ភ្នំពេញ៖ គ្រាន់តែចូលដើមឆ្នាំ ២០២១ ភ្លាម តារាស្រីម៉ូដែល និងតារាសម្តែងកំពុងឡើងកូដកញ្ញា យ៉ែម ស្រីពេជ្រ ក៏ចាប់បានលាភធំភ្លែតក្លាយជាតួឯកស្រីក្នុងរឿង «គ្រោះជីវិតកូវីដ ១៩» របស់ផលិតកម្មកថាជ័យភាពយន្តរបស់លោក ហ៊ុយ យ៉ាឡេង។
តារាសម្តែង និងពិធីការិនីទូរទស្សន៍ ស្រីស្រស់កញ្ញា យ៉ែម ស្រីពេជ្រ អតីតជា Freshie Girl ឆ្នាំ ២០១៥ ដែលកំពុងមានទីផ្សារសម្តែងកុនភាគ និងកុនដុំ តាំងពីគ្រងតំណែងតួឯកស្រីរឿង «កូនក្រមុំលោកមេឃុំ» ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ស្រាប់តែសម្តែងពីភាពភ្ញាក់ផ្អើលពីការទទួលបានកាដូដើមឆ្នាំ ២០២១ ក្នុងការថតកុនដុំរឿង «គ្រោះជីវិតកូវីដ ១៩»។
តារាស្រីដែលមានរូបសម្រស់កាន់តែស្រស់ស្អាត គួបផ្សំជាមួយនឹងទេពកោសល្យសម្តែងរូបនេះ បានបង្ហើរសារតាមបណ្តាញសង្គមអ៊ីនស្តាក្រាមថា៖ «ដើមឆ្នាំថ្មី មានការងារខ្នាតធំថ្មី ប្រឹងធ្វើការទាន់ខ្លួននៅក្មេង» អមនឹងរូបថតពេលធ្វើពិធីក្រុងពាលី កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងមកនេះ។
ដើម្បីចង់ឱ្យជំងឺកូវីដ ១៩ ក្លាយជាមេរៀនចងចាំបែបលក្ខណៈប្រវត្តិសាស្ត្រសម្រាប់ពិភពលោក និងប្រទេសកម្ពុជា នាពេលនេះ លោក ហ៊ុយ យ៉ាឡេង បានប្រកាសថានឹងផលិតខ្សែភាពយន្តបែបអប់រំដែលមានចំណងជើងថា «គ្រោះជីវិតកូវីដ ១៩ » ស្តែងពីវិបត្តិធំៗដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បង្ហើបឱ្យដឹងថា៖ «ស្នាដៃនេះ មានរសជាតិច្រើន ដែលលាយឡំគ្នា យំ កម្សត់ និងលាយសំណើច ហើយរឿង «គ្រោះជីវិតកូវីដ ១៩» នេះក៏មានគម្រោងអាចនឹងដាក់បញ្ចាំងមុនចូលឆ្នាំខ្មែរឆ្នាំនេះផងដែរ ឬអាចក្រោយចូលឆ្នាំខ្មែរឆ្នាំនេះ គឺតាមភាពជាក់ស្តែង»។
ខ្សែភាពយន្តរឿង «គ្រោះជីវិតកូវីដ ១៩» ដែលនិយាយពីវិបត្តិកូវីដ ១៩ ទាំងនៅក្នុងប្រទេសកម្ពុជា និងពិភពលោក គ្រោងចាយទុនចំនួន ៧ ម៉ឺនដុល្លារ។ ភាពយន្តនេះផលិតឡើង ដើម្បីចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនៃជំងឺឆ្លង ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចនៃពិភពលោកទាំងមូល។ នេះបើតាមលោក ហ៊ុយ យ៉ាឡេង ជាផលិតករភាពយន្តផ្ទាល់ និងស្នាដៃរឿង «ដើម្បីកូន» បានប្រាប់ឱ្យដឹងថា ៖«គោលបំណងសំខាន់នៃការផលិតរឿងនេះ គឺដើម្បីចងក្រងឯកសារប្រវត្តិសាស្ត្រស្ដីពីវិបត្តិកូវីដ ១៩ ដែលបានកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ កុននេះប្រហែលគ្រោងថតពេល ១ ខែ និងចាយទុនថតប្រមាណ ៧ ម៉ឺនដុល្លារ នឹងក្លាយជាឯកសារដ៏សំខាន់មួយសម្រាប់ក្មេងជំនាន់ក្រោយ»៕