ក្រុងសានហ្វ្រានស៊ីស្កូ៖ ក្រុមអ្នកការពារកុមារទូទាំងពិភពលោកបាននាំគ្នាទទូចទៅដល់ស្ថាបនិកហ្វេសប៊ុក លោក ម៉ាក ហ្សាកឃើប៊ើក (Mark Zuckerberg) កាលពីសប្ដាហ៍មុន ឱ្យបញ្ឈប់ផែនការដំណើរការប្រភេទអ៊ីនស្ដាក្រាមសម្រាប់ក្មេង។
យុទ្ធនាការសម្រាប់កុមារគ្មានទាក់ទងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលព័ត៌មានឯកជនភាពអេឡិចត្រូនិក ក៏ស្ថិតក្នុងចំណោមក្រុម និងបុគ្គលជិត ១០០ មកពីតំបន់អាមេរិកខាងជើង អឺរ៉ុប អាហ្វ្រិក និងអូស្ដ្រាលី បំណងដាក់លិខិតដល់លោក ហ្សាកឃើប៊ើក។
លិខិតនោះបានសរសេរថា៖ «អ៊ីនស្ដាក្រាមធ្វើឱ្យក្មេងៗងប់ងុល និងចងសម្ព័ន្ធភាពផ្ដេសផ្ដាស។ វាផ្ដោតលើរូបរាង ការបង្ហាញអត្ដសញ្ញាណ និងអាចលាតត្រដាងពីបុគ្គលភាពរបស់ក្មេងជំទង់ ក៏ដូចជាភាពមានបានរបស់ពួកគេផងដែរ។ វាអាចជាកង្វល់លើបញ្ហាក្រុមប្រមាញ់ក្មេងៗ ការប្រមាថមាក់ងាយ និងមាតិកាមិនសមរម្យមួយចំនួនទៀត»។
អ៊ីនស្ដាក្រាមត្រៀមដាក់ដំណើរការបណ្ដាញសង្គមដោយលើរូបភាពថ្មីសម្រាប់កុមារអាយុក្រោម ១៣ ឆ្នាំដោយមានការគ្រប់គ្រងពីអាណាព្យាបាល។
អ៊ីនស្ដាក្រាម ដែលជាឧបសម្ព័ន្ធរបស់ហ្វេសប៊ុក មិនខុសគ្នានោះទេ បានអនុញ្ញាតឱ្យក្មេងលើសអាយុ ១៣ ឆ្នាំចូលរួមលេង តែការដាក់អាយុលើអ៊ីនធឺណិតពិបាកនឹងតាមទាន់ល្បិចអ្នកល្មើសណាស់។
ស្ដ្រីអ្នកនាំពាក្យហ្វេសប៊ុក អ្នកស្រី ស្តេហ្វានី អ៊ុតវ៉េ បានឆ្លើយតបសំណួររបស់ AFP ថា៖ «ភាពជាក់ស្ដែងគឺថា កុមារសុទ្ធតែបានប្រើប្រាស់អ៊ីនធឺណិត»។
អ្នកស្រីបន្ថែមថា៖ «ពួកគេចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្ដភក្ដិ លេងសប្បាយ និងរៀនពីនេះពីនោះ ហើយយើងចង់ជួយពួកគេឱ្យសម្រេចបំណងប្រកបដោយសុវត្ថិភាព និងសមស្របតាមវ័យ»។
យោងតាមអ្នកស្រី អ៊ុតវ៉េ បានឱ្យដឹងថា ហ្វេសប៊ុកកំពុងធ្វើការជាមួយក្រុមជំនាញអភិវឌ្ឍន៍កុមារ និងសុខភាពផ្លូវចិត្ដដើម្បីផ្ដល់អាទិភាពលើសុវត្ថិភាព និងឯកជនភាព។
អ៊ីនស្ដាក្រាម ដែលមានអ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ថ្មីៗនេះ បានបង្ហាញបច្ចេកវិទ្យាថ្មី បំណងទប់ស្កាត់កុមារក្រោមអាយុកំណត់បង្កើតគណនី និងប្លុកមនុស្សពេញវ័យមិនឱ្យទាក់ទងអ្នកប្រើប្រាស់ក្មេងៗ ដែលមិនស្គាល់គ្នា។
ក្រុមហ៊ុនក៏មានបំណងធ្វើឱ្យមានការលំបាកចំពោះមនុស្សពេញវ័យ ដែលទំនងជាបានបង្ហាញចរិតមិនសមរម្យក្នុងការទាក់ទងក្មេងៗផងដែរ។ ក្រុមអ្នកការពារកុមារ នៅមិនទាន់ច្បាស់ចំពោះបណ្ដាញសង្គមដែលមានគោលដៅលើកុមារនេះនៅឡើយទេ។
លិខិតរបស់ពួកគេបានឱ្យដឹងថា៖ «កំណត់ត្រាតាមដានការកេងប្រវ័ញ្ចលើកុមាររបស់ហ្វេសប៊ុក និងធ្វើឱ្យពួកគេប្រឈមហានិភ័យធ្វើឱ្យក្រុមហ៊ុនមិនស័ក្ដិសមជាអ្នកគ្រប់គ្រងការចែករំលែករូបភាព និងសារសង្គមសម្រាប់កុមារឡើយ។ សរុបមក បណ្ដាញសង្គមអ៊ីនស្ដាក្រាមសម្រាប់កុមារនឹងផ្ដោតលើកុមារតូចៗដែលអាចងាយប្រឈមនឹងហានិភ័យខ្ពស់ ហើយក៏នឹងផ្ដល់អត្ថប្រយោជន៍តិចតួចក្រុមគ្រួសារផងដែរ»៕ HR