ភ្នំពេញៈ ខណៈដែល​តារាម៉ូ​ដែល​ស្រី​វ័យក្មេង​ចូលប្រឡូក​សិល្បៈ​ស្របាលៗ​គ្នា​មួយ​ចំនួន បាន​វិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​តារា​សម្តែង​មាន​ទីផ្សារ​ក្នុង​វិស័យ​ភាពយន្ត​ស្ទើរ​អស់​គ្នា​ទៅ​ហើយ​នោះ ចម្លែក​អី​តែ​តារា​ម៉ូដែល​ស្រី​និយម​បង្ហាញ​ភាព​សិច​ស៊ី​ពី​សម្រស់​ខ្លួន នៅ​តាម​បណ្តាញ​សង្គម កញ្ញា ពីយ៉ា វេកា គឺ​ហាក់​ដូចជា​ពុំទាន់​ឃើញ​មាន​ផលិតកម្ម​ណាមួយ ហៅ​នាង​ថត​នៅ​ឡើយ គួរ​ឲ្យ​កើត​ក្តី​ងឿង​ឆ្ងល់​ពី​មហាជន។

បើ​មើល​ទៅតាម​ភិនភាគ និង​រូប​សម្ផស្ស​តារា​ម៉ូ​ដែល ចូលចិត្ត​លេង​ស្ទីល​បង្ហាញ​ពី​ភាព​សិច​ស៊ី ដែល​មាន​សម្រស់​ស្រស់​ស្អាត កញ្ញា ពីយ៉ា វេកា នោះ​គឺថា មិន​សម​ណា គ្មាន​ផលិតកម្ម​ភាពយន្ត​ហៅ​នាង​ថត​កុន​នោះ​ឡើយ។ ដូច្នោះ​ទើប​ចម្ងល់​ពី​មហាជន​បាន​លើក​ឡើង​ថា៖ «រូប​រាង​ស្រស់​ស្អាត និង​មាន​សម្រស់​សិច​ស៊ី​ប៉ុណ្ណឹង​ដែរ តើ​ហេតុ​អ្វី​បាន​ជា​កញ្ញា ពីយ៉ា វេកា មិន​ទាន់​មាន​ផលិតកម្ម​ណាមួយ​ហៅ​នាង​ទៅ​ថតអ៊ីចឹង? ឬក៏​មាន​ហេតុ​ផល​អ្វី​នៅ​ពី​ក្រោយ​នេះ បាន​ជា​កញ្ញា ពីយ៉ា មិន​ទាន់​មាន​ទីផ្សារ​ថត​កុន​ដូច​ជា​តារា​ស្រី​ម៉ូដែល​ស្របាល​គ្នា​ដូច​កញ្ញា ស៊ីស៊ី និង​កញ្ញា សុផា លីនដា ឬក៏​មក​ពី​នាង​ទារ​តម្លៃ​ខ្លួន​ថត​កុន​ខ្ពស់​ពេក​ទេ​ដឹង»?

ផ្ទុយទៅវិញ​ការដែល​មិន​បានឃើញ​វត្តមាន​ស្រី​ស្រស់ មានស្រុក​កំណើត​មកពី​ខេត្ត​កំពង់ចាម ដែល​ហ៊ាន​បង្ហាញ​ភាព​សិច​ស៊ី មិន​សូវ​ចាញ់​នឹង​តារា​សម្តែង​សិច​ស៊ី​ជា​រៀម​ច្បង កញ្ញា ពីយ៉ា វេកា បាន​បង្ហើប​ប្រាប់​ថា៖ «តាម​ពិត​ទៅ​មូល​ហេតុ​ដែល​មិន​ឃើញ​នាង​ខ្ញុំ​ថត​កុន​នឹង​គេ​នោះ មិន​មែន​មក​ពី​ខ្ញុំ​អត់​មាន​ទីផ្សារ​ថត​នោះ​ទេ គឺ​មក​ពី​ខ្ញុំ​មិន​ទាន់​មាន​ពេល​អាច​ទទួល​យក​រឿង​កុន​ពី​ផលិតកម្ម​ទាំង​នោះ​បាន​ទេ»។ «ទោះបី​ជា​នាង​ខ្ញុំ​ទើប​ប្រឡូក​សិល្បៈ​ប្រមាណ ២ ឆ្នាំ​មែន តែ​ចំពោះ​ទីផ្សារ​ថត​កុន​នោះ​គឺ​មិន​ខ្វះ​ឡើយ​គឺ​សម្បូរ​ផលិតកម្ម ហៅ​នាង​ខ្ញុំ​ទៅ​ថត​ដែរ តែ​ខ្ញុំ​គ្មាន​ពេល​សម្រាប់​ថត​ព្រោះ​រវល់​នឹង​ការងារ​ម៉ូដែល និង​ការងារ​ថត​ផ្សព្វផ្សាយ​ផលិតផល​ច្រើន​មិន​អាច​ដក​ឃ្លា​ទៅ​ថត​កុន​បាន»។

តារា​ម៉ូ​ដែល​ស្រី​ស្រស់ មាន​រាង​ស្រ​លូន និង​វ័យ ២៥ ឆ្នាំ គឺជា​កូនពៅ​ក្នុង​គ្រួសារ ដែល​មិន​មាន​សាច់​ឈាម​ជ័រ ជា​អ្នក​សិល្បៈ​សោះ រូប​នេះ​ក៏បាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា៖ «ដោយ​ឡែក​សម្រាប់​ការ​ថត​កុន នាង​ខ្ញុំ​ក៏​ធ្លាប់​បាន​ថត​កុន​ដុំ​ចំនួន ២ រឿង​មក​ហើយ​ដែរ។ គ្រាន់​តែ​សម្រាប់​កុន​ភាគ ឬ​កុន​ដុំ​ដែល​គេ​ហៅ​លើក​ក្រោយ​នេះ នាង​ខ្ញុំ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ថត​ប៉ុណ្ណោះ។ ខណៈ​តម្លៃ​ថត​កុន​វិញ ក៏​អត់​ទាមទារ​ខ្ពស់​ទេ។ យ៉ាងណា​ការងារ​សិល្បៈ​នាង​ខ្ញុំ​ស្រឡាញ់​ទាំង​អស់ ក៏​សង្ឃឹម​ថា នឹង​មាន​ពេល​វេលា​ថត​កុន​ពេល​ឆាប់ៗ​ខាង​មុខ»៕