ភ្នំពេញៈ ក្នុង​ចំណោម​អ្នករត់​កង់បី​ឥណ្ឌា ដែល​សុទ្ធសឹង​តែ​ជា​បុរស អ្នកស្រី ឆេង ដានី ជា​ស្ត្រី​ដ៏កម្រ​ម្នាក់​ដែល​កាន់ចង្កូត​ដឹក​អ្នកដំណើរ​លើ​យាន​ដ៏កំពុង​ពេញនិយម​មួយ​នេះ​ដោយ​ត្រូវ​ចេញ​ពី​ផ្ទះ​តាំងពី​ព្រឹក​ព្រលឹម​ដល់​យប់​អធ្រាត្រ​ជាមួយ​វត្តមាន​កូនប្រុស​បណ្ដូល​ចិត្ត​នាំ​មក​ជាប់​ខ្លួន​ជានិច្ច​។

ក្នុង​សម្លៀកបំពាក់​សមសួន​បែប​អ្នក​ធ្វើការ​ការិយាល័យ និង​ពាក់​វ៉ែនតា​ផង​នោះ ស្ត្រី​វ័យ ២៦ ​ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​ប្រាប់​ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «​ពេល​ភ្ញៀវ​ឡើង​ជិះ​កង់បី ឃើញ​ខ្ញុំ​អ៊ីចឹង​គេ​ភ្ញាក់ អូ! ស្រី​ទេ ស្មានតែ​មនុស្ស​ប្រុស​។ បើ​បរទេស​វិញ​គេ​ថា អត់​ដែល​ឃើញ​ស្រី​បើក​កង់​បី​ទេ​នៅ​ខ្មែរ តែ​បើ​នៅ​ប្រទេស​គេ​មាន ហើយ​ភ្ញៀវ​ខ្មែរ​ស្រីៗ​វិញ គាត់​បាន​និយាយ​ថា​តាំងពី​គាត់​ជិះ​កង់បី​មក គឺ​មាន​តែ​មនុស្ស​ប្រុស​ទេ​ជា​អ្នកបើក​។ ពេល​ឃើញ​ខ្ញុំ​ជា​ស្រី​អ៊ីចឹង​ពួកគាត់​សប្បាយ​ចិត្ត​។ គាត់​អត់​ភ័យខ្លាច​ទេ​។ គាត់​មាន​តែ​ទុកចិត្ត​ទៀត​ព្រោះ​ជា​មនុស្ស​ស្រី​ដូច​គា្ន​»​។

ភាពរឹងមាំ​ចាប់​យក​ការងារ​បុរស​ដើម្បី​រកប្រាក់​ចិញ្ចឹម​កូន​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការហែល​ឆ្លង​ដំណើរ​ជីវិត​ដ៏លំបាក​ជា​កូន​អ្នកក្រីក្រ​ជនបទ​នៅ​ភូមិ​តាកោរ ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត​។

កើត​នៅ​ឆ្នាំ​ ១៩៩៣ ក្នុង​គ្រួសារ​ខ្សត់ខ្សោយ និង​មាន​បងប្អូន​ ៥ ​នាក់ អ្នកស្រី​ដានី ដែល​ជា​កូនស្រី​ច្បង​តែង​ក្រោក​ពី​ព្រលឹម​ដើរ​លក់​នំគម នំត្នោត ដែល​ម្ដាយ​វេចខ្ចប់​សម្រាប់​លក់​ក្នុង​ភូមិ​។ ក្រោយពី​លក់​ដាច់​អស់ ទើប​អ្នកស្រី​អាច​ដើរ​ទៅ​រៀន​ចម្ងាយ​ប្រមាណ​ជាង ២ គីឡូម៉ែត្រ​។ លុះ​ត្រឡប់​មកពី​សាលា​វិញ ល្ងាច​បន្តិច មិន​ខុស​ពី​ក្មេង​ស្រុកស្រែ​ឯទៀត​ទេ អ្នកស្រី​ត្រូវ​ទៅ​មើល​គោ​រហូត​ដល់​ថ្ងៃ​លិច​ទើប​បាន​ចូល​ផ្ទះ​សម្រាកកាយ​។

ចូល​ដល់​ថ្នាក់​វិទ្យាល័យ ការទទួល​ខុសត្រូវ​ជា​កូនច្បង​ក៏កាន់តែ​ខ្លាំង ហើយ​អ្នកស្រី​ចាប់ផ្តើម​មាន​គំនិត​ដើរ​ទិញ​ស្វាយ​ពី​អ្នកភូមិ និង​បាន​រៀបចំ​ស្វាយ​ទាំងនោះ​ឲ្យ​ម្តាយ​យក​មក​លក់​នៅ​ទីក្រុង​ភ្នំពេញ​។

ជីវិត​ជា​សិស្ស​វិទ្យាល័យ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០១១ ពេល​អ្នកស្រី​បាន​រៀបការ​ជាមួយ​ស្វាមី​ជា​អ្នក​រស់នៅ​ខេត្ត​កំពត​ដូចគ្នា​តាម​ការផ្សំផ្គុំ​របស់​ឪពុកម្តាយ​។ ក្រោយពី​រៀបការ​បាន​រយៈពេល ២ ​សប្តាហ៍​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ​បាន​ផ្លាស់​មក​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដោយ​ចាប់ដៃ​គ្នា​ដំបូង គ្រួសារ​មួយ​បាន​ប្រើ​ដើមទុន​តិចតួច​ប្រកបរបរ​លក់សាំង​រហូត​មាន​លទ្ធភាព​ពង្រីក​មុខរបរ និង​មាន​ប្រាក់​ទិញ​ផ្ទះ​នៅ​ទី​នោះ​។

ពន្លក​សុភមង្គល​ពី​ជីវភាព​ប្រែ​ជា​ធូរធារ​មិន​បាន​ប៉ុន្មាន​ផង ក្រុមគ្រួសារ​អ្នកស្រី​ក៏​កើត​មាន​ទំនាស់​ថ្នាំងថ្នាក់​រហូត​សម្រេចចិត្ត​ដើរ​ផ្លូវបំបែក ដោយ​បន្សល់​នូវ​តំណក់ឈាម​កូនប្រុស​ ១ ​គ្រាប់​ជាប់​នឹង​ប្រាណ​។

អ្នកស្រី ដានី ក៏​បាន​វិល​ទៅ​ស្រុក​កំណើត​ដោយ​ផ្ញើ​កូនប្រុស​ឲ្យ​ម្ដាយ​មើលថែ ខណៈ​ខ្លួន​ចូល​បម្រើការ​ជា​កម្មករ​រោងចក្រ​នៅ​ឆ្នាំ​ ២០១៤ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​អ្នកស្រី​បាន​ផ្លាស់​មក​ធ្វើការ​ជា​អ្នក​រត់តុ​តាម​ភោជនីយដ្ឋាន​នានា​។

ឆ្នាំ​ដដែល​អ្នកស្រី​ក៏​បាន​ដាក់​ពាក្យ​មក​ធ្វើការ​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​។ ក្រោយពី​ទទួល​បាន​ប្រាក់ខែ​សមរម្យ​អ្នកស្រី ដានី បាន​សម្រេច​ចិត្ត​នាំ​កូនប្រុស​មក​រស់នៅ និង​ចូលរៀន​នៅ​សាលា​ឯទីក្រុង​ភ្នំពេញ​។

អ្នកស្រី ដានី បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នករត់​កង់បី​នៅ​ឆ្នាំ​ ២០១៨ ដោយសារ​ឮ​មិត្តភក្ដិ​និយាយ​ថា​មុខរបរ​នេះ​អាច​រកចំណូល​បាន​គ្រាន់បើ​។

កូនប្រុស​អង្គុយ​នៅ​ផ្នែក​ខាង​ក្រោយ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

នៅក្នុង​ចំណោម​អ្នករត់​កង់បី​ដែល​សុទ្ធសឹង​តែ​ជា​បុរស ពេល​ផ្តើម​អាជីព​វិល​កង់​លើក​ដំបូង អ្នកស្រី​មាន​អារម្មណ៍​ថា ក្រសែភ្នែក​មហាជន​ទាំងឡាយ​បាន​តម្រង់​មក​រក​អ្នកស្រី រហូត​ធ្វើឲ្យ​ខ្លួន​មាន​ភាព​អៀនខ្មាស​ណាស់​មិន​ហ៊ាន​ហៅ​ភ្ញៀវ​ជិះ​។

ទោះ​យ៉ាងណា​ក្ដី អ្នកស្រី​សម្គាល់​ឃើញ​ថា​៖ «​តាំងពី​បើកបរ​មក​អត់​ដែល​មាន​ភ្ញៀវ​ភ័យខ្លាច​ពី​សុវត្ថិភាព​ក្នុង​ការបើកបរ​របស់​ខ្ញុំ​ទេ​គឺ​មាន​តែ​គេ​សរសើរ​ថា ខ្ញុំ​ជា​មនុស្ស​ដែល​រឹងមាំ និង​ក្លាហាន​អាច​ធ្វើការ​ងារ​មនុស្ស​ប្រុស​បាន​»​។

ទន្ទឹម​នឹង​ការប្រកប​អាជីព​នេះ​ផង​ដែរ ស្ត្រី​មកពី​ខេត្ត​កំពត​រូបនេះ​តែងតែ​នាំ​កូនប្រុស មឿន វិសាល អាយុ ៦ ​ឆ្នាំ​ទៅ​តាម​ជាប់​ខ្លួន​ជានិច្ច​។

អ្នក​ម្ដាយ​រូប​នេះ​បាន​រៀបរាប់​ថា​៖ «​ថ្ងៃ​ចន្ទ​ដល់​សុក្រ​អ៊ីចឹង យក​អាអូន​ទៅ​រៀន​នៅ​សាលា​ពេញ​ ១ ​ថ្ងៃ​ដល់​ល្ងាច​បាន​ទៅ​យក​មក​រត់​កង់បី​តាម​ខ្ញុំ​។ បើ​សៅរ៍-អាទិត្យ​គឺ​នាំ​មក​តាម​ជាប់​ខ្លួន​រហូត​ដាក់​អាអូន​នៅ​ខាង​មុខ​ជាមួយ​ខ្ញុំ​។ ជួនកាល​គាត់​អង្គុយ​លេង​បាំង​ក្រោយ​។ ពេល​ខ្លះ​ខ្ញុំ​ក្រាល​កន្សែង​ពោះគោ​ដាក់​ខ្នើយ​ឲ្យ​គេង​នៅ​ហ្នឹង​។ បើ​អត់​ភ្ញៀវ​គាត់​អាន​សៀវភៅ​ធ្វើ​លំហាត់​អី​លើ​ហ្នឹង ហើយ​បើ​ភ្ញៀវ​និយាយ​លេង​ជាមួយ​គាត់ គាត់​ក៏​និយាយ​ជាមួយ​វិញ​»​។

អ្នកស្រី​ត្រូវ​កាន់​ចង្កូត​តាំងពី​ព្រឹក​ទល់​យប់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ភ្ញៀវ​ភាគច្រើន​ដែល​អ្នកស្រី​ផ្ដល់​សេវា​ដឹកជញ្ជូន​គឺជា​អតិថិជន​ប្រើ​កម្មវិធី​ទូរស័ព្ទ ដោយ​ក្រោយ​ពី​ទូទាត់​ថ្លៃ​ចំណាយ​ហូបចុក និង​ថ្លៃ​ឥន្ធនៈ អ្នកស្រី​អាច​សល់​បាន​ប្រាក់​ប្រមាណ​ពី ៥ ទៅ ៦ ​ម៉ឺន​រៀល​។

ដោយ​សម្រេចចិត្ត​ខ្ចីប្រាក់​អង្គការ ៣ ០០០ ដុល្លារ​ទិញ​កង់បី​រត់ ដើម្បី​រក​ចំណូល​ក្រៅ​ម៉ោង​បន្ថែម​ពី​លើ​ប្រាក់ខែ​នោះ អ្នកស្រី ដានី ពោល​ទាំង​ទឹកភ្នែក​ថា​៖ «​ខ្ញុំ​ពិបាក​ណាស់ ត្រូវ​ចិញ្ចឹម​កូន​គ្រួសារ និង​រកលុយ​បង់​អង្គការ​តែ​យ៉ាងណា​ក៏​ខ្ញុំ​អត់​បោះបង់​ចោល​កូន​ដែរ​។ ខ្ញុំ​អត់​ដែល​មាន​គំនិត​ចង់​បញ្ចប់​ជីវិត​ខ្លួនឯង​ទេ​។ ខ្ញុំ​មាន​តែ​ខំតស៊ូ​ដើម្បី​តែ​កូន កុំ​ឲ្យ​គាត់​ពិបាក​ដូច​ខ្ញុំ ឲ្យ​គាត់​បាន​រៀន​។ ទោះ​ពិបាក ១២ ​ឆ្នាំ​ទៀត​ក៏​ដោយ​គឺ​ដើម្បី​កូន ព្រោះ​គាត់​អត់​ភាពកក់ក្តៅ​ពី​ប៉ា ទោះ​មាន​តែ​ម៉ាក់​ក៏ដោយ​»​។

ព្រោះ​តែ​មាន​តម្រូវការ​ជីវភាព និង​រ៉ាប់រង​បន្ទុក​បង់ថ្លៃ​សាលា​កូន ពេល​នេះ​អ្នកស្រី ដានី បាន​ធ្វើការ​សម្រេចចិត្ត​ដ៏ធំ​មួយ​ដោយ​យក​ដីស្រែ និង​ដី​ផ្ទះ​ទៅ​បញ្ចាំ យក​កម្ចី​ធនាគារ ដើម្បី​ទិញ​រថយន្ត​មក​រត់​តាក់ស៊ី​ក្នុង​ក្ដី​សង្ឃឹម​ថា យានជំនិះ​កង់​៤​នេះ​នឹង​អាច​ពង្រីក​ខ្ទង់​ចំណូល​ឲ្យ​ជីវភាព​គ្រួសារ​បាន​ប្រសើរ ហើយ​កូនប្រុស​អាច​បន្ត​ការសិក្សា​ក្លាយ​ជា​បញ្ញវន្ត​មាន​អនាគត​ភ្លឺ​ត្រចះត្រចង់​៕

អ្នកស្រី ឆេង ដានី​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ពេល​អត់​មាន​ភ្ញៀវ កូន​អ្នកស្រី​អង្គុយ​ធ្វើ​លំហាត់​ក្នុង​កង់បី​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម