតិការ​អាស​អាភាស​ក្រៅ​ច្បាប់។

ប៉ុន្ដែ​កាល​ពី​ថ្ងទី ១៥ ខែ​មីនា តុលាការ​ក្នុង​ក្រុង Viveiro បាន​ច្រាន​ចោល​បណ្ដឹង​នោះ​ ដោយ​បដិសេធ​បើក​ការ​ស៊ើប​អង្កេត​នៅ​កន្លែង​កើតហេតុ​​នាំ​ឱ្យ​មានការ​លួច​ថត​ស្ដ្រី​បន្ទោល​បង់​តាម​ទី​សាធារណៈ​ដែល​អ្នក​ដំណើរ​ក៏​អាច​មើល​ឃើញ​៕ AFP/HR