ភ្នំពេញ៖ ក្រោយពីបង្កើតប្រព័ន្ធគ្រប់គ្រងពេទ្យឌីជីថលគេហៅថា «ពេទ្យយើង» ដែលផ្ដល់ភាពងាយស្រួលពន្លឿនដំណើរការ និងផ្ដល់ភាពសុក្រឹតដល់ប្រតិបត្តិការតាមគ្លីនិក និងមន្ទីរពេទ្យនានា ដែលបច្ចុប្បន្នមានមន្ទីរពេទ្យរដ្ឋ និងឯកជនសរុបចំនួន ១២០ ក្នុងរាជធានីភ្នំពេញ និង ១២ ខេត្តបានប្រើវា ខណៈក្នុងពេលឆាប់ៗនេះក្រុមហ៊ុនហ្វឺសវីម៉ិនថេកអេស៊ា (First Womentech Asia Co.,LTD) នឹងបើកសម្ពោធជាផ្លូវការនូវកម្មវិធីគ្រប់គ្រង និងតាមដានសុខភាពរបស់អ្នកជំងឺគឺប្រភេទ e-Health Yoeung Card និងប្រភេទ e-Health Yoeung App នៅមន្ទីរពេទ្យអង្គឌួង។
បើតាមលោក ប៊ិន សុជាតិ ជាទីប្រឹក្សាគ្រប់គ្រងអាជីវកម្ម និងអ្នកនាំពាក្យនៃក្រុមហ៊ុន First Womentech Asia Co.,LTD (FWTA) បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «ក្រោយពីកម្មវិធី «ពេទ្យយើង» ជោគជ័យមក យើងក៏បានចំណាយពេលជាង ១ ឆ្នាំ ក្នុងការរិះរក និងច្នៃជាកម្មវិធីថ្មី ដែលពាក់ព័ន្ធនឹងតម្រូវការចាំបាច់បន្តទៀត គឺជាប្រយោជន៍ខាងសុខភាពមានឈ្មោះថា e-Health Yoeung ដែលយើងចាត់ទុកវាជា Super App មួយ ដែលជួយសម្រួលនៅក្នុងវិស័យសុខាភិបាល។ នៅសប្តាហ៍ទី២ ខែ មីនា ឆ្នាំ ២០២០ យើងនឹងបើកជាផ្លូវការនូវកម្មវិធី e-Health Yoeung នៅឯមន្ទីរពេទ្យអង្គឌួង។ សម្រាប់ e-Health Yoeung នេះមានជម្រើស ២ គឺទី១ ជាប្រភេទកាតពេទ្យយើង ឬ e-Health Yoeung Card សម្រាប់អ្នកជំងឺជាមនុស្សចាស់ និងក្មេងៗ ដែលមិនអាចប្រើទូរស័ព្ទស្មាតហ្វូន ដោយវានឹងអាចរក្សាទុកបានរាល់ប្រវត្តិជំងឺនានារបស់ម្ចាស់កាត និងទី២ គឺជា e-Health Yoeung App សម្រាប់អ្នកជំងឺប្រើទូរស័ព្ទស្មាតហ្វូនគឺអាចទាញយក App ឈ្មោះថា e-Health Yoeung App មកប្រើ ដែលវាក៏មានមុខងារដូចប្រភេទកាតដែរ»។
លោក ប៊ិន សុជាតិ បញ្ជាក់ពីសារប្រយោជន៍កម្មវិធីថ្មីនេះបន្តថា៖ «ទាំង e-Health Yoeung Card និង e-Health Yoeung App ដែលបានបង្កើតមកនេះ មានមុខងារច្រើនអាចជួយសម្រួលទាំងគ្រូពេទ្យ និងអ្នកជំងឺគឺអាចកត់ត្រា និងប្រាប់រាល់ទិន្នន័យប្រវត្តិជំងឺ គ្រប់គ្រង និងតាមដានពីសុខភាពអ្នកជំងឺនៅគ្រប់មន្ទីរពេទ្យ ឬគ្លីនិក ដែលប្រើប្រព័ន្ធ «ពេទ្យយើង»។ វាអាចជួយប្រាប់នូវកាលបរិច្ឆេទនៃការណាត់ជួបគ្នារវាងគ្រូពេទ្យ និងអ្នកជំងឺ អាចបានមុនពេលណាត់ជួបគ្នាចំនួន ២-៣ ថ្ងៃ និងអាចប្រាប់អំពីរបបអាហារនានាដល់អ្នកជំងឺទៀតផង»។
បើតាមលោក ប៊ិន សុជាតិ បង្ហើបឲ្យដឹង ពេលបច្ចុប្បន្ននេះ មានមន្ទីរពេទ្យ និងគ្លីនិកជាង ១២០ ទាំងពេទ្យរដ្ឋ និងឯកជន នៅក្នុងភ្នំពេញ និងខេត្ត ១២ ខេត្ត បានប្រើប្រព័ន្ធគ្រប់គ្រងពេទ្យឌីជីថលហៅថា «ពេទ្យយើង» ដោយពេទ្យរដ្ឋធំៗនោះ រួមមានមន្ទីរពេទ្យព្រះអង្គឌួង កុមារជាតិ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងគ្លីនិកឯកជនធំៗមួយចំនួន។
ក្រៅពីអត្ថប្រយោជន៍រក្សាទិន្នន័យគ្រប់គ្រង និងតាមដានសុខភាពអ្នកជំងឺនោះ ការប្រើ e-Health Yoeung ក៏អាចមានមុខងារជាភ្នាក់ងារទូទាត់ប្រាក់ចំណាយ ឬថ្លៃព្យាបាលនានា។ លោក ប៊ិន សុជាតិ បញ្ជាក់ថា៖ «យើងក៏បន្ថែមមុខងារមួយទៀតដែរទៅលើ e-Health Yoeung គឺអាចជួយសម្រួលក្នុងការទូទាត់លុយកាក់ថ្លៃព្យាបាលអ្នកជំងឺបាន ដូចជាប្រើប្រាស់កាត Master Card ឬ Visa Card ទូទាត់ប្រាក់ទិញទំនិញអ៊ីចឹងដែរ»។
ទន្ទឹមនឹងជោគជ័យលើការបង្កើត e-Health Yoeung ដែលនឹងបើកសម្ពោធជាផ្លូវការក្នុងសប្តាហ៍ទី២ នៅខែមីនា នេះ ក្រុមការងារក្រុមហ៊ុន (FWTA) ក៏មានឧបសគ្គមួយចំនួនបានជួប និងឧបសគ្គនឹងត្រូវជួបពេលខាងមុខ។
លោក ប៊ិន សុជាតិ លើកឡើងថា៖ «ក្រោយពីចំណាយពេលជាង ១ ឆ្នាំមកនេះ យើងក៏ជួបឧបសគ្គមួយចំនួនផងដែរ ដូចជាយើងត្រូវរិះរកបច្ចេកវិទ្យាណាថ្មីបំផុត សម្រាប់កសាងប្រព័ន្ធ App មានលក្ខណៈទំនើបទាន់សម័យ ហើយត្រូវប្រើទៅមានសុពលភាពយូរអាចបាន ៥-១០ ឆ្នាំ។ ចំណុចមួយទៀត ការលើកទឹកចិត្តពីមជ្ឈដ្ឋានមហាជន ចំពោះទេពកោសល្យនៃអ្នកបង្កើតជាខ្មែរ មិនសូវត្រូវបានគេឲ្យតម្លៃ ឬយល់ថា យើងជាខ្មែរអាចធ្វើបានទេគឺភាគច្រើនយល់ថា មានតែបរទេសប៉ុណ្ណោះ ទើបអាចធ្វើបាន ខណៈការពិតខ្មែរយើងក៏មានធនធានផ្នែកនេះ ដូចជាក្រុមហ៊ុន FWTA របស់ខ្ញុំអ៊ីចឹង គឺសុទ្ធតែមានបុគ្គលិកខ្មែរ ទាំងអស់គឺជាក្រុមការងារបង្កើតប្រព័ន្ធបច្ចេកទេសផ្នែកព័ត៌មានវិទ្យានេះ ដោយរួមមានអ្នកស្រី ប៉ុង លឹមសាន គឺជាអ្នកផ្តួចផ្តើមគំនិតដំបូង តាមរយៈកម្មវិធី «ពេទ្យយើង» ជាដើម រហូតមកដល់កម្មវិធីថ្មី e-Health Yoeung Card និង e-Health Yoeung App ផងដែរ។ ចំណែកចំណុចជាចុងក្រោយ យើងត្រូវខំព្យាយាមពន្យល់ និងណែនាំដល់បងប្អូនខ្មែរយើងឲ្យយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនេះដែរ ទើបយើងអ្នកបង្កើតមានទីផ្សារ ឬបានផលល្អពីការខំប្រឹងបង្កើត»៕