ភ្នំពេញ៖ បណ្តុំ​ស្នាដៃ​គំនូរ​ទោល​ចំនួន ​១៥ ផ្ទាំង ​របស់​វិចិត្រករ​ជា​​វិចិត្រករ ដែល​​ជា​និសិ្សត​ពេទ្យ​​លោក​ ហួរ សុបិន ​ធ្លាប់​ឈ្នះ​ការ​ប្រកួត​ប្រជែង​ទេព​កោសល្យ​គំនូរ​​ប្រចាំ​​​ឆ្នាំ​ ២០១៨ កំពុង​តែ​ប្រមែ​ប្រមូល​ស្នាដៃ​​​​ខ្លួន​តាំង​ពី​ចាប់​ផ្តើម​បង្កើត​​មក និង​បង្កើត​ថ្មី បាន​ដាក់​តាំង​​ពិព័រណ៍​​​​​នៅ​ឯ​​​វិចិត្រសាល​ Khbach​ Gallery តាំង​ពី​ដើម​​​ខែ​​ធ្នូ​ ឆ្នាំ ២០១៩ និង​បន្ត​រហូត​ដល់​ដាច់​ខែ​មករា​ ឆ្នាំ ​២០២០​។​

ខណៈ​សព្វ​ថ្ងៃ​ខ្លួន​ជា​និស្សិត​កំពុង​តែ​​​ចាប់​យក​ការ​សិក្សា​​ជំនាញ​​គិលានុបដ្ឋាក​មែន​ក្តី តែ​ទេពកោសល្យ​​​ជា​ដុង​ពី​កំណើត​បូក​ផ្សំ​នឹង​​ការ​ធ្លាប់​រៀន​សិល្បៈ​វិចិត្រកម្ម​ខ្លះ​ កាល​នៅ​រៀន​វិទ្យាល័យ​​នោះ បន្ត​ជំរុញ​​ទឹក​​ចិត្ត​ឲ្យ​លោក ហួរ សុបិន ចងក្រង​​ និង​ប្រមែ​ប្រមូល​​ស្នាដៃ​​សិល្បៈ​ខ្លួន​​ ត្រៀម​រៀបចំ​ដាក់​តាំង​ពិព័រណ៍​ទោល​​ជា​លើក​ដំបូង​របស់​ខ្លួន​ ដែល​​មាន​លក្ខណៈ​ជា​ស៊េរី​សម្រាប់​ឱកាស​ចុង​ឆ្នាំ ២០១៩ និង​បន្ត​ដល់​ដើម​ឆ្នាំ ​២០២០ ​តែ​ម្តង​។

ទោះបី​​ជា​មិន​សូវ​មាន​ពេល​​សម្រាប់​បង្កើត​ស្នាដៃ​គំនូរ​ច្រើន​មែន​​​ក្តី ក៏​​លោក ហួរ សុបិន នៅ​តែ​​​អាច​ឆ្លៀត​បង្កើត​ស្នាដៃ​គំនូរ​ប្រេង​​យ៉ាង​ល្អ​​​ស្អាត​ តាម​គំនិត​បែប​​​ស្រមើស្រមៃ​​ផ្ទាល់​ខ្លួន​​ ដោយ​​ឆ្លុះ​បញ្ចាំង​​​ពី​ទស្សនៈ​ ឬ​បង្កប់​ន័យ​​អប់រំ​ផ្នែក​​ណា​មួយ​នៅ​​ក្នុង​សង្គម​ដូច​​ជា​ស្នាដៃ​ចុង​ក្រោយ​​ខ្លះ​​ដូចជា​ស្នាដៃ​ឈ្មោះ​​​ថា «បើសិន​ជា​អតីតកាល​អាប់​រស្មី​ អនាគត​របស់​អ្នក​នឹង​ស្រស់​បំព្រង​» ស្នាដៃ​ឈ្មោះ​ «អ្នក​ការពារ» ស្នាដៃ​ ​«នាង​​ទេព​មច្ឆា​ដ៏​រីករាយ» ស្នាដៃ​ឈ្មោះ​ «ក្តី​ស្រមៃ»​​ ស្នាដៃ «ស្នាមញញឹម​របស់​ប្រជាជន​កម្ពុជា» ស្នាដៃ​ឈ្មោះ ​«បារម្ភ» ឈ្មោះ​ «ជីវិត​កំពុង​ស្ថិត​ក្នុង​ពិភព​បាត់បង់» ឈ្មោះ «ស្តេច​ដ៏​អស្ចារ្យ​ទាំង​បី​ព្រះអង្គ​» ឈ្មោះ ​«ពេល​វេលា» ឈ្មោះ ​«មិន​បោះបង់» និង​ស្នាដៃ​ឈ្នះ​ជយលាភី​ឆ្នាំ ​២០១៨ មាន​ឈ្មោះ​ថា «ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​​នាង​​ជ័យរាជទេវី»​។

ស្នាដៃឈ្មោះ«ក្តីស្រមៃ» និង​​​ «ទេពមច្ឆាដ៏រីករាយ»​ របស់​ ហួរ សុបិន​។ រូបថត សហ​ការី

លោក ហួរ សុបិន ជា​និស្សិត​រៀន​ជំនាញ​គិលានុបដ្ឋាក​​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មាន​វ័យ ២១ ឆ្នាំ ​មាន​​​​ស្រុក​កំណើត​នៅ​ ក្រុង​​សៀមរាប​ បង្ហើប​​​ពី​គម្រោង​រៀបចំ​ការ​បើក​​ពិព័រណ៍​ទោល​ខ្លួន​ខាង​​មុខ​​ថា៖ «​សម្រាប់​​​គម្រោង​​​​ពិព័រណ៍​ទោល​របស់​ខ្ញុំ​ នៅ​ថ្ងៃ​ខាង​​មុខ​នោះ គឺ​ខ្ញុំ​មាន​គម្រោង​ប្រមូល​ និង​បង្កើត​ស្នាដៃ​លក្ខណៈ​​ស៊េរី ហើយ​មាន​ចំនួន ​១៥ ផ្ទាំង​​​ ដើម្បី​ដាក់​​តាំង​​​ចុង​ឆ្នាំ​នេះ [ឆ្នាំ ​២០១៩]​​​ តែ​ម្តង​។​នេះ​​ជា​​ការ​បើក​តាំង​​​ពិព័រណ៍​​ស្នាដៃ​ទោល​​​ដំបូង​​ខ្ញុំ ​មាន​ទាំង​ស្នាដៃ​ចាស់ និង​​​បង្កើត​ថ្មី​​»។​

វិចិត្រករ​​ ហួរ សុបិន ក៏​បាន​ពន្យល់​អត្ថន័យ​ខ្លះ​នៃ​ស្នាដៃ​ខ្លួន​​​បន្ត​​​ថា​៖ «ដូចជា​ស្នាដៃ​គំនូរ​ឈ្មោះ​​ ​«នាង​ទេពមច្ឆា​​​ដ៏​រីករាយ» ​ស្តីពី​មច្ឆា​ដ៏​ស្រស់​ស្អាត​​បំផុត​ក្នុង​មហាសមុទ្រ​​ហើយ​​នាង​ក៏​​ទទួល​បាន​ការ​ស្រឡាញ់​យ៉ាង​ខ្លាំង​ពី​មនុស្ស​​គ្រប់​គ្នា។ ​ស្នាម​ញញឹម​​​​នាង​មាន​​តម្លៃ​​សម្រាប់​មនុស្ស​គ្រប់គ្នា​​ ហើយ​ក្តី​ស្រឡាញ់​​នាង​​គឺ​​ភ្លឺ​ជាង​​ព្រះអាទិត្យ។ ​ខ្ញុំ​ប្រើ​ពណ៌​ក្រហម ​តំណាង​ឲ្យ​​ក្តី​ស្រឡាញ់​​​​នាង​ដែល​​​ភ្លឺ​ដូច​ជា​ព្រះអាទិត្យ​​ ​ខណៈ​ពណ៌​ខៀវ​​​​តំណាង​ឲ្យ​ក្តី​សប្បុរស​​ដែល​ត្រជាក់​ដូច​ជា​​មហា​​សមុទ្រ និង​ពណ៌​បៃតង​ ​តំណាង​ឲ្យ​ជីវិត​ត្រូវ​ការ​ពន្លឺ និង​ទឹក​​​​​ដើម្បី​រស់នៅ​​។​​

រី​ឯ​ស្នាដៃ​​ស្តីពី ​«ក្តី​ស្រមៃ»​ ​​និយាយ​ពី​ការ​ស្រមៃ​​របស់​នារី​របាំ​ម្នាក់​ ដែល​​​ចង់​ក្លាយ​ជា​អ្នក​របាំ​ដ៏​​ជោគជ័យ​ និង​ល្បីល្បាញ​​ម្នាក់​ ដើម្បី​អភិរក្ស​​​​ក៏​ដូច​​ថែរក្សា​​វប្បធម៌​អរិយធម៌​ពី​ដូនតា និង​​​អ្វី​ដែល​នាង​​ស្រឡាញ់​​​យូរ​​​មក​ហើយ។ ​មិន​យូរ​ប៉ុន្មាន​ នាង​ក៏​ក្លាយ​ជា​នារី​របាំ​​ដ៏​ល្បី​​ម្នាក់​ កេរ្តិ៍ឈ្មោះ​​​នាង​​​ល្បី​​សុសសាយ​ដូចជា​មេអំបៅ​​ហើរ​​​​បាន​ខ្ពស់ នៅ​គ្រប់​ទី​​កន្លែង ​គឺ​ជា​​វប្បធម៌​ អរិយធម៌ ​ដែល​​ស្រឡាញ់​ និង​​ថែរក្សា​ឲ្យ​បាន​​យូរយារ​ហើយ និង​​​បាន​​សាយ​ភាយ​ដល់​ពិភព​​​លោក​ ធ្វើ​ឲ្យ​​មនុស្ស​ម្នា​បាន​​ស្គាល់​ប្រទេស​​​​​នេះ​​​​ កាន់​តែ​ច្បាស់​ ​និង​​ឆាប់​រហ័ស​លូត​លាស់​ ដូចជា​​ផ្កា​​ឈូក​ដ៏​កម្រ​មួយ»។

លោក ហួរ សុបិន (កណ្តាល)​​ ជាមួយនឹង​​ក្រុម​វិចិត្រករជើងចាស់​នៅ​ឯ​វិចិត្រ​សាល​ Kbach Gallery​។ សហ​ការី

លោក ហួរ សុបិន ដែល​មាន​បងប្អូន​បង្កើត ៤ នាក់ ​គឺ​សុទ្ធ​តែ​ប្រុស​នៅ​ក្នុង​គ្រួសារ មាន​ជីវភាព​មិន​សូវ​ធូរធារ​ទេ ខណៈ​ខ្លួន​ក៏​មាន​បង​ប្រុស​ចេះ​ជំនាញ​វិចិត្រកម្ម​នេះ​ដែរ តែ​គាត់​មិន​បាន​ចាប់​យក​ធ្វើ​ជា​អាជីព​​ចិញ្ចឹម​ជីវិត ហើយ​សម្រាប់​លោក​ជំនាញ​សិល្បៈ​គំនូរ និង​ពេទ្យ​គឺ​ស្រឡាញ់​ដូចគ្នា ទើប​ជា​ហេតុ​មិន​​អាច​​ឲ្យ​លោក​បោះចោល​ចំណែក​ណាមួយ​បាន​នោះ​ឡើយ​។

លោក​បាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​ស្នាដៃ​គំនូរ​​​​មួយ​ចំនួន​ ដែល​កំពុង​តែ​ដាក់​តាំង​នោះ​ថា​៖ «​ចំណោម​​​ស្នាដៃ​ទាំង ​១៥ ផ្ទាំង​នោះ គឺ​ភាគ​ច្រើន​នឹង​ត្រូវ​ដាក់​លក់​​ ដោយ​ខ្ញុំ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​បន្ថែម​នៅ​ដើម​ខែ​មករា ឆ្នាំ ​​២០២០ ​នេះ។ សម្រាប់​តម្លៃ​វិញ​ ​គឺ​មាន​ចន្លោះ​ពី ១ ​ផ្ទាំង ៣០០ ដុល្លារ រហូត​ដល់​ ១ ផ្ទាំង តម្លៃ ៣ ០០០ ដុល្លារ»៕​