ភ្នំពេញ៖​ ខណៈ​កម្មវិធី​មហោស្រព​​​​​រូបថត​​​ភ្នំពេញ​​នៅ​ឆ្នាំ​​នេះ​ ដែល​​ជា​ការ​ប្រារព្ធ​ខួប​ ១០ ឆ្នាំ ​នៃ​ការ​បង្កើត​ការ​តាំង​ពិព័រណ៍​រូបថត​នានា​របស់​សិល្បករ​នោះ​​ វិចិត្រ​សាល​ថ្មី​សន្លាង​​មួយ​ ក៏​​ត្រៀម​​ខ្លួន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​​​ ដើម្បី​​ដាក់​តាំង​ពិព័រណ៍​ជា​លើក​​​ដំបូង​​ នា​ល្ងាច​ថ្ងៃទី ​២៥ ខែ ​​តុលា ឆ្នាំ ​២០១៩​ ដែល​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​រក​​ទីផ្សារ​សម្រាប់​​​ជួយ​លក់​ស្នាដៃ​សិល្បករ​ និង​វិចិត្រករ​ផង​ដែរ​​។​

បើ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​វិចិត្រសាល​ស្រាអាត (Sra​ Art Gallery)​​ ​ប្រកាស​ជូន​ដំណឹង​ថា​​៖ «វិចិត្រសាល​ស្រាអាត មាន​​សេចក្តី​សោមនស្ស​សូម​គោរព​អញ្ជើញ​បងប្អូន​ទាំង​អស់​​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​​សម្រាប់​​ការ​បើក​សម្ពោធ​វិចិត្រសាល​របស់​យើង​ខ្ញុំ​ រួម​​ជាមួយ​នឹង​ការ​ប្រារព្ធ​ពិធី​គម្រប់​ខួប​លើក​ទី ​១០ របស់​​សមាគម​​រូបថត​ភ្នំពេញ​​ផង​ដែរ។ សូម​បងប្អូន​ទាំង​អស់​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​​ ដែល​នឹង​ចាប់​ផ្តើម​​ពី​ម៉ោង​​ ១៩:​០០​​ ថ្ងៃ​សុក្រ​​ ទី​ ​២៥​​ ខែ​តុលា​​ ដើម្បី​​ស្វែង​​យល់​អំពី​​ស្នាដៃ​សិល្បករ​ខ្មែរ​​ល្បីៗ​​​​​រួមមាន​​ដូចជា​ លោក កាក់ ​សុខភីរម្យ​ លោក ឃុន វណ្ណៈ​​ ​លោក ខ្វៃ សំណាង​​ លោក​ លឹម​ សុខចាន់លីណា លោក ម៉ក់ រ៉េមីស្សា លោក ​ម៉ិច​ សេរីរ៍ត្ន កញ្ញា នាក់ សុផល លោក ផា​ លីណា​ លោក​ សុវណ្ណ ភីឡុង​ និង​លោក សន សីហទិត្យ (ទី ទិត្យ) ​អម​ជាមួយ​នឹង​ស្នាដៃ​របស់​សិល្បករ​អន្តរជាតិ​ ​Anna Katharina Scheidegger​​»។​

រូប​​ជា​​ស្នាដៃ​លោក សុវណ្ណ ភីឡុង ​ក្រោម​ប្រធាន​បទស្តីពី​​ «ការប្រែប្រួល​អាកាសធាតុ» នឹង​តាំង​ពិព័រណ៍ថ្ងៃ​ទី ​២៥ ខែតុលា ។ រូប សហការី​

បើ​តាម​សម្តី​​​​បង្ហើប​ពី​លោក សុវណ្ណ ភីឡុង ជា​នាយក​រង​នៃ​សមាគម​​រូបថត​ភ្នំពេញ​ និង​ជា​សិល្បករ​ថតរូប​​​​​​ឆ្លង​​កាត់​បទពិសោធ​ច្រើន​​ឆ្នាំ​​មក​​ហើយ​នោះ​បាន​​​​ឲ្យ​​ដឹង​​​ថា៖ «​ស្រា​អាត​ ​គឺ​​ជា​វិចិត្រសាល​ថ្មី​ ទើប​បង្កើត​ឡើង​ដោយ​​ស្រ្តី​​​ខ្មែរ​កូន​កាត់​បារាំង​ ហើយ​​ក៏​បាន​ដាក់​កាល​បរិច្ឆេទ​បើក​ការ​សម្ពោធ​ជា​ផ្លូវ​ការ​ស្រប​ពេល​​ប្រារព្ធ​កម្មវិធី​មហោស្រព​រូបថត​ភ្នំពេញ​​ឆ្នាំ ​២០១៩​ ដែល​ជា​​ខួប​លើក​ទី ​១០ នេះ​តែ​ម្តង​។​ ​​វិចិត្រសាល​នេះ​ ក៏​បាន​​ជ្រើសរើស​យក​ស្នាដៃ​របស់​សិល្បករ​ខ្មែរ​ចំនួន​ ១០ រូប ដែល​​ ​១ ​រូប​មាន ​១ ​ផ្ទាំង​​ ខណៈ​​សិល្បករ​បរទេស​ម្នាក់​ជា​ជនជាតិ​ស៊្វីស​​​កញ្ញា​ Anna Katharina Scheidegger​ នឹង​​មាន​ការ​ដាក់​តាំង​ពិព័រណ៍​​រូបថត​ទោល​​របស់​គាត់​មាន​ចំនួន ​១០ ផ្ទាំង​​​​ ហើយ​​ការ​តាំង​ពិព័រណ៍​នឹង​បន្ត​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃទី ​២៦​ ខែ​វិច្ឆិកា​ ខាងមុខ»។​

មហោស្រព​នេះ​​ នឹង​រៀបចំ​​ដំណើរ​កម្សាន្ត​តាម​រ៉ឺម៉ក​កង់ ៣​ សម្រាប់​ភ្ញៀវ​ដែល​ចង់​ស្វែងរក​ទីតាំង​ផ្សេងៗ​នៃ​មហោស្រព​នេះ​​​ ​អម​​ដោយ​សិល្បករ​​ ខណៈ​​​​ទីតាំង​ ១១ ​កន្លែង ដែល​នឹង​​ចូលរួម​តាំង​បង្ហាញ​នៅ​ឆ្នាំ​នេះ​​​​មាន​​ដូចជា​ ជញ្ជាំង​ស្ថានទូត​​បារាំង វិទ្យាស្ថាន​បារាំង​នៅ​​កម្ពុជា តាម​ជញ្ជាំង​នៃ​ប្រតិភូ​សហភាព​​​អឺរ៉ុប​ប្រចាំ​កម្ពុជា ​វិទ្យាល័យ​​​​ព្រះស៊ីសុវត្ថិ នៅ​អនុវិទ្យាល័យ​​ចតុមុខ កោះពេជ្រ វិចិត្រសាល​ Java Creative Cafe វិចិត្រសាល​បណ្ណាគារ Independence Monument វិចិត្រសាល​ La Plantation វិចិត្រសាល​ Future Factory វិចិត្រសាល​ស្រាអាត​ (Sra''Art Gallery)និង​វិចិត្រសាល​​មជ្ឈមណ្ឌល​បុប្ផាណា​ (Bophana Center)។ ​ខណៈ​​​ឆ្នាំ​នេះ​ក៏​ជា​លើក​ទី ១ ​​​របស់​មហោស្រព​រូបថត​ភ្នំពេញ​​នឹង​​បើក​តាំង​ពិព័រណ៍នៅ​​វិចិត្រសាល​បាទ្យាសារេម (Batia ​Sarem) ​នា​​ថ្ងៃទី ២​ ខែ ​វិច្ឆិកា នៅ​​​ខេត្ត​សៀមរាប​។​

សកម្ម​ភាព​រៀបចំ​ដាក់​តាំង​ស្នាដៃ​របស់​សិល្បករនៅឯ​​វិចិត្រសាលស្រាអាត​​មុន​សម្ពោធ។ រូបថត ហ៊ាន រង្សី

សិល្បករ​ថតរូប និង​វិចិត្រករ​ចម្រុះ​​​ជាតិ​សាសន៍ និង​​ដោយ​មាន​​ជាតិ​​ខ្មែរ​ចំនួន ​១៣ រូប​ នៅ​ក្នុង​​ចំណោម​​សិល្បករ​សរុប​​​ ៤០​ ​រូប នឹង​ត្រូវ​បាន​យក​ទៅ​​ដាក់​តាំង​​បង្ហាញ​នៅ​ទីតាំង​ចំនួន ​​១១ កន្លែង​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​​ខេត្ត​សៀមរាប នា​ឱកាស​ប្រារព្ធ​​កម្មវិធី​មហោស្រព​​រូបថត​​ភ្នំពេញ​​​ឆ្នាំ​​នេះ ​ខណៈ​កម្មវិធី​សម្ពោធ​​​ចាប់​ពី​​​​​ថ្ងៃទី​ ២៤ ​ខែ ​តុលា ​បន្ត​រហូត​ដល់​ថ្ងៃទី​ ២៤ ខែ​ វិច្ឆិកា ឆ្នាំ ២០១៩​៕​